Jay Chou មុន​បាន​ច្រៀង ​គ្មាន​ផ្ទះ​នៅ ហូប​តែ​បាយ​សល់​ពី​គេ

  • 2015-03-20 17:06:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​តៃវ៉ាន់ Jay Chou និង​ភរិយា Hannah Quinlivan បាន​រៀបការ​ជាមួយ​គ្នា​៣​ដង​ម្ដង​នៅ​ប្រទេស​អង់គ្លេស ម្ដង​នៅ​តៃវ៉ាន់​ និង​ម្ដង​ទៀត​នៅ​ប្រទេស​អូស្ត្រាលី​ ប៉ុន្តែ​ក្នុង​អាពាហ៍ពិពាហ៍​ទាំង ៣លើក​នេះ Jay Chou មិន​បាន​អញ្ជើញ​អតីត​អ្នក​គ្រប់គ្រង Jacky Wu ឡើយ ដែល​នាំ​ឲ្យ​អ្នក​គ្រប់គ្រង​រូប​នេះ​ រិះគន់​ថា Jay Chou ជា​មនុស្ស​រមិលគុណ។

 

 

ឆ្លើយ​តប​​ការ​រិះគន់​នេះ​ មិត្តភ័ក្ដិ​ម្នាក់​​របស់ Jay Chou គឺ​តារា​ចម្រៀង Will Liu បាន​ចេញ​មុខ​និយាយ​ការពារ​មិត្ត​របស់​ខ្លួន ថា​នៅ​ពេល​ដែល Jay ចូល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ Alfaរបស់​លោក Jacky នៅ​ឆ្នាំ​២០០០ គេ​​​មិន​បាន​ធ្វើ​ជា​អ្នក​ចម្រៀង​ឡើយ គឺ​ត្រឹម​តែ​ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង និង​បទភ្លេង​តែ​ប៉ុណ្ណោះ ហើយ​ក៏​មិន​ដែល​ទទួល​ការ​បង្ហាត់បង្រៀន​ពី​ Jacky ដើម្បី​ក្លាយ​ជា​អ្នក​ចម្រៀង​ប៉ុប​​ដែរ។

 

Will បាន​បង្ហើប​ថា​​ពេល​នោះ Jay បាន​ទទួល​ប្រាក់​កម្រៃ​តិចតួច​បំផុត​ពី Jacky ដែល​មិន​គ្រប់គ្រាន់​សូម្បី​តែ​សម្រាប់​ទិញ​បាយ​ហូប។ មិត្តភ័ក្ដិ​ម្នាក់​នេះ​បាន​បន្ត​ទៀត​ថា​កាល​នោះ Jay ស្នាក់​នៅ​កន្លែង​ធ្វើ​ការ ប៉ុន្តែ​​តែងតែ​មក​ប្រើប្រាស់​បន្ទប់ទឹក​នៅ​ផ្ទះ​របស់​គេ​ជានិច្ច​ ព្រោះ​នៅ​ក្រុមហ៊ុន​ពិបាក​ពេក ហើយ​នៅ​ពេល​ថ្ងៃ​ Jay ហូប​តែ​បាយ​ចាន​ស្រាក់​សល់​ពី Will តែ​ប៉ុណ្ណោះ។ Jay Chou ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ ៣ឆ្នាំ ទម្រាំ​មាន​ឱកាស​ចេញ​អាល់ប៊ុម​ចម្រៀង​ផ្ទាល់​ខ្លួន។ ​ ​Will និយាយ​ថា “Jay មិនមែន​ជា​មនុស្ស​ឆ្មើង និង​រមិលគុណ​ឡើយ”។ លោក​បាន​លើក​ឧទាហរណ៍​ថា ក្រោយ​ពី​មាន​ឈ្មោះ​ល្បី Jay ​បាន​អញ្ជើញ​លោក​ឲ្យ​មក​​សម្ដែង​រឿង​ជាមួយ​គ្នា និង​បាន​ជួយ​ឧបត្ថម្ភ​លោក​ដើម្បី​បើក​កន្លែង​ហាត់​ប្រាណ​មួយ​ទៀត​ផង។

 

មក​ដល់​ពេល​នេះ​ Jay Chou បាន​ក្លាយ​ជា​តារា​ចម្រៀង​កំពូល​ម្នាក់​​នៅ​តៃវ៉ាន់ ក៏​ដូច​ជា​នៅ​អាស៊ី​ ហើយ​អាល់ប៊ុម​ចម្រៀង​របស់​គេ​អាច​លក់​ដាច់​ជាង ៣០លាន​បន្ទះ​ហើយ​ជុំវិញ​ពិភពលោក។ គេហទំព័រ Channelnewsasia​បាន​ចុះ​ផ្សាយ​នៅ​ឆ្នាំ​២០១៥​នេះ​ថា តារា​វ័យ ៣៦ឆ្នាំ​រូប​នេះ មាន​ទ្រព្យ​សម្បត្តិ​សរុប​ជាង ១៥៨លាន​ដុល្លារ ៕

 

Jay Chou និង Will Liu 

ចុចអាន៖៥​យ៉ាង​ ​អ្នក​គាំទ្រ​​គួរ​ដឹង​ពី​ភរិយា​​​ស្រស់​ស្អាត​របស់ Jay Chou

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ jaynestars
អត្ថបទថ្មី