តារា​​ល្បី​ៗ ១០រូប ដែល​ភ្ជាប់​ពាក្យ និង​រៀបការ​ជាមួយ​គូ​ស្នេហ៍​ភេទ​ដូច​គ្នា

  • 2015-05-27 17:24:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហា​រវាង​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា គឺ​មិន​មែន​ជា​រឿង​ប្លែក​ទៀត​ឡើយ​​សម្រាប់​ពិភពលោក​នា​ពេល​បច្ចុប្បន្ន។ នៅ​អង់គ្លេស អាពាហ៍ពិពាហ៍​សម្រាប់​មនុស្ស​ភេទ​ដូច​គ្នា​ត្រូវ​បាន​ផ្ដល់​សិទ្ធ​ស្រប​ច្បាប់​កាល​ពី​ឆ្នាំ​មុន ហើយ​នៅ​សហរដ្ឋ​អាមេរិក ត្បិត​តែ​មិន​មែន​រដ្ឋ​ទាំង​អស់ ប៉ុន្តែ​មាន​រដ្ឋ​ភាគ​ច្រើន​ហើយ​ដែល​​ទទួល​ស្គាល់​អាពាហ៍ពិពាហ៍​បែប​នេះ​ដោយ​ស្រប​ច្បាប់។

 

សិល្បករ សិល្ប​ការិនី​ជា​ច្រើន​បាន​ចេញ​មុខ​លាត​ត្រដាង​ពី​ចំណង​ស្នេហ៍​ភេទ​ដូច​គ្នា​របស់​ពួក​គេ​ដោយ​មិន​លាក់លៀម ហើយ​ខាង​ក្រោម​នេះ គឺ​ជា​តារា​ ១០គូ​ដែល​បាន​ភ្ជាប់​ពាក្យ រៀបការ​ និង​កំពុង​កសាង​គ្រួសារ​យ៉ាង​មាន​សុភមង្គល​ជាមួយ​ដៃ​គូ​ស្នេហា​ភេទ​ដូច​គ្នា៖​​

 

១. Cheyenne Jackson និង Jason Landau

 

 

តារា​ចម្រៀង និង​សម្ដែង Cheyenne Jackson និង​គូ​ស្នេហ៍​ជា​​អ្នក​ជំនួញ Jason Landau បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​មុខ​ភ្ញៀវ​កិត្តិយស​ចំនួន ២០០នាក់ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤ ក្រោយ​ពី​បាន​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​នៅ​ខែ​កុម្ភៈ ឆ្នាំ​នោះ។

 

២. Neil Patrick Harris និង David Burtka

 

 

នៅ​ពេល​អាពាហ៍ពិពាហ៍​រវាង​ភេទ​ដូច​គ្នា​បាន​ក្លាយ​ជា​រឿង​ស្រប​ច្បាប់​នៅ​ទីក្រុង​ញីវយ៉ក កាល​ពី​ឆ្នាំ​២០១១ ពិធីករ​ល្បី NPH និង​ដៃ​គូ David Burtka ក៏​បាន​ប្រកាស​ពី​ការ​ភ្ជាប់​ពាក្យ​របស់​ពួក​គេ​តាម​បណ្ដាញ Twitter។ តែ​ការ​ពិត​ពួក​គេ បាន​ភ្ជាប់​ពាក្យ​ស្ងាត់​ៗ​ជាមួយ​គ្នា ៥ឆ្នាំ​មក​ហើយ​មុន​ការ​ប្រកាស​នេះ។ នៅ​ខែ​កញ្ញា ឆ្នាំ​២០១៤ អ្នក​ទាំង​ពីរ​ក៏​បាន​រៀបការ​ជាមួយ​គ្នា ហើយ​បច្ចុប្បន្ន​ពួក​គេ​ជា​ឪពុក​របស់​កូន​ភ្លោះ​ពីរ​នាក់​ឈ្មោះ​ Gideon និង Harper។

 

៣. Elton John និង David Furnish

 

 

បន្ទាប់​ពី​រួមរស់​ជាមួយ​គ្នា​រយៈ​ពេល ៩ឆ្នាំ អ្នក​និពន្ធ​ចម្រៀង​អង់គ្លេស Elton John និង​ផលិតករ​ភាពយន្ត បាន​រៀប​ការ​ជាមួយ​គ្នា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៤ ក្រោយ​អាពាហ៍ពិពាហ៍​សម្រាប់​មនុស្ស​ភេទ​ដូច​គ្នា​ត្រូវ​បាន​ទទួល​ស្គាល់​ស្រប​ច្បាប់​នៅ​អង់គ្លេស។ ពួក​គេ​មាន​កូន​ចិញ្ចឹម​ពីរ​នាក់។

 

៤. Ellen DeGeneres និង Portia de Rossi

 

 

ពិធីការិនី​ល្បី​អាមេរិក Ellen DeGeneres និង​តារា​សម្ដែង​អូស្ត្រាលី Portia de Rossi បាន​រៀប​ការ​ជាមួយ​គ្នា កាល​ពី​ឆ្នាំ​២០០៨។ ក្រោយ​ពី​បាន​ទៅ​លេង​ផ្ទះ​របស់ Portia នៅ​អូស្ត្រាលី Ellen បាន​សរសេរ​លើ​បណ្ដាញ Twitter ថា "ខ្ញុំ​ធ្លាប់​ឮ​គេ​ថា​ប្រជាជន​អូស្ត្រាលី​គឺ​ជា​មនុស្ស​អស្ចារ្យ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក​ហើយ។ អរគុណ អូស្ត្រាលី។ ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​រៀបការ​ជាមួយ​មនុស្ស​ម្នាក់​ក្នុង​ប្រទេស​អ្នក"។

 

៥. Melissa Etheridge និង Linda Wallem

 

 

អ្នក​និពន្ធ​ចម្រៀង​អាមេរិក Melissa Etheridge បាន​លាតត្រដាង​ពី​ការ​ភ្ជាប់​ពាក្យ​របស់​ខ្លួន​ជាមួយ​ដៃ​គូ ​ស្នេហា Linda Wallem អំឡុង​ពេល​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ CNN កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣។ អ្នក​ទាំង​ពីរ​បាន​រៀប​ការ​ជាមួយ​គ្នា​នៅ​ខែ​ឧសភា ឆ្នាំ​២០១៤ គឺ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ពួក​គេ​ទាំង​ពីរ​ឈាន​ចូល​វ័យ ៥៣ឆ្នាំ។

 

៦. Jesse Tyler Ferguson និង Justin Mikita

 

 

តារា​សម្ដែង​អាមេរិក Jesse Tyler Ferguson និង​មិត្ត​ប្រុស​ជា​មេធាវី Justin Mikita បាន​ប្រកាស​ពី​ការ​ភ្ជាប់​ពាក្យ​របស់​ពួក​គេ តាម​រយៈ​វីដេអូ​អប់រំ​មួយ កាល​ពី​ឆ្នាំ​២០១២ ហើយ​ក៏​បាន​រៀប​ការ​ជាមួយ​គ្នា​ នៅ​ខែ​កក្កដា ឆ្នាំ​២០១៣។

 

៧. Nate Berkus និង Jeremiah Brent

 

 

អ្នក​ច្នៃ​ម៉ូដ​សំលៀកបំពាក់ Nate Berkus បាន​សុំ​មិត្ត​ប្រុស​របស់​ខ្លួន Jeremiah Brent រៀប​ការ​ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៣ អំឡុង​ពេល​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ប៉េរូ ជាមួយ​គ្នា។ ពួក​គេ​បាន​រៀបការ​ជាមួយ​គ្នា​នៅ បណ្ណាល័យ NY Public នៅ​ខែ​ឧសភា ឆ្នាំ​២០១៤។

 

៨. Lance Bass និង Michael Turchin

 

 

តារា​ចម្រៀង សម្ដែង និង​ផលិតករ​ភាពយន្ត​អាមេរិក Lance Bass និង​មិត្ត​ប្រុស Michael Turchin បាន​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ បន្ទាប់​ពី​ទាក់ទង​គ្នា​បាន​រយៈ​ពេល​ជិត ២ឆ្នាំ។ ពួក​គេ​បាន​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​នៃ​ការ​ភ្ជាប់​ពាក្យ នៅ​ឆ្នាំ​២០១៤។

 

៩. Chely Wright និង Lauren Blitzer

 

 

តារា​ចម្រៀង​ចង្វាក់ Country អាមេរិក Chely Wright បាន​រៀបការ​ជាមួយ​ដៃគូ Lauren Blitzer នៅ​ផ្ទះ​របស់​ពួក​គេ ក្នុង​រដ្ឋ Connecticut កាល​ពី​ខែ​សីហា ឆ្នាំ​២០១១។ ពួក​គេ​មាន​កូន​ភ្លោះ​ប្រុស ពីរ​នាក់​ជាមួយ​គ្នា។

 

១០. Ryan Murphy និង David Miller

 

 

ផលិតករ​ភាពយន្ត​អាមេរិក Ryan Murphy និង​គូ​ស្នេហ៍ David Miller បាន​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​២០១១ បន្ទាប់​ពី​ស្គាល់​គ្នា​រយៈ​ពេល ១៥ឆ្នាំ។ ពួក​គេ​បាន​រៀបការ​ជាមួយ​គ្នា​ស្ងាត់​ៗ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១២ ហើយ​បច្ចុប្បន្ន​មាន​កូន​ប្រុស​ពីរ​នាក់​ជាមួយ​គ្នា ៕

 

ចុចអាន៖តារា​​ល្បី​ៗ​ ១០គូ​ ដែល​រៀបការ​ជាមួយ​គ្នា​ដោយ​លួចលាក់

ចុចអាន៖ចំណង​ស្នេហ៍​តារា​ល្បី​ៗ ​ក្លាយ​ជា​ប្ដី​ប្រពន្ធ​មែនទែន​ក្រោយ​សម្ដែង​រឿង​រួម​គ្នា

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ popsugar