៨ចំណុច​គួរ​ស្វែង​យល់​​​​ ​សម្រាប់​អ្នក​ចង់​ធ្វើ​ដំណើរ​ក្រៅ​ប្រទេស​តែ​​​​ម្នាក់ឯង​

  • 2015-12-21 20:59:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្វើ​ដំណើរ​កម្សាន្ត​​ទៅ​បរទេស​ មិន​ថា​ប្រទេស​​ឆ្ងាយ ឬ​ប្រទេស​ជិត​ក្បែរ​ខាង​នោះ​ទេ អ្នក​ចាំ​បាច់​រៀប​ចំ​​ឲ្យ​បាន​ល្អ ដើម្បី​​ទទួល​បាន​ដំណើរ​កម្សាន្ត​​លំហែ​កាយ​ដ៏​រីក​រាយ​ក្នុង​ជីវិត។ ការ​​ស្វែង​យល់​ពី​​កន្លែង​ដែល​អ្នក​ត្រូវ​ទៅ ការ​រៀប​ចំ​​ឯកសារ និង​ថវិកា​​គ្រប់​គ្រាន់ ជា​រឿង​មួយ​មិន​អាច​ខ្វះ​បាន។ ខាង​ក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួន​ដែល​គួរ​ត្រៀម​ខ្លួន​សម្រាប់​ដំណើរ​កម្សាន្ត​រីករាយ​នោះ។​​​

 

១. ស្វែង​រក​​យល់​ព័ត៌មាន​​​​ពី​​​ទី​តាំង​​​ត្រូវ​ទៅ​

 

ដំណើរ​​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​តែ​ម្នាក់​​ឯង​ ត្រូវ​ប្រាកដ​ថា​អ្នក​យល់​​ដឹង​ និង​ស្គាល់​​ច្រើន​​ពី​តំបន់​​ភូមិសាស្ត្រ​​ដែល​​ត្រូវ​ទៅ។ កន្លែង​ស្នាក់​នៅ ភោជនីយដ្ឋាន កន្លែង​​ទេសចរណ៍ តំបន់​គួរ​ប្រុង​ប្រយ័ត្ន​​មួយ​ចំនួន​នៅ​ទី​នោះ​។​ អ្នក​ក៏​គួរ​សួរ​ព័ត៌មាន​មួយ​ចំនួន​ពី​បង​ប្អូន មិត្តភ័ក្ដិ ឬ​អ្នក​ដែល​ធ្លាប់​ទៅ​ក្រៅ​ប្រទេស​នោះ។ ដូច​នេះ​អ្នក​​អាច​រៀប​ចំ​ពី​គម្រោង​​កាល​វិភាគ​​សម្រាប់​កន្លែង​ទៅ​ដើរ​លេង​បាន​ល្អ។​​

 

 

 

២. បើក​មើល​ព័ត៌មាន​ទាក់​ទង​​កន្លែង​ដែល​ត្រូវ​ទៅ​

 

​ដឹង​ពី​​ព័ត៌មាន​ថ្មី​ៗ ទាក់​ទង​នឹង​​អាកាស​ធាតុ ព័ត៌មាន​សន្តិសុខ​ អំពី​​​​​​​​​​តំបន់​រមណីយដ្ឋាន​​ដែល​អ្នក​​នឹង​ទៅ​ ជៀស​វាង​ពី​កន្លែង​អសន្តិសុខ ឬ​បញ្ហា​អាកាស​ធាតុ​ទាំង​នោះ។

 

៣. ត្រៀម​​របស់​​​​ចាំបាច់​សម្រាប់​ការ​ធ្វើ​ដំណើរ​

 

អ្វី​ដែល​អ្នក​​​ភ្លេច​មិន​បាន​នោះ​គឺ​លុយ។ ​ដំណើរ​កម្សាន្ត​​​នៅ​ក្រៅ​ប្រទេស​ គប្បី​ដូរ​លុយ​​ជា​រូបិយប័ណ្ណ​ប្រទេស​ដែល​អ្នក​ត្រូវ​ទៅ។ ឯកសារ​មួយ​ចំនួន​សម្រាប់​ ទៅ​បរទេស​ ដូច​ជាលិខិត​ឆ្លង​ដែន ទិដ្ឋាការ​ សំបុត្រ​យន្ត​ហោះ និង​​ឯកសារ​សំខាន់​ៗ អ្នក​គួរ​រៀប​ចំ​ទុក​មុន​និង​ពិនិត្យ​​កាល​បរិច្ឆេទ​​ឲ្យ​បាន​ត្រឹម​ត្រូវ។ សំលៀក​បំពាក់​មួយ​ចំនួន និង​ថ្នាំ​សង្កូវ​ខ្លះ​​ៗ ដែល​អ្នក​​​​គួរ​មាន។

 

៤. រៀន​​និយាយ​ពាក្យ​​​ឬ​ឃ្លា​​មួយ​ចំនួន

 

សម្រាប់​អ្នក​​ធ្វើ​ដំណើរ​​ទៅ​ប្រទេស​ណា​មួយ គប្បី​រៀន​​និយាយ​ពាក្យ ឬ​​ភាសា​នៃ​ប្រទេស​នោះ​ខ្លះ​ៗ ។ ប្រទេស​មួយ​ចំនួន​​អាច​ ​មាន​ប្រជាជន​ក្នុង​តំបន់​ខ្លះ​មិន​ប្រើ​ប្រាស់​ភាសា​អង់គ្លេស​ ដូច​នេះ​បើ​ចេះ​ភាសា​ ខ្លះ​គឺ​ងាយ​ស្រួល​សម្រាប់​អ្នក សួរ​ពី​ព័ត៌មាន​​ និង​ទំនាក់​ទំនង​ជា​មួយ​អ្នក​រស់​នៅ​ទី​នោះ។

 

​​​​​៥. ទៅ​ដល់​ព្រលាន​យន្តហោះ​មុន​ម៉ោង

 

សម្រាប់​ជើង​ហោះ​ហើរ​​លក្ខណៈ​អន្តរជាតិ គប្បី​ទៅ​ដល់​ព្រលាន​យន្តហោះ​​ឲ្យ​បាន​មុន យ៉ាង​តិច​៣​ម៉ោង​មុន​ជា​ការ​ប្រសើរ ចៀស​វាង​ការ​បញ្ហា​យឺតយ៉ាវ ឬ​ខក​ខាន​ជើង​យន្តហោះ​ដោយ​បញ្ហា​ណា​មួយ។

 

 

៦. កក់​សំបុត្រ​​ជើង​យន្តហោះ​​ធ្វើ​ដំណើរ​ឥត​ឈប់ ( Non-Stop Flight)

 

ជា​ការ​​សន្សំ​សំចៃ​ថវិកា​ សម្រាប់​ដំណើរ​ក្រៅ​ប្រទេស​អ្នក​​គួរ​ជ្រើស​រើស​ជើង​យន្តហោះ​​​ទៅ​កាន់​គោល​ដៅ​​ផ្ទាល់ (ប្រសិន​បើ​មាន) ដើម្បី​ចៀស​វាង​​ចំណាយ​ច្រើន​ប្រសិន​បើ​យក​​ជើង​ហោះ​ហើរ​ឈប់​ទៅ​កាន់​​កន្លែង​ច្រើន។ ​ ​៧. ស្មារតី​ប្រុង​ប្រយ័ត្ន​​

 

ដំណើរ​កម្សាន្ត​​ក្រៅ​ប្រទេស​តែ​ម្នាក់​ឯង​​​​ដោយ​​រីក​រាយ​​ ​​ត្រូវ​មាន​​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​របស់​​ផ្ទាល់​ខ្លួន​របស់​អ្នក​ជា​និច្ច។ របស់​មាន​តម្លៃ ឧបករណ៍​អេឡិចត្រូនិក ឯកសារ​សំខាន់​ៗ មិន​ថា​នៅ​ទី​ណា នៅ​ប្រទេស​ណា ដើម្បី​សុវត្ថិភាព​​​ក្នុង​ដំណើរ​កម្សាន្ត​របស់​អ្នក។

 

៨. ត្រៀម​ចិត្ត​​​ជួប​នឹង​អ្វី​ថ្មី​​​​​​​

អ្នក​​គួរ​ត្រៀម​ចិត្ត​ជា​និច្ច​ថា​អ្នក​នឹង​ជួប​ប្រទះ​អ្វី​ថ្មី​​​​ សម្រាប់​ដំណើរ​កម្សាន្ត​​​ក្នុង​​ឬ​​ក្រៅ​ប្រទេស​។ បញ្ហា​មួយ​ចំនួន ដូច​ជា​អាកាសធាតុ​ ម្ហូប​អាហារ​ ប្រជាជន​រស់​នៅ​តំបន់​នោះ ​ជា​អ្វី​ដែល​អ្នក​​នឹង​ជួប។ ​ចំណុច​សំខាន់​ទាំង​នោះ ​អ្នក​គប្បី​ត្រូវ​​ដឹង​និង​ស្វែង​យល់​ឲ្យ​បាន​ច្រើន​​​ ដើម្បី​ឲ្យ​ដំណើរ​កម្សាន្ត​​តែ​ម្នាក់​ឯង​មាន​​ភាព​រីក​រាយ។

 

 

ចុចអាន៖ ៤ ជំហាន​នាំ​អ្នក​ធ្វើ​ដំណើរ​តាំង​ពី​ព្រលាន​ដល់​ប្រទេស​គោលដៅ​យ៉ាង​សុវត្ថិភាព

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ readersdigest,wikihow