១០​យ៉ាង​ ​គួរ​ដឹង​ពី​កីឡាករ​​ចំណូល​ថ្មី​ Liverpool ជម្រើស​ជាតិ​ប្រេស៊ីល Firmino

  • 2015-06-26 14:00:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​ហង្ស​ក្រហម​ Liverpool បាន​​ប្រកាស​​​​​ទិញ​​បាន​​តារា​វ័យ​ក្មេង​​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ Roberto Firmino របស់​ Hoffenheim ​កាល​ពី​​ថ្ងៃ​ពុធ​​ នូវ​​តម្លៃ​ថ្លៃ​បំផុត​ទី​២ ក្នុង​​ប្រវត្តិសាស្ត្រ​ក្លិប​ ២៩​លាន​ផោន​ (ជាង​៤៥,៦​លាន​​ដុល្លារ) ហើយ​កីឡាករ​រូប​នេះ នឹង​ពាក់​អាវ​លេខ​១១ នា​រដូវ​កាល​ថ្មី​​។

 

 

Firmino ​ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ភារកិច្ច​​ ជាមួយ​​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល កំពុង​លេង​ Copa America នៅ​ប្រទេស​ឈីលី ​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​ក្លាយ​ជា​តារា​លេចធ្លោ​មួយ​រូប​​នា​ពេល​ខាង​មុខ និង​ជឿ​ថា ការ​ទិញ​កីឡាករ​​ជម្រើស​ជាតិ​សាំបា​ របស់​ហង្ស​ក្រហម​មួយ​នេះ ជា​ការ​ទិញ​ចូល​ដ៏​ល្អ​បំផុត​​មួយ ដែល​​អាច​ជួយ​ឲ្យ​ក្លិប​រីក​ចម្រើន​ជាង​មុន​បាន។

 

ខាង​ក្រោម​នេះ គឺជា​រឿង​១០​យ៉ាង​ ដែល​អ្នក​គួរ​តែ​ស្វែង​យល់​​ពី​កីឡាករ ដែល​នឹង​បង្ហាញ​មុខ​នៅ​ English Premier League នា​រដូវ​កាល​ថ្មី​២០១៥/១៦៖

 

១. ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ Firmino ​កើត​ថ្ងៃ​ទី​​០២ ខែ​តុលា ឆ្នាំ​១៩៩១ ​នា​ទីក្រុង​ Maceio ​ប្រទេស​ប្រេស៊ីល។ ​ថ្ងៃ​ខែ​កំណើត​របស់​កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ គឺ​ដូច​ទៅ​នឹង​វីរបុរស​ប្រេស៊ីល​លោក​ Mario Zagallo ​ដែល​ធ្លាប់​ជួយ​ឲ្យ​ប្រេស៊ីល លើក​ពាន​ World Cup ៣​សម័យ​កាល (​កីឡាករ​២​ដង, គ្រូ​បង្វឹក​១​ដង)។ ​ចៃដន្យ​ផង​ដែរ ថ្ងៃ​ខែ​កំណើត​នេះ ក៏​ដូច​ទៅ​នឹង​មេ​ដឹក​នាំ​​​​ដ៏​ល្បី​​ និង​ជា​បិតា​សន្តិភាព​ឥណ្ឌា​ មហាត្មះគន្ធី ​ផង​ដែរ។

 

២. ការ​ចាប់​ផ្តើម​អាជីព៖ Firmino ចាប់​ផ្ដើម​អាជីព​ជា​កីឡាករ​បាល់ទាត់​ដំបូង ​លេង​ជា​ខ្សែ​បម្រើ​ការពារ​ ឲ្យ​ក្លិប​នៅ​​ស្រុក​កំណើត Clube de Regatas Brasil ​មុន​ពេល​ផ្ទេរ​ទៅ​ក្លិប​ Figueirense ​វ័យ​១៧​ឆ្នាំ។ ​នៅ​ឆ្នាំ​២០១០ ខ្សែ​បម្រើ​រូប​នេះ ​បាន​​ជាប់​ឈ្មោះ​លេង​នៅ​ឈុត​ធំ​ក្រុម Figueirense ​ហើយ​​១​រដូវ​កាល​ដំបូង​ Firmino ជួយ​ឲ្យ​ក្រុម​ឡើង​ពី​ក្របខ័ណ្ឌ Serie B ទៅ Serie A ​លើក​ដំបូង​ បន្ទាប់​ពី​ខក​ខាន​នៅ​លីក​កំពូល​២​ឆ្នាំ។

 

​​៣. គ្រាប់​ដំបូង​នៅ​អឺរ៉ុប៖ ​រក​គ្រាប់​បញ្ចូល​ទី​ដំបូង​នៅ​អឺរ៉ុប ​គឺ​ជា​គ្រាប់​បាល់​ជ័យ​ជម្នះ​ជួយ​ឲ្យ​ក្រុម​ Hoffenheim ​ឈ្នះ​ Eintracht Frankfurt ១-០ ​នៅ​ Bundesliga។

 

 

៤. ​ត្រូវ​ក្លិប​បញ្ឈរ​ជើង៖ Firmino ត្រូវ​បាន​ក្លិប ​Hoffenheim​ បញ្ឈរ​ជើង​​​​​ម្ដង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១១ ​ដោយសារ​រឿង​​យឺត​យ៉ាវ​អត់​បាន​ទៅ​ហ្វឹកហាត់។

 

៥. Idol របស់​ខ្លួន៖ Idol របស់​ Firmino ​តាំង​ពី​តូច​មក​គឺ​ Ronaldinho ប៉ុន្តែ​រូប​គេ​ក៏​ធ្លាប់​និយាយ​ថា ចូល​ចិត្ត​ស្ទីល​លេង​របស់​ Ronaldo, Romario និង​ Rivaldo ផង​ដែរ។

 

៦. ​ឈ្នះ​ពាន​រង្វាន់​ល្អ​ឯក​ជន៖ ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ ធ្លាប់​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឲ្យ​ជាប់​ក្នុង​ពាន​រង្វាន់​ ‘Breakthrough of the Year’  របស់​លីក​កំពូល​អាល្លឺម៉ង់ ​កាល​រដូវ​កាល​២០១៣/១៤​ បន្ទាប់​ពី​ស៊ុត​បាន​១៦​គ្រាប់ និង​ assists ​១២​ដង ក្នុង​ការ​បង្ហាញ​ខ្លួន​ ​៣៣​ប្រកួត​​ជាមួយ​ក្រុម​ Hoffenheim។

 

៧. ​សុខភាព​ល្អរឹងមាំ៖ កីឡាករ​ប្រេស៊ីល​រូប​នេះ មាន​សុខភាព​ល្អ​ណាស់ និង​បញ្ហា​របួស​ស្ទើរ​តែ​គ្មាន​សោះ ដោយ​នៅ​ Bundesliga ​មាន​៣៤​ប្រកួត រូប​គេ​លេង​បាន​ដល់​ទៅ ៣៣​ប្រកួត​សម្រាប់ ​៣​រដូវ​កាល​ចុង​ក្រោយ​នេះ។

 

៨. តម្លៃ​ថ្លៃ​ដាច់​គេ​នៅ​អាល្លឺម៉ង់៖ ​តម្លៃ​ផ្ទេរ​ទៅ Liverpool ២៩​លាន​ផោន ឬ​៤១​លាន​អឺរ៉ូ (ជាង​៤៥,៦​លាន​​ដុល្លារ) ​គឺជា​តម្លៃ​ថ្លៃ​ខ្ពស់​ដាច់គេ​នៅ​​ក្នុង​ប្រវត្តិសាស្ត្រ លីក​កំពូល​អាល្លឺម៉ង់ Bundesliga។

 

៩. ធ្លាប់​​​ទៅ​លេង​នៅ​ឥណ្ឌា៖ Firmino ធ្លាប់​ទៅ​លេង​នៅ​ប្រទេស​ឥណ្ឌា​១​ប្រកួត ​ពេល​ដែល​ក្រុម​ Hoffenheim ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ទេសចរណ៍ ​និង​យក​ឈ្នះ​លើ​ក្រុម​ Mizoram All-Stars XI ៣-០។

 

 

១០. ​អ្នកគាំទ្រ​ប្រេស៊ីល​ស្រលាញ់​ខ្លាំង៖ កីឡាករ​វ័យ​ក្មេង​រូប​នេះ បាន​​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ប្រេស៊ីល​ស្រលាញ់​ខ្លាំង​ តាំង​ពី​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​​ លើ​​ក្រុម​​អូទ្រីស​ កាល​ឆ្នាំ​មុន​ ជួយ​ឲ្យ​ប្រេស៊ីល​ឈ្នះ​ ២-១ ក្នុង​ការ​ប្រកួត​មិត្តភាព។ Firmino ជាប់​ជម្រើស​ជាតិ​លើក​ដំបូង​កាល​ឆ្នាំ​២០១៤ និង​ស៊ុត​បាន​៤​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​៩​ប្រកួត​ឲ្យ​សាំបា។

 

 

 

​​ក្រៅ​ពី​ចំណុច​ខាង​លើ​​នេះ​ ម្ដាយ​របស់ ​Firmino អ្នក​ស្រី Cícera ​​ធ្លាប់​បាន​ប្រាប់​ដល់​ទូរទស្សន៍​ក្នុង​ស្រុក​ថា កាល​នៅ​តូច​​កូន​អ្នក​ស្រី​ធ្លាប់​គេង​ឱប​បាល់ ​និង​លួច​ចេញ​ទៅ​ហ្វឹក​ហាត់​តាំង​ពី​ម៉ោង ០៥:០០​នាទី​ព្រឹក ​​ដោយ​សារ​ចង់​លេង​បាល់​ខ្លាំង។

 

រីឯ​​គ្រូ​បង្វឹក​របស់​ Firmino ដំបូង​បង្អស់ លោក​ Guilherme Farias ​ធ្លាប់​និយាយ​កាល​ពី​ដើម​ខែ​នេះ​ថា ​មាន​គ្រា​មួយ ដោយសារ​តែ​ឪពុក​របស់​ខ្លួន​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ និង​ម្ដាយ​ជា​មេ​ផ្ទះ ធ្វើ​ឲ្យ​គ្រួសារ​របស់​កីឡាករ​រូប​នេះ​ខ្វះ​ខាត​យ៉ាង​ខ្លាំង ដល់​ថ្នាក់​ Firmino​ ខ្ចី​លុយ​របស់​លោក​ ពេល​ទៅ​ហ្វឹក​ហាត់​ម្តងៗ​ក៏​មាន។

 

​យ៉ាង​ណា​មិញ យើង​នឹង​ចាំ​មើល​វាសនា​របស់​​កីឡាករ​រូប​នេះ នៅ​ទឹក​ដី​អង់គ្លេស​ជាមួយ​នឹង​ក្រុម​ហង្ស​ក្រហម នឹង​ទៅ​ជា​យ៉ាង​ណា​ទៀត នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ៕

 

ចុះ​ប្រិយមិត្ត​ជឿ​ថា Firmino ​នឹង​លេង​បាន​ល្អ ឬ​អត់​នៅ​ Liverpool?

 

-ចុចអាន៖ Ronaldinho៖ Firmino& Coutinho ​ខ្សែ​បម្រើជា “ក្ដី​សុបិន” ​​សម្រាប់​ខ្សែ​ប្រយុទ្ធ​ Liverpool

-ចុចអាន៖ Liverpool ព្រមព្រៀង​ទិញ Firmino ​តម្លៃ​ថ្លៃ​បំផុត​ទី​២ ​ប្រវត្តិសាស្ត្រ​​ក្លិប

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ mirror, sportskeeda, wikipedia