​តារា​សម្ដែង​ស្រី​ថៃ​ ១០ រូប​ដែល​ស៊ី​ថ្លៃ​ខ្ពស់​បំផុត​សម្រាប់​រឿង​មួយ​ភាគ

  • 2015-10-05 17:05:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​ខ្លួន​សម្រាប់​រឿង​មួយ​ភាគ​របស់​តារា​សម្ដែង​តែង​តែ​ជា​ប្រធាន​បទ ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​​ក៏​ដូច​ជា​អ្នក​គាំទ្រ​​ចង់​ដឹង​ចង់​ឮ។ ទោះ​បី​ជា​វិស័យ​ភាពយន្ត​ថៃ​មាន​ភាព​រីក​ចម្រើន​​ក៏​ពិត​មែន តែ​បើ​យក​ទៅ​ផ្ទឹម​​នឹង​វិស័យ​ភាពយន្ត​ក្នុង​បណ្ដា​ប្រទេស​អាស៊ី​ដទៃ​ទៀត​ ដូច​ជា​ កូរ៉េ ចិន ឬ ជប៉ុន គឺ​មិន​ទាន់​អាច​ប្រៀប​ផ្ទឹម​​គ្នា​បាន​នៅ​ឡើយ​។ អាស្រ័យ​ហេតុនេះ​ តម្លៃ​ខ្លួន​របស់​ពួក​គេ​ក៏​មិន​អាច​ស្មើ​តារា​ប្រទេស​ទាំង​នោះ​បាន​ដែរ។ យ៉ាងណា​​ក៏​ដោយ សម្រាប់​តារា​ជួរ​មុខ​របស់​ប្រទេស​ថៃ តម្លៃ​ខ្លួន​ពួក​គេ​នៅ​តែ​ខ្ពស់​បើ​ប្រៀប​ធៀប​នឹង​​អ្នក​ធ្វើ​ការ​ទូទៅ។

 

 

ខាង​ក្រោម​នេះ​​ជា​តារា​សម្ដែង​ស្រី​ទាំង ១០ ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​ក្នុង​រឿង​មួយ​ភាគ​៖

 

១. Aum Patchrapa

 

 

កំពូល​តារា​សម្ដែង Aum Patchrapa ជា​តារា​​​លំដាប់ A របស់​ប្រទេស​ថៃ និង​ទទួល​ថត​រឿង​តិច​បំផុត។ តែ​ឥទ្ធិពល​របស់​នាង​គឺ​គ្រប​ដណ្ដប់​ទូទាំង​ប្រទេស​ថៃ​ទាំង​មូល។ តម្លៃ​ខ្លួន​របស់​តារា​វ័យ ៣៦ ឆ្នាំ​​រូប​នេះ គឺ ២០ ម៉ឺន​បាត (៥៤០០ ដុល្លារ)។

 

២. Chompoo Araya

 

 

​លេខ​ពីរ​ក្នុង​តារាង​នេះ​គ្មាន​អ្នក​ណា​ផ្សេង​ក្រៅ​ពី​តារា​សិចស៊ី Chompoo Araya ឡើយ។ ទោះ​បី​ជា​ល្បី​ឈ្មោះ​ដល់​អន្តរ​ជាតិ ប៉ុន្តែ​តម្លៃ​ខ្លួន​​ជា​មធ្យម​របស់ Araya បាន​ត្រឹម​តែ​ពាក់​កណ្ដាល​របស់ Aum Patchrapa តែ​ប៉ុណ្ណោះ នោះ​គឺ ១០ ម៉ឺន​បាត​ (២៧០០ ដុល្លារ​)។

 

៣. Ann Thongprasom

 

 

Ann Thongprasom ត្រូវ​បាន​ប្រជាជន​ថៃ​ទទួល​ស្គាល់​ថា​ជា​រាជិនី​រឿង​ភាគ​។ នៅ​ពេល​ដែល​និយាយ​ដល់​តារា​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់ ឈ្មោះ​របស់ Ann តែង​តែ​​​​ត្រូវ​បាន​រំឮក​​ជា​ហូរ​ហែ។ មហាជន​ថៃ គោរព បុគ្គលិក​លក្ខណៈ​​របស់ Ann ដោយ​សារ​​តែ​ តាំង​ពី​ឈាន​​ជើង​ចូល​វិស័យ​សិល្បៈ​អស់​រយៈពេល​ជាង​ ២៦ឆ្នាំ​ មក​នេះ នាង​មិន​ដែល​មាន​រឿង​អាស្រូវ​អ្វី​នោះ​ទេ។ ទោះ​បី​ឥលូវ​បាន​ក្លាយ​ជា អ្នក​ដឹក​នាំ​សម្ដែង​ហើយ​ក៏​ដោយ Ann នៅ​តែ​ទទួល​សម្ដែង​រឿង​ដើម្បី​​ឲ្យ​អ្នក​គាំទ្រ​​របស់​ខ្លួន​បាន​ទស្សនា។ ក្នុង​មួយ​ភាគ Ann ទទួល​បាន ៨ ម៉ឺន​បាត (២២០០ ដុល្លារ)។

 

៤. Nune Woranuch

 

 

ក្រោយ​ពេល​រៀប​អាពាហ៍ពិពាហ៍​រួច​មក តារា​សម្ដែង Nune Woranuch លែង​ទទួល​ថត​រឿង​​ទៀត​ហើយ។ នាង​​គ្រាន់តែ​ទទួល​ថត​ពាណិជ្ជកម្ម និង​ចូល​រួម​កម្មវិធី​ផ្សេងៗ​តែ​ប៉ុណ្ណោះ។ តម្លៃ​ខ្លួន​ជា​មធ្យម​របស់ Nune គឺ ៨ ម៉ឺន​បាត (២២០០ ដុល្លារ)។

 

៥. Ploy Chermarn

 

 

ដូច​គ្នា​នឹង​តារា​សម្ដែង​ទាំង​ពីរ​ខាង​លើ​ដែរ Ploy Chermarn ទទួល​បាន​តម្លៃ​ខ្លួន ៨ ម៉ឺន​បាត​ដែរ។ ជា​មួយ​ទេពកោសល្យ និង​សម្រស់​របស់​​ខ្លួន Ploy អាច​នឹង​​​​​លើក​តម្លៃ​ខ្លួន​ឲ្យ​ខ្ពស់​ជាង​នេះ​ទៀត។

 

៦. Aff Taksaorn

 

 

ដោយ​មាន​សម្រស់​​​ជា​កូន​ថៃ​ចំ​គ្មាន​កាត់​សាសន៍​ណា​ទាំង​អស់ បូក​រួម​ជា​មួយ​នឹង​ចរិត ស្លូត​បូត Aff Taksaorn តែង​តែ​បាន​​គេ​ប្រគល់​ឲ្យ​ដើរ​តួ​ឯក​ក្នុង​រឿង​ភាគ​បុរាណ​ជានិច្ច​។ ទោះ​បី​ជា​ឥលូវ​នេះ​កំពុង​សម្រាក​ដើម្បី​មើល​ថែ​កូន​តូច តែ Aff នៅ​តែ​បាន​គេ​អញ្ជើញ​ឲ្យ​ថត​រឿង​ក្នុង​តម្លៃ​ខ្លួន ៧៥០០០ បាត​ក្នុង​រឿង​មួយ​ភាគ (ប្រហែល២០០០ ដុល្លារ)។

 

៧. Janie Thienphosuwan

 

 

ទោះ​បី​​ជា Janie Thienphosuwan ធ្លាប់​មាន​រឿង​អាស្រូវ​​ជាច្រើន​ក៏​ពិត​មែន តែ​នាង​នៅ​តែ​ជា​តារា​ជួរ​មុខ​របស់​ប្រទេស​ថៃ​ដដែល។ តម្លៃ​ខ្លួន​របស់ Janie ​សម្រាប់​រឿង​មួយ​ភាគ​គឺ ៧៥០០០ បាត។

 

៨. Pancake Khemanit

 

 

Pancake Khemanit នៅ​តែ​ជា​តារា​លំដាប់ A របស់​ភាពយន្ត​ថៃ​ដដែល បើ​ទោះ​ជា​មិន​សូវ​ទទួល​ថត​រឿង​ក៏​ដោយ។ Pancake ទទួល​បាន​តម្លៃ​ខ្លួន ៧ម៉ឺន​​បាត​ (១៩០០ ដុល្លារ) ក្នុង​រឿង​មួយ​ភាគ។

 

៩. Min Peechaya

 

 

Min Peechayaក៏​ជា​តារា​​សម្ដែង​មួយ​រូប​ដែល​ត្រូវ​គេ​សរសើរ​ដោយ​ចរិត​លក្ខណៈ​របស់​ខ្លួន​​ដែរ។ ដោយ​សារ​តែ​មាន​សម្រស់​ស្អាត​និង​​ចរិត​ល្អ​ ហេតុ​នេះ​អ្នក​ដឹក​នាំ​សម្ដែង​ជា​ច្រើន​ចូល​ចិត្ត​សហការ​ជាមួយ Min។ Min ទទួល​បាន​ ៥ ម៉ឺន​បាត ( ១៤០០ ដុល្លារ) ក្នុង​រឿង​មួយ​ភាគ។

 

១០. Yaya Urassaya

 

 

ចុង​បញ្ចប់​គឺ​ជា​ឈ្មោះ​របស់​តារា​សម្ដែង​ដែល​មាន​វ័យ​ក្មេង​ជាង​គេ Yaya Urassaya។ Yaya មាន​អ្នក​គាំទ្រ​ភាគ​ច្រើន​ជា​មិត្ត​ៗ​យុវវ័យ​។ Yaya នឹង​​ឈាន​ទៅ​រក​ចំណុច​ថ្មី​មួយ​ទៀត​ក្នុង​​អាជីព​​ជា​តារា​សម្ដែង​របស់​​ខ្លួន នៅ​ពេល​ដែល​មាន​ឈ្មោះ​ក្នុង​តារាង​​តារា​មាន​​តម្លៃ​​ខ្លួន​ខ្ពស់​ជាង​គេ​​ក្នុង​វ័យ​ទើប​តែ ២២ ឆ្នាំ។ Urassaya ទទួល​បាន ៤៥០០០ បាត (១២០០ ដុល្លារ) ក្នុង​រឿង​មួយ​ភាគ៕

 

ចុចអាន៖តារា​​សម្ដែង​ប្រុស ​ស្រី​ថៃ​ល្បី​ៗ​១០​រូប​ដែល​ជា​​​កូន​កាត់​​អាស៊ី​និង​អឺរ៉ុប​

ចុចអាន៖ធ្លាយ​តម្លៃ​ខ្លួន​ថត​ពាណិជ្ជកម្ម​របស់​តារា​កូរ៉េ ​ដែល​​អ្នក​អាច​​នឹក​​ស្មាន​មិន​ដល់

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ newsen