​លោក​តា​វ័យ​៨៤ឆ្នាំ​ ស្ម័គ្រ​មើល​ថែ​ប្រពន្ធ​ឈឺ​ជាង​៥៦ឆ្នាំ ក្រោម​សារ​គួរ​ឲ្យ​រំជួលចិត្ត​

  • 2015-11-20 18:52:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​តា​​​​​​​ជនជាតិ​ចិន​​វ័យ​៨៤ឆ្នាំម្នាក់​​ មក​ពី​ភូមិ​​ដាច់​ស្រយាល​មួយ​ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​រំជួល​ចិត្ត និង​កោត​សរសើរ​ជា​ខ្លាំង​ ក្រោយ​បាន​បង្ហាញ​ក្ដី​ស្រលាញ់​​ពិត​​​ក្នុង​ការ​​មើលថែ​​ប្រពន្ធ​ឈឺ​ដេក​នឹង​កន្ទេល​អស់​រយៈពេល​ជាង ៥៦​ឆ្នាំ​កន្លង​ទៅ។ គូស្នេហ៍​យាយ​តា​បាន​រៀប​ការ​​ជាមួយ​គ្នា​បាន​តែ​៥ខែប៉ុណ្ណោះ លោក​យាយ​ជា​ប្រពន្ធ​ក៏​ចាប់​ផ្ដើម​ធ្លាក់​ខ្លួន​ឈឺ​តែ​ម្ដង។

 

  លោក​តា Du Yuanfa ​ជា​កសិករ​​រស់​នៅ​ភូមិ Sunjiayu ខេត្ត​សានទុង ភាគ​ខាងកើត​ប្រទេស​ចិន បាន​បោះ​បង់​ការ​ងារ​ជា​​អ្នក​ជីក​រ៉ែ​ត្បូង ​ដើម្បី​​​យកពេល​មើល​ថែ​​ប្រពន្ធ​​ឈ្មោះ​ Zhou Yu'ai ​ទាំង​ថ្ងៃ​ទាំង​យប់ បន្ទាប់​ពី​លោក​យាយ​ក្លាយ​ជា​មនុស្ស​​ពិការ ក្នុង​ឆ្នាំ ១៩៥៩។​​

 

​​លោក​តា Du អាយុ ៨៤​ឆ្នាំ និង​លោកយាយ Zhou អាយុ​៧៦ឆ្នាំ បាន​រៀបការ​នៅ​អាយុ ២០ឆ្នាំ។ ​រៀបការបានត្រឹម៥ខែ​ លោក​យាយ​បាន​កើត​ជំងឺ​អាថ៌កំបាំង​មួយ​​​ធ្វើ​ឲ្យ​​កម្រើក​លែង​រួច​​តាំង​ពី​ពេល​នោះ​តែ​ម្ដង​។

 

ខណៈ​យាយ​ធ្លាក់​ខ្លួន​ឈឺ​​ធ្ងន់ធ្ងរ​ភ្លាម លោក​តា Du ​បាន​កំពុង​​តែ​ជីក​រ៉ែ​ នៅ​ក្បែរ​ទីក្រុងTai'an និង​ត្រូវ​បាន​គ្រួសារ​ផ្ញើ​សំបុត្រ​ប្រាប់​​យ៉ាង​ខ្លី​ថា ​«ប្រពន្ធ​តា​ឈឺ​ធ្ងន់ ដេក​នឹង​កន្ទេល​ហើយ»។ ភ្លាមៗ​​ក្រោយ​ទទួល​ដំណឹង​នេះ តា​បាន​ចាកចេញ​​ពី​កន្លែងធ្វើការ និង​ត្រលប់​មក​ផ្ទះ​យ៉ាង​ប្រញាប់​បំផុត។ ពេល​មកដល់​ផ្ទះ​ ក៏​ឃើញ​ប្រពន្ធ​ដេក​នឹង​កន្ទេល​ដណ្ដប់​ភួយ​បាត់​ទៅ​ហើយ សូម្បី​តែ​ការងារ​យាយ​ធ្លាប់​ធ្វើ​ជាប្រចាំ​ក៏​ធ្វើ​លែង​កើត​ដែរ។ លោក​តា​​ប្រាប់​ថា ប្រពន្ធ​គាត់​រឹង​គ្រប់​សរសៃ​មិន​អាច​កម្រើក មិន​អាច​កាន់​របស់​នឹង​ដៃ រួម​ទាំង​ស្លាប​ព្រា​ពិសា​​អាហារ​ផង។​​​​

 

  ​​​​ដោយ​មើល​ឃើញ​បែប​នេះ ​លោក​តា​បាន​ដាក់​យាយ​លើ​កៅអី​រុញ ​ដើរ​ស្វែង​រក​​មន្ទីរ​ពេទ្យ​ពិគ្រោះ​យោបល់​អស់​ជា​​ច្រើន​កន្លែង​ដែរ​។ តែ​លទ្ធផល​ចេញ​មក​​ថា លោក​យាយ​​​​មិន​អាច​កម្រើក​បាន​វិញ​ទេ ហើយ​ត្រូវ​ពិការ​ដេក​នឹង​កន្ទេល​អស់​មួយ​ជីវិត។

 

​លោក​តា​បន្ត​ ​មិត្តភ័ក្ដិ​​ជាច្រើន​នាក់​បាន​ប្រាប់​គាត់​ឲ្យ​បោះបង់​យាយ​ចោល​​ ទៅ​​ស្វែង​រក​ជីវិត​ថ្មី​ ជាមួយ​ប្រពន្ធ​ថ្មី​ទៅ ​តែ​លោកតា​បាន​បដិសេធ។ លើស​ពី​នេះ​​ លោក​តា​បាន​ប្រាប់​យាយ​កំពុង​ឈឺ​​ថា «​កុំ​បារម្ភ​អី ខ្ញុំ​នឹង​មើលថែ​យាយ​វា​ឯង​ជា​រៀង​រហូត​ទាល់​ខ្ញុំ​អស់​ជីវិត»។ ​លោក​ទាំង​ពីរ បច្ចុប្បន្ន​​រស់​នៅ​ក្នុង​ផ្ទះ​តម្រៀប​ដុំ​ថ្ម ​​តាម​បែប​សាមញ្ញ និង​ដាំ​ថ្នាំ​បុរាណ​ចិន​ពិសា​តាម​បែប​ប្រពៃណី​ និង​ឡើង​ភ្នំ​ស្វែង​រក​​ថ្នាំ​ផ្សេងៗ​ ពេល​​ឮ​គេ​ប្រាប់​ថា​​​អាច​ផឹក​ស្រួល​ខ្លួន។

 

មក​ទល់​ពេល​នេះ អាជ្ញាធរ​ប្រចាំ​តំបន់ បាន​ចុះ​​ឈ្មោះ​លោក​ទាំង​ពីរ​ក្នុង​បញ្ជី សម្រាប់​​​ជួយ​ពី​សប្បុរស​ជន​ហើយ៕

 

 

 

  ចុចអាន៖ រំភើប​ចិត្ត! លោកតា​ឈរ​កាន់​បាច់​ផ្កា ទទួល​លោក​យាយ​នៅ​ព្រលាន​យន្តហោះ

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ dailymail