រក​ឃើញ​​​គ្រាប់​ពេជ្រ​យក្ស​ធំ​បំផុត​មួយ​លើ​ផែន​ដី​ ទំហំ​៤០៤​ការ៉ាត់

  • 2016-02-16 16:41:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​គ្រាប់​ពេជ្រ​​​​ដ៏​ធំ​សម្បើម​មួយ​​​ ស្ថិត​ក្នុង​ចំណោម​​គ្រាប់​ពេជ្រ​ធំ​ៗ​នៅ​លើ​ផែន​ដី​ផ្សេង​ទៀត​​ ​​ត្រូវ​បាន​គេ​រក​ឃើញ​​នា​ពេល​ថ្មី​ៗ​នេះ​ នៅ​ប្រទេស​អង់ហ្គោឡា។ ​នេះ​បើ​តាម​ការ​ប្រកាស​​របស់​ក្រុម​ហ៊ុន​​​រុក​រក​រ៉ែ Lucapa ​​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ។

 

​​​​​​​

គ្រាប់​ពេជ្រ​នេះ​មាន​ទំហំ​ ៤០៤,២ការ៉ាត់ ​ប្រវែង​ ៧សង់ទីម៉ែត្រ​​​​ ពោល​ប្រវែង​ស្មើ​កាត​ឥណទាន និង​​ជីក​​​បាន​ដោយ​​​ក្រុមហ៊ុន​ពេជ្រ​ជាតិ​របស់​​​​អង់ហ្គោឡា Endiama សហការ​ជាមួយ​ក្រុមហ៊ុន​ពេជ្រ​​ Lucapa Diamond ​និង Rosas&Petalasក្នុង​គម្រោង​ Lulo Diomond។

 

​ក្រុម​ហ៊ុន​​​ជំនាញ​ខាង​ត្រួត​ពិនិត្យ​គុណភាព​ពេជ្រ Yehuda ​ដែល​មាន​មូលដ្ឋាន​​​នៅ​ទីក្រុង​ញីវយ៉ក ​បាន​យក​គ្រាប់​ពេជ្រ​យក្ស​នេះ​តេស្ដ​ពណ៌ និង​​ភាព​ពិតប្រាកដ​​របស់​វា និង​​រក​ឃើញ​ថា​​ពេជ្រ​នេះ​ស្ថិត​ក្នុង​ប្រភេទ​​ថ្ម IIa ​មាន​ន័យ​ថា​ជា​ពេជ្រ​មាន​គុណភាព​ល្អ​ឥត​ខ្ចោះ។ ចំណែក​​ពណ៌​​ប្រភេទ D-colored គឺ​គ្មាន​ពណ៌ ដែល​គេ​ចាត់​ទុក​​ជា​ពេជ្រ​កម្រ​បំផុត និង​មាន​តម្លៃ​បំផុត​ ចំពោះ​​ពេជ្រ​គ្មាន​ពណ៌។

 

​គម្រោង​​ Lulo Dioamond Progect ​ចាប់ផ្ដើម​​រុករក​​នៅ​លើ​ផ្ទៃ​ដី ២៩៧៣​​គីឡូម៉ែត្រ​ការ៉េ​​ នៅ​ភាគ​កណ្ដាល​ប្រទេស​អង់ហ្គោឡា​​ក្នុង​ឆ្នាំ ២០១៥ ​និង​បាន​​រក​ឃើញ​​​គ្រាប់​ពេជ្រ​ធំៗ​​ប្រមាណ ៦០​គ្រាប់​ផង​ដែរ។

 

​អង់ហ្គោឡា ​ជា​ប្រទេស​​មាន​ផលិតផល​ពេជ្រ​ធំ​លំដាប់​ទី​ ៤​ក្នុង​លោក ហើយ​​ពេជ្រ​ ៤០៤,២​ការ៉ាត់​​នេះ ជា​ពេជ្រ​ធំ​បំផុត​​​ដែល​រក​ឃើញ​ក្នុង​ប្រទេស​អង់ហ្គោឡា ​ដោយ​កាល​ឆ្នាំ ២០០៧ ​គេ​ធ្លាប់​រក​ឃើញ​ពេជ្រ​ទម្ងន់ ២១៧,​៤​ការ៉ាត់ ​ឈ្មោះ Agolan Star។

 

​ចំណែក​គ្រាប់​ពេជ្រ​ធំ​បំផុត​ក្នុង​លោក​​​ទំហំ ៣ ១០៦​ការ៉ាត់ ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​អាហ្វ្រិកខាងត្បូង​​ក្នុង​ឆ្នាំ ១៩០៥ ត្រូវ​គេ​ដាក់​ឈ្មោះ Cullinan។ ពេជ្រ​អង់ហ្គោឡា​​មួយ​នេះ ​ត្រូវ​គេ​កត់​ចូល​ក្នុង​កំណត់​ត្រា​​ពេជ្រ​ធំ​បំផុត​​​ទី ២៧ ​ហើយ​ក្នុង​ពិភព​លោក៕

 

ចុចអាន៖ សុំ​មិត្ត​ស្រី​រៀប​ការ​​​ឡើង​គគ្រឹកគគ្រេង​តែ​បរាជ័យ​ ព្រោះ​​​ចិញ្ចៀន​ពេជ្រ​តូច​ពេក​

ចុចអាន៖ រក​ឃើញ​ដុំ​ពេជ្រ​យក្ស​១១១១ការ៉ាត់ ធំ​ជាង​គេ​ទី​២​ក្នុង​លោក​

ចុចអាន៖ មហាសេដ្ឋី​ហុងកុង​ចំណាយ​៧៧លាន​ដុល្លារ ​ទិញ​ពេជ្រ​២គ្រាប់​ឲ្យ​កូន​ស្រីអាយុ​៧ឆ្នាំ

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ CNN

​​​​​​​​​​​​​