UN ថា​ពិភព​លោក​នឹង​អស់​ជំងឺ​អេដស៍​នៅ​​ឆ្នាំ​២០៣០

  • 2015-07-15 16:15:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ពិភព​លោក​នឹង​លុប​បំបាត់​ជំងឺ​អេដស៍​អស់​នៅ​ឆ្នាំ​២០៣០"។ នេះ​​ជា​ការ​ថ្លែង​​​របស់​​លោក ​​បាន​ គី​ម៉ូន​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ នា​​សន្និសីទ​ហិរញ្ញវត្ថុ​​​ក្នុង​​​ប្រទេស​អេត្យូពី​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ​។

 

 

​យោង​តាម​សេចក្ដី​ថ្លែង​ការ​របស់​​​លោក ​បាន​ គី​ម៉ូន​ បាន​ឲ្យ​ដឹង​ថា ​គោលដៅ​អភិវឌ្ឍ​សហស្សវត្ស​​របស់​អង្គការ​សហប្រជាជាតិ​​ គឺ​​​លុប​បំបាត់​ការ​​បន្ត​រីក​រាល​ដាល​នៃ​ជំងឺ​អេដស៍។ នៅ​ឆ្នាំ​២០៣០​ UNAIDS នឹង​បញ្ចប់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​សង្គម​មួយ​នេះ​ទាំង​ស្រុង​ តាម​រយៈ​​ផ្ដល់​ជា​សេវា​ការពារ ព្យាបាល និងគាំទ្រ​។

 

ដោយ​ឡែក​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ សមិទ្ធផល​ដែល​សម្រេច​បាន​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ បាន​កាត់​បន្ថយ​បាន​ការ​ចម្លង​មេរោគ​អេដស៍​ពី​ម្ដាយ​ទៅ​កូន​បាន​៥៨​ភាគរយ​​ ​គិត​ចាប់​ពី​ឆ្នាំ​២០០១​​ដល់​ឆ្នាំ​២០១៤​​​។​​​ អត្រា​អ្នក​ស្លាប់​ដោយ​ជំងឺ​អេដស៍​​បាន​ថយ​ចុះ​​​ជាង​៤០​ភាគ​រយ​ ហើយ​ការ​ឆ្លង​មេរោគ​ហ៊ីវ​ថ្មី​គឺ​ធ្លាក់​ចុះ​​៣៥​ភាគរយ​​ ​ពោល​គឺ​នៅ​សល់​​ចំនួន​​២​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​​ត្រឹម​ឆ្នាំ​២០១៤។

 

 

បច្ចុប្បន្ន​មាន​អ្នក​​កើត​ជំងឺ​អេដស៍​ចំនួន​១៥លាន​នាក់ដែល​កំពុង​ទទួល​ថ្នាំ​ពន្យារជីវិត​ កើន​ឡើង​ខ្លាំង​បើ​ធៀប​ទៅ​ឆ្នាំ​២០០០ ដែល​មាន​តែ​៧០ម៉ឺន​នាក់។  យ៉ាង​ណា​ក្ដី ក៏​មាន​ការ​ព្រមាន​ផង​ដែរ​ថា​​ជាង​ពាក់​កណ្ដាល​នៃ​អ្នក​កើត​ជំងឺ​អេដស៍​៣៧លាន​នាក់ មិន​បាន​ទទួល​ថ្នាំ​ពន្យារជីវិត​នោះ​ទេ៕

 

ចុច​អាន៖ ប្រជាជន​ចិន​នាំ​គ្នា​ផ្ដិត​មេ​ដៃ ដេញ​ក្មេង​កើត​អេដស៍​ចេញ​ពី​ភូមិ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖​dailymail ​​​​​​​​ ​​​​​​​​​​​​​​​​​​