​ជំនឿ​ប្លែក​ៗ​​​ចំនួន​ ១០​ប្រទេស​​ ​​អ្នក​មិន​ធ្លាប់​ដឹង

  • 2016-03-15 13:05:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​អប្បិយ​ជំនឿ​​ជា​ផ្នែក​​សំខាន់​មួយ​​​នៃ​ជីវិត​​រស់​នៅ​ប្រចាំ​ថ្ងៃ​​​របស់​មនុស្ស​​ទូទៅ​​​។ ​ពេល​ខ្លះ​ជំនឿ​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់ ​ជឿជាក់ ហ៊ាន​ប្រឈម​​មុខ​ តែ​ខ្លះ​ទៀត​​ធ្វើ​ឲ្យ​មនុស្ស​ងប់ងុល គិត​​មិនបាន​វែង​ឆ្ងាយ​ ​​ឬ​មិន​ឆ្លុះ​បញ្ចាំង​​ពី​តថភាព​ក្នុង​សង្គម​។​ ​

 

ទោះ​ជា​ជំនឿ​​​​មិន​មាន​ប្រភព ឯកសារ​បញ្ជាក់​​ច្បាស់​លាស់ ​​តែ​​គេ​នៅ​តែ​ឃើញ​កើត​មាន ​និង​​ប្រព្រឹត្ត​​​តៗ​គ្នា​​ពី​មនុស្ស​មួយ​ជំនាន់​ ទៅ​មួយ​ជំនាន់​ទៀត​។ ខាង​ក្រោម​នេះ​​​ជា​ជំនឿ​ខ្លះ​របស់​មនុស្ស​​តាម​ប្រទេស​នីមួយៗ​ ដែល​​ភាគ​ច្រើន​យើង​មិន​សូវ​បាន​ដឹង​។

​​​

១. ថៃ៖ ព្រះ​ភូមិ

​តាម​ផ្ទះ​ ​និង​​អគារ​ធ្វើ​ការ​​ជាច្រើន​​​​​​ក្នុង​ប្រទេស​ថៃ ​​គេ​តែង​​ឃើញ​​មាន​​ដាក់​ព្រះ​ភូមិ​​ នៅ​ក្រៅ​អគារ ​ក្នុង​អគារ ឬ​ខាង​ក្រោយ​អគារ​​ ​​ដែល​ខ្ទម​​នេះ​​មិន​មែន​​​​ជា​ការ​ចម្លង​ដូច​ម៉ូត​​​​ផ្ទះ​ ឬ​អគារនោះ​ទេ​​​​​​​ តែ​ជា​ម៉ូត​ប្រាសាទ​​វិមាន​ដ៏​​ស្គឹមស្កៃ​​ទៅវិញ។ ​គោល​បំណង​​​​​នៃ​ការ​​ដាក់​​តាំង​​ព្រះ​ភូមិ ​គឺ​ដើម្បី​​​ថែរក្សា​ការ​ពារ​​ពី​គ្រោះ​ថ្នាក់​​រលំ​បាក់​អគារ ឬ​ផ្ទះ​​​​​​​មែន​ទែន។ ​​ម្ចាស់​​លំនៅឋាន​​​​​តែ​ង​តែ​ដាក់​​​​​នំចំណី ​របស់​របរ​​នានា ​រួម​មាន​​​តុក្កតា​បោយដៃ ទឹក​ ​ស្រា​ បារី ​ដើម្បី​ទាក់​ទាញ​ម្ចាស់​ទឹក ​ម្ចាស់ដី ​ម្រេញ​គង្វាល​ ឲ្យ​ជួយ​ថែ​រក្សា​ផ្ទះ​ ឬ​អគារ​​ខាង​លើ។

 

 

 

២. ប្រេស៊ីល៖​​ ព្យួរ​កាបូប​ប៉ះ​​​កម្រាល​ឥដ្ឋ

​​ប្រជាជន​ប្រេស៊ីល​ ​​ជឿ​ថា​​​ការ​​ឲ្យ​កាបូប​​​យួរ​ ឬ​កាបូប​លុយ​​ប៉ះ​ឥដ្ឋ​​​ វា​នឹង​នាំ​​សំណាង​អាក្រក់​ ​ឬ​​​នឹង​ជ្រុះ​បាត់​លុយ​ឆាប់ៗ​។

 

 

 

៣. ចិន៖ លេខ​៤​ ​នាំ​គ្រោះ

​​លេខ​ ៤ ឬ​​លេខ​​កន្ទុយ​៤​ ​ផ្សេង​ៗ​ទៀត​ ដូចជា​ ១៤, ២៤ ​ត្រូវ​គេ​ជឿ​ថា​​​​ជា​លេខ​​​​នាំ​គ្រោះ​អាក្រក់​​​ មិន​គួរ​ឲ្យ​ជឿ​ ​ព្រោះ​​ចិន​​​​​បញ្ចេញ​ខ្យល់​​លេខ​បួន​ ​ស្រដៀង​​គ្នា​ទៅ​នឹង​ពាក្យ​ស្លាប់។ ​បើ​និយាយ​​ពី​ប្រទេស​លោក​ខាង​លិច​វិញ ​​លេខ​​នាំ​គ្រោះ​​ គឺ​ជា​លេខ​​ ១៣ ឬ២៣​ទៅវិញ។

 

 

៤. ដាណឺម៉ាក៖ ​ប្រមូល​​កែវ ចាន​បែក​ទុក

​​ចាន​ ​កែវ​​​​ផលិត​ពី​ព័រសឺឡែន ​ដែល​​ប្រេះ​បែក​ហើយ ​​ត្រូវ​គេ​​​ប្រមូល​ទុក​​យ៉ាង​ស្រួល​​​ ដើម្បី​គ្រវែង​​​មុខ​ផ្ទះ​​នៅ​ថ្ងៃ​ចូល​ឆ្នាំ​សកល​ ដោយ​គេ​ជឿ​ថា​​​​​គំនរ​​ព័រសឺឡែន​​​ នឹង​​នាំ​លាភ​ហូរ​ចូល។

 

 

 

៥. អេហ្ស៊ីប៖ ​បើក​​មុខ​កន្ត្រៃ​ ​ត្រូវ​តែ​កាត់​អ្វី​មួយ

​ប្រសិន​បើ​​​បើក​​ ឬ​សង្កត់​​មុខ​កន្ត្រៃ​​ឲ្យ​ចេញ​ពី​គ្នា ​ដោយ​មិន​កាត់​​អ្វី​សោះ​ ​នោះ​​ប្រជាជន​អេហ្ស៊ីប​ជឿ​ថា​​នឹង​​គ្រោះ​អាក្រក់​ដាក់​ខ្លួន។ ​​មួយ​ទៀត ​​​បើ​ដាក់​​​​​កន្ត្រៃ​​ក្រោម​​ខ្នើយ​គេង​ ​​ដើម្បី​​កុំ​ឲ្យ​យល់សប្ដិ​អាក្រក់។

 

​​​​​​​​

 

៦. បារាំង៖ ​ជាន់​​​លាមក​ឆ្កែ​ជើង​ឆ្វេង

ប្រ​ជា​ជន​បារាំង​ មាន​ជំនឿ​ថា​​​វា​នឹង​នាំ​​សំណាង​ល្អ​ ​ប្រសិន​​បើ​អ្នក​​ជាន់​លាមក​ឆ្កែ​​នឹង​ជើង​ឆ្វេង​ ​តែ​​​សំណាង​អាក្រក់​​ ​បើ​ជាន់​​ជើង​ស្ដាំ។

 

 

៧. ជប៉ុន​​​​​​៖ ​​ក្មេង​ៗ​​​ត្រូវ​បាំង​​ពោះ​ ពេល​មាន​ផ្គរ​រន្ទះ

ក្មេង​ៗ​​​ជប៉ុន​​​ត្រូវ​ចាស់​ៗ​​ប្រាប់​​ឲ្យ​​​​​យក​អ្វី​​បាំង​ពោះ​​​​​ អំឡុង​ពេល​​​មាន​ផ្គរ​រន្ទះ​ ​និង​ពិសេស​ពេល​គេង​​​​ ព្រោះ​គេ​ជឿ​ថា​​ប្រសិន​បើ​​មិន​ប្រយ័ត្ន​​ ​អាទិទេព​ផ្គរ​​​នឹង​លួច​​​​ ហើយ​ស៊ី​​​​​ផ្ចិត​​ពេល​មាន​​ព្យុះ​ភ្លៀង។

 

 

 

៨. កូរ៉េខាងត្បូង៖ ​បើក​​កង្ហារ​​កៀក​​​កន្លែង​គេង​

​​ប្រជាជន​កូរ៉េ​ខាង​ត្បូង ​ជឿ​ថា​ការ​បើក​កង្ហារ​​​​ក្នុង​បន្ទប់​​ពេល​គេង​​លក់​ ​​វា​នឹង​សម្លាប់​អ្នក​ ឬ​ហៅ Fan Death។​​ ​

 

 

៩. នីហ្សេរីយ៉ា៖ ​វាយ​នឹង​អំបោស​

​ប្រសិន​បើ​​​បុរស​ម្នាក់​ត្រូវ​គេ​​​វាយ​​នឹង​អំបោស​ ​​បុរស​នោះត្រូវ​គេ​ជឿ​ថា​​​​​​​​​​​នឹង​ងាប់​លិង្គ ​​ឬ​​​​លិង្គ​លែង​ដំណើរ​ការ​ ​​បើ​មិន​ចង់​មានរឿង​នេះ​កើត​ឡើង គេ​​​​​ត្រូវ​​វាយ​បក​​​​អ្នក​នោះ​​​ភ្លាម​ៗ​​​មិន​ក្រោម​ ៧​ដង​វិញ។ ​​

 

 

១០. លោក​ខាងលិច៖ ការ​​ដាក់​ឈ្មោះ​កប៉ាល់​ ​មិន​ឲ្យ​បញ្ចប់​ដោយ​អក្សរ A

​អ្នក​​ដើរ​សមុទ្រ​​​ជាច្រើន​ជឿ​ថា​ ​​កប៉ាល់​ដែល​មាន​ឈ្មោះ​​បញ្ចប់​​ដោយ​អក្សរ​ A នឹង​នាំ​​​សំណាង​អាក្រក់​​​ពេល​ធ្វើ​ដំណើរ។ ជំនឿ​នេះ​​កើត​​ឡើង​​​​តាំង​ពី​កប៉ាល់ Lusitania and Britannia បាន​លិច​​ក្នុង​​​សង្គ្រាម​លោក​លើក​ទី​មួយ​។ ម្យ៉ាង​​ទៀត​ ការ​ដូរ​​ឈ្មោះ​កប៉ាល់​ ​​ក៏​គេ​​មាន​ជំនឿ​ថា​​នឹង​​ធ្វើ​ឲ្យ​ជួប​គ្រោះ​​លិច​ដែរ៕

 

 

 

ចុចអាន៖ ១១ ​យ៉ាង​តាម​ជំនឿ​បុរាណ ​ដែល​ស្ត្រី​មិន​គួរ​ធ្វើ មិន​អញ្ចឹង​ទេ…

ចុចអាន៖ ជំនឿ​ដែល​ពាក់ព័ន្ធ​ជាមួយ​ម្ដាយ និង​ ទារក​ទើបនឹង​កើត

ចុចអាន៖ ជំនឿ​សុំ​កូន​នៅ​តែ​ល្បី​ នៅ​វត្ត​វិហារសួគ៌

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Listverse, Distractify

អត្ថបទពេញនិយម