កំហុស​​៧​យ៉ាង​​ឪពុក​ម្ដាយ​គួរ​បោះបង់ ​បើ​ចង់​ឲ្យ​កូន​ល្អ

  • 2016-03-25 13:11:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​ម្ដាយ​គ្រប់​រូប​តែង​ស្រឡាញ់​កូន​និង​ចង់​ឲ្យ​កូន​ល្អ ប៉ុន្តែ​ពេល​ខ្លះ​ពួក​គេ​អាច​ជា​កសាង​កំហុស​ខ្លះ​ៗ ដែល​ជះ​ឥទ្ធិពល​អាក្រក់​ដល់​កូន​ៗ ដោយ​មិន​ដឹង​ខ្លួន។ ​​

១. វាយដំ​លើ​រាងកាយ

 

 

ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ក្មេង​មិន​​ផ្ដល់​ផល​ល្អ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ វា​ដូច​ជា​​​ផ្ដល់​គំរូ​អាក្រក់​សម្រាប់​ពួក​គេ និង​អាច​ឲ្យ​ពួក​គេ​មាន​ជំងឺ​ផ្លូវ​ចិត្ត ឆាប់​ខ្លាច​អ្នក​ដទៃ​ ទៅ​ថ្ងៃ​មុខ។ អ្វី​ដែល​សំខាន់​ អំពើ​ហិង្សា​ទាំង​ផ្លូវ​កាយ និង​ពាក្យ​សម្ដី នឹង​ធ្វើ​ឲ្យ​កូន​ៗ ចាប់​ផ្ដើម​ឃ្លាត​ខ្លួន​ពី​ឪពុក​ម្ដាយ ដោយ​សារ​តែ​ភាព​ភ័យ​ខ្លាច និង​មិន​ទុក​ចិត្ត។

 

២. ប្រៀបធៀប​កូន​ជាមួយ​កូន​អ្នក​ដទៃ

 

 

គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​ឪពុក​ម្ដាយ​​របស់​ខ្លួន​ប្រៀបធៀប​ខ្លួន​ទៅ​នឹង​កូន​របស់​អ្នក​ដទៃ​នោះ​ឡើយ ឬ​សូម្បី​តែ​ប្រៀបធៀប​ជាមួយ​បង​ប្អូន​ខ្លួន​ឯង។ ការ​ប្រៀបធៀប​បែប​នេះ​ដដែល​ៗ​នឹង​ធ្វើ​ឲ្យ​កូន​មាន​បញ្ហា​ផ្លូវ​អារម្មណ៍ និង​លែង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ មួយ​ទៀត​គឺ​ធ្វើ​ឲ្យ​គេ​ចាប់​ផ្ដើម​មាន​អារម្មណ៍​មិន​ល្អ​ជាមួយ​ក្មេង ឬ​បង​ប្អូន​ដែល​ឪពុក​ម្ដាយ​យក​មក​ប្រៀបធៀប​ជាមួយ​ខ្លួន។

 

៣. គ្មាន​ពេល​វេលា​ឲ្យ​កូន

 

 

ឪពុក​ម្ដាយ​ពេល​ខ្លះ​ជាប់​រវល់​នឹង​ការងារ​និង​ជីវិត​ខាង​ក្រៅ​ច្រើន​ពេក​រហូត​ភ្លេច​គិត​ថា កូន​ៗ​ក៏​ជា​ចំណែក​ធំ​មួយ​ដែរ​ក្នុង​ជីវិត​របស់​ពួក​គេ។ ពួក​គេ​ទុក​កូន​ចោល​តែ​ឯង​នៅ​ផ្ទះ ឬ​ជាមួយ​អ្នក​មើល​ក្មេង ឬ​យក​ទៅ​ផ្ញើ​នៅ​កន្លែង​មើល​ក្មេង​តែ​ម្ដង។ ប៉ុន្តែ​ត្រូវ​ចាំ​ថា​អ្វី​ៗ​ទាំង​នោះ មិន​អាច​ជំនួស​ក្ដី​ស្រឡាញ់​ឪពុក​ម្ដាយ​ចំពោះ​កូន​ៗ​ឡើយ។ ឪពុក​ម្ដាយ​ត្រូវ​ប្រុង​ប្រយ័ត្ន និង​ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​ៗ​មាន​អារម្មណ៍​ថា​អ្នក​យក​ចិត្ត​ទុកដាក់​លើ​ពួក​គេ​ជាង​ការងារ​អ្វី​ទាំង​អស់។

 

៤. ទម្រើស​កូន​​ដូច​ព្រះ​អង្គ​ម្ចាស់​និង​ព្រះ​នាង

 

ការ​មិន​អើពើ​នឹង​កូន​ជ្រុល​ពេក​គឺ​ជា​កំហុស តែ​ទន្ទឹម​នឹង​នេះ​ការ​ថ្នាក់ថ្នម​កូន​ជ្រុល​ពេក​ក៏​ជា​ហេតុ​នាំ​ឲ្យ​​ក្មេង​​ខូច​ផង​ដែរ។ ឪពុក​ម្ដាយ​ខ្លះ​អាច​យល់​ថា​ការ​ថ្នាក់ថ្នម​កូន​គឺ​ជា​ការ​បង្ហាញ​ក្ដី​ស្រឡាញ់​និង​ខ្វល់ខ្វាយ​ ប៉ុន្តែ​ការ​ពិត​ពួក​គេ​កំពុង​​ផ្ដល់​ទម្លាប់​មិន​ល្អ​ឲ្យ​កូន​ទៅ​វិញ​ទេ។ ការ​ផ្ដល់​​អ្វី​គ្រប់​យ៉ាង​តាម​ចិត្ត​ តាម​ចំណង់​របស់​កូន​ និង​ទម្រើស​ជ្រុល​ពេក នឹង​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​មនុស្ស​អសមត្ថភាព​ពេល​ចេញ​ទៅ​ពិភព​ខាង​ក្រៅ ដូច្នេះ​អ្នក​គួរ​ឆ្លៀត​បង្រៀន​​កូន​ៗ​ពី​មេរៀន​ជីវិត​ខ្លះ​ៗ ដើម្បី​ឲ្យ​ពួក​គេ​បាន​យល់​និង​​ចេះ​ឲ្យ​តម្លៃ​សម្រាប់​​អ្វី​​ល្អៗ​ដែល​ពួក​គេ​មាន។​​

 

៥. និយាយ​ថា​ខ្លួន​ឯង​មិន​យល់​ពី​កូន

 

 

ជួន​កាល​ឪពុក​ម្ដាយ​និយាយ​បែប​នេះ នៅ​ពេល​កូន​ៗ​ពួក​គេ​ប្រព្រឹត្ត​អ្វី​មួយ​ខុស​ពី​ការ​គិត​របស់​ខ្លួន។ ប៉ុន្តែ​ពួក​គេ​គួរ​ថយ​ក្រោយ​បន្តិច​ និង​គិត​ថា "បើ​ពួក​គេ​មិន​យល់​ពី​កូន​ខ្លួន​ឯង តើ​អ្នក​ណា​នឹង​យល់​បាន?” ដើម្បី​យល់​ពី​កូន ឪពុក​ម្ដាយ​ត្រូវ​មាន​ជាប់​ខ្លួន​ដោយ​ក្ដី​ស្រឡាញ់ អត់ធ្មត់ ការ​ខ្វល់ខ្វាយ ពេល​វេលា និង​ម្ដង​ទៀត​ គឺ​អត់ធ្មត់។ ពួក​គេ​ត្រូវ​ចាត់​ទុក​តម្រូវការ​កូន​ៗ​ជា​អាទិភាព និង​ត្រូវ​ពិភាក្សា​ត្រង់​ៗ​ជាមួយ​កូន ដូច្នេះ​ពួក​គេ​នឹង​អាច​និយាយ​ពី​អារម្មណ៍ និង​បញ្ហា​​គ្រប់យ៉ាង​ប្រាប់​ឪពុក​ម្ដាយ។​​

 

៦. ​ប្រើ​ពាក្យ​អសុរោះ​​

 

ពេល​ខ្លះ​កូន​ៗ​រពឹស បង្ក​រឿង​ឲ្យ​អ្នក​ឈឺ​ក្បាល តែ​នេះ​មិន​ទាន់​ជា​ហេតុផល​សមរម្យ​ដែល​អ្នក​ត្រូវ​ប្រើ​ពាក្យ​សម្ដី​ធ្ងន់​ៗ​ទៅ​ពួក​គេ​ឡើយ។ កំហុស​ធំ​មួយ​របស់​ឪពុក​ម្ដាយ​គឺ​​ស្រប​ពេល​ដែល​ពួក​គាត់​ខឹង ពួក​គាត់​​ភ្លេច​ថា កូន​ៗ​របស់​ពួកគាត់​ស្ថិត​ក្នុង​ដំណាក់កាល​រៀន​សូត្រ​នៅ​ឡើយ និង​ត្រូវ​ការ​ការ​ពន្យល់​​សមរម្យ​​ពី​កំហុស ដើម្បី​ឲ្យ​ពួក​គេ​អាច​យល់​ដឹង​និង​កែប្រែ​ដោយ​ខ្លួន​ឯង​ទៅ​ថ្ងៃ​ក្រោយ។​​

 

៧. កំណត់​អាជីព​អនាគត​ឲ្យ​កូន

 

ពាក្យ​ដែល​គេ​ឧស្សាហ៍​ឮ​បំផុត​គឺ​ថា "កូន​ត្រូវ​ក្លាយ​ជា​វិស្វករ ​កូន​ត្រូវ​ក្លាយ​ជា​គ្រូ​ពេទ្យ ឬ...”។ ប៉ុន្តែ​ឪពុក​ម្ដាយ​គួរ​យល់​ថា​កូន​ៗ ក៏​មាន​ក្ដី​ស្រមៃ និង​បំណង​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ដែរ។ កូន​ៗ​ត្រូវ​ការ​ការ​ណែនាំ ​ក្ដី​ស្រលាញ់ ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​យោគយល់​ពី​ឪពុក​ម្ដាយ ប៉ុន្តែ​បើ​សិន​ឪពុក​ម្ដាយ​ចាប់​ផ្ដើម​បង្ខំ​កូនៗ​ឲ្យ​ធ្វើ​អ្វី​ដែល​ពួក​គេ​មិន​ចង់​ធ្វើ កូន​ៗ​នឹង​ចាប់​ផ្ដើម​ឃ្លាត​ឆ្ងាយ​ពី​ឪពុក​ម្ដាយ​ពួក​គេ​ដែរ។ រឿង​អនាគត​គួរ​ទុក​​ឲ្យ​កូន​ៗ​ជា​អ្នក​សម្រេច ឪពុក​ម្ដាយ​មាន​នាទី​ស្ដី​ប្រដៅ តែ​មិន​ត្រូវ​គាប​សង្កត់​កូន​នោះ​ឡើយ ៕​​

 

ចុះ​ប្រិយមិត្ត មានយោបល់​អ្វី​ខ្លះ​ទៀត​ចង់​បន្ថែម?

 

ចុចអាន៖ប្រុសៗ​គួរ​អាន! ចំណុច​ខ្លះៗ​ដែល​នារី​ចង់​បាន​ធ្វើ​ជា​ស្វាមី

ចុចអាន៖រឿងរ៉ាវ​១០យ៉ាង​ ​ដែល​គូស្នេហ៍​​គួរ​ធ្វើ​​​ មុន​ពេល​ចូល​​រោង​ការ

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ listcrux

អត្ថបទពេញនិយម