​ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​​អ្វី​ខ្លះ​កើត​ឡើង​សប្ដាហ៍​មុន?

  • 2014-10-13 16:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិភពលោក​បច្ចុប្បន្ន​កំពុង​មាន​បញ្ហា​ជា​ច្រើន​កើត​ឡើង​ចាក់ស្រែះ​យ៉ាង​ជ្រៅ ដែល​ធ្វើ​ឲ្យ​​ប្រទេស​នានា​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ខាង​ក្រោម​នេះ​គឺ​ជា​ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ ដែល​កើត​ឡើង​ក្នុង​សប្ដាហ៍​កន្លង​ទៅ៖ ​​

 

១. ចិន​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​លេខ​១ លើ​លោក

 

(០៩ តុលា ២០១៤) អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​​បញ្ចេញ​ទិន្នន័យ​ចុង​ក្រោយ បង្ហាញ​ថា​យក្ស​កុម្មុយនិស្ត​អាស៊ី​ចិន​បាន​ផ្ដួល​អាមេរិក​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក ក្រោយ​ពី​សហរដ្ឋ​អាមេរិក​កាន់កាប់​តំណែង​កំពូល​នេះ​អស់​រយៈពេល ១៤២​ឆ្នាំ​មក។ ​ទំហំ​សេដ្ឋកិច្ច​ចិន​បាន​កើន​ឡើង​ដល់ ១៧៦១០ពាន់​លាន​ដុល្លារ លើស​ទំហំ​សេដ្ឋកិច្ច​អាមេរិក​ដែល​មាន​ត្រឹម ១៧៤០០​ពាន់​លាន​ដុល្លារ។ (ចុចអានលម្អិត)

 

២. វិបត្តិ​អេបូឡា

 

(១២ តុលា ២០១៤) ​អេបូឡា​បាន​ឆក់​យក​ជីវិត​ជនជាតិ​អាមេរិក​ទី​មួយ ចំណែក​ឯ​នៅ​អឺរ៉ុប​វិញ​កំពុង​មាន​ភាព​វឹកវរ​ដោយ​សារ​វត្តមាន​មេរោគ​កំណាច​នេះ​ក្នុង​ប្រទេស​អេស្ប៉ាញ។ ទិន្នន័យ​ចុង​ក្រោយ​បំផុត​របស់​អង្គការ​​​សុខភាព​ពិភពលោក(WHO) កាល​ពី​ចុង​សប្ដាហ៍​បាន​បង្ហាញ​ថា ជន​រង​គ្រោះ​ដែល​​ស្លាប់​ដោយ​អេបូឡា​កើន​ឡើង​ដល់ ៤០៣៣​នាក់ ឯ​អ្នក​ឆ្លង​មេរោគ​កំណាច​នេះ​មាន​ចំនួន ៨៣៩៩​នាក់។ ​​​​(ចុចអានលម្អិត)

 

៣. ការ​បាត់​ខ្លួន​មេដឹកនាំ​វ័យ​ក្មេង​របស់​កូរ៉េខាងជើង ​

 

មេ​ដឹកនាំ​វ័យ​ក្មេង​របស់​កូរ៉េខាងជើង គីម ជុងអ៊ុន

 

(១០ តុលា ២០១៤) មេ​ដឹកនាំ​វ័យ​ក្មេង​របស់​កូរ៉េខាងជើង គីម ជុងអ៊ុន បាន​បាត់​ខ្លួន​យ៉ាង​អាថ៌កំបាំង សូម្បី​ខួប​លើក​ទី​ ៦៩​នៃ​កំណើត​គណបក្ស​ពលករ​កូរ៉េ​ខាង​ជើង ដែល​ជា​ព្រឹត្តិការណ៍​សំខាន់​បំផុត​ប្រចាំ​ប្រទេស​ក៏​ពុំ​មាន​វត្តមាន​លោក​ដែរ។ រហូត​មក​ដល់​ពេល​នេះ​មិន​មាន​បណ្ដាញ​សារព័ត៌មាន​ណា​អាច​ប្រមាញ់​បាន​ពី​ដំណឹង​របស់​មេដឹកនាំ​វ័យ ៣១​ឆ្នាំ​នេះ​ទេ។ ការ​បាត់​ខ្លួន​ដោយ​មិន​ដឹង​មូលហេតុ​នេះ ​នាំ​ឲ្យ​មាន​ការ​សន្និដ្ឋាន​​ផ្សេង​ៗ​គ្នា​ថា លោក គីម ជុងអ៊ុន អាច​ឈឺ​ធ្ងន់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ណាមួយ ឬ​អាច​ត្រូវ​គេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង។ (ប្រភពៈ CNN)​​​​

 

៤. មហា​បាតុកម្ម​នៅ​ហុងកុង

 

(១០ ១០ ២០១៤) បន្ទាប់​ពី​​គម្រោង​ចរចា​ជាមួយ​រដ្ឋាភិបាល​ចិន​បរាជ័យ មេដឹកនាំ​ក្រុម​បាតុករ​ហុងកុង​ដែល​គាំ​ទ្រ​ប្រជាធិបតេយ្យ បាន​អំពាវនាវ​ហៅ​សមាជិក​ទាំង​អស់​ឲ្យ​ចូលរួម​ធ្វើ​មហា​បាតុកម្ម​សា​ជា​ថ្មី។ ការ​ប្រមូល​ផ្ដុំ​គ្នា​ម្ដង​ទៀត​កាល​ពី​យប់​ថ្ងៃ​សុក្រ បាន​ទាក់ទាញ​ក្រុម​បាតុករ​ប្រមាណ ១៥០០០​នាក់​ឲ្យ​ចូលរួម​តវ៉ា​ប្រឆាំង​នឹង​ការ​លូក​ដៃ​ពី​សំណាក់​មហា​បក្ស​កុម្មុយនិស្ត​ចិន ក្នុង​ការ​ជ្រើស​រើស​មេដឹកនាំ​ហុងកុង​ឆ្នាំ ២០១៧​ខាង​មុខ។ ​(ចុចអានលម្អិត)​​​

 

៥. វិបត្តិ​ពួក​រដ្ឋ​ឥស្លាម​ជ្រុលនិយម​នៅ​ស៊ីរី

 

ការ​ប្រយុទ្ធគា្ន​នៅ​ជិត​ទីក្រុង Kobane ប្រទេស​ស៊ីរី

 

(១២ ១០ ២០១៤) កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ រដ្ឋ​មន្ត្រី​ការពារ​ជាតិ​នៃ​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា ទីក្រុង Kobane ភាគ​ខាង​ជើង​ស៊ីរី កំពុង​ជួប​គ្រោះ​ថ្នាក់​ខ្លាំង ដោយ​សារ​កង​ទ័ព​រដ្ឋ​ឥស្លាម​កំពុង​វាយ​សន្ធាប់​ដណ្ដើម​យក​ទីតាំង។ ជីវិត​មនុស្ស​ប្រមាណ​ជាង ៥០០​នាក់ បាន​បាត់​បង់​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​មួយ​ខែ​ចុង​ក្រោយ​នេះ។ (ប្រភព៖ BBC )

 

៦. ម្ចាស់​ជំនួយ​អន្តរជាតិ​បរិច្ចាគ​​ប្រាក់ ៥,៤ ពាន់​លាន​ដុល្លារ​ជួយ Gaza ​​

 

(១២ ១០ ២០១៤) កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះដែរ ម្ចាស់​ជំនួយ​អន្តរជាតិ​បាន​រួម​គ្នា​បរិច្ចាគ​ប្រាក់ ៥,៤ពាន់​លាន​ដុល្លារ​​ជួយ​ស្ថាបនា​តំបន់ Gaza Strip ឡើង​វិញ បន្ទាប់​ពី​រង​គ្រោះ​ដោយ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កង​ជីវពល​ហាម៉ាស និង​អ៊ីស្រាអែល​បាន​បញ្ចប់។ ប្រទេស​កាតារ​នាំ​មុខ​គេ ដោយ​​សន្យា​ផ្ដល់​ជំនួយ ១​ពាន់​លាន​ដុល្លារ ឯ​សហរដ្ឋអាមេរិក​២១២​លាន​ដុល្លារ និង​សហគមន៍​អឺរ៉ុប ៥៦៩​លាន​ដុល្លារ បូក​រួម​នឹង​ប្រទេស​មួយ​ចំនួន​ទៀត៕ (ប្រភព៖ channelnewsasia)​​

 

 ចិន​វ៉ា​ដាច់​អាមេរិក​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ធំជាង​គេ​លើ​លោក៖ ចុចអាន

 

ជនជាតិ​អាមេរិកទី១​បាន​ស្លាប់​ដោយ​អេបូឡា​ ខណៈ​​អេស្ប៉ាញ​កំពុង​វឹកវរ​៖ ចុចអាន

 

ដោយ៖ គង់ វិសាល