ទៅ​លេង​សិង្ហបុរី​ចង់​ធ្វើ​ដំណើរ​ឆ្ងាយ​ជិត​អស់​លុយ​តិច ទិញ​កាត Special day pass

  • 2016-07-22 18:05:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិង្ហបុរី​ជា​ប្រទេស​មាន​ការ​អភិវឌ្ឍ​ជឿនលឿន។ ការ​​រស់នៅ​​​ប្រទេស​ស៊ីវិល័យ​នេះ​មាន​ការ​ចំណាយ​ខ្ពស់ មិន​ថា​​​លើ​សេវាកម្ម​និង​របស់របរ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។

 

កញ្ញា យាន សៀងលីដេត និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ ណានយ៉ាង (Nanyang Technological University) ឲ្យ​ដឹង​ថា សិង្ហបុរី​ជា​​ប្រទេស​កូន​កោះ​តូច ដែល​មាន​ខឿន​សេដ្ឋកិច្ច​អភិវឌ្ឍ​ខ្លាំង ​ហើយ​ពលរដ្ឋ​រស់នៅ​ក្នុង​ជីវភាព​ធូធារ​។​ ជា​ប្រទេស​ដែល​ជឿនលឿន​​និង​ជា​គោលដៅ​សម្រាប់​អ្នកធ្វើ​ជំនួយ​​ ការ​រស់នៅ​ក្នុង​ប្រទេស​នេះ​មាន​ការ​ការ​ចំណាយ​ខ្ពស់​​​។

 

 

កញ្ញា​ថា ភ្ញៀវ​ទេស​ចរ​ដែល​​មក​​លេង​​ប្រទេស​សិង្ហបុរី​​ ​ត្រូវ​ការ​ធ្វើ​ដំណើរ​ច្រើន​ និង​ចង់​កាត់​បន្ថយ​ការ​ចំណាយ កញ្ញា​ណែនាំ​ឲ្យ​ប្រើប្រាស់​កាត​ធ្វើ​ដំណើរ​ពិសេស​ Special day pass ដែល​កាត​នេះអា​ច​ប្រើប្រាស់​​​សេវា​ដឹក​ជញ្ជូន​សាធារណៈ​​​​​​ឥត​កំណត់ ទៅ​កម្សាន្ត​​គោលដៅ​​ទេសចរ​នានា​ទូទាំង​​ទីក្រុង​ដ៏​ទំនើប​នេះ​។

 

លីដេត​បន្តថា សេវា​​ធ្វើ​​ដំណើរ​ក្នុង​​ប្រទេស​សិង្ហបុរី​មាន​តម្លៃ​ថ្លៃ​ដូចជា​តាក់ស៊ី​ជា​ដើម។ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​អាច​ជ្រើសរើស​មធ្យោបាយ​ធ្វើ​ដំណើរ ដោយ​​ប្រើប្រាស់​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ និង​មាន​ភាព​ងាយស្រួល។

 

កាត​ Special day pass សម្រាប់​ភ្ញៀវ​ទេសចរ​នេះ​​ មាន​ ៣​ ប្រភេទហើយ​តម្លៃ​ខុសៗ​គ្នា​។ សម្រាប់​​រយៈ​ពេល​មួយ​ថ្ងៃ​តម្លៃ ១០ ដុល្លារ ពីរ​ថ្ងៃ​តម្លៃ ១៦ ដុល្លារ និង​បី​ថ្ងៃ​តម្លៃ ២០ ដុល្លារ ដោយភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​​ឥត​កំណត់​ជាមួយ​​សេវា​រថយន្ត​ក្រុង និង​សេវា​រថភ្លើង MRT ។ ​

 

 

កាត​ធ្វើ​ដំណើរ​ពិសេស​សម្រាប់​ភ្ញៀវ​ទេសចរ Special day pass

 

ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​មក​កម្សាន្ត​ប្រទេស​សិង្ហបុរី មិន​ប្រាកដ​ជា​អ្នក​សល់​លុយ​សល់​កាក់​ ដើម្បី​ចាយ​វាយ​ក្នុង​ប្រទេស​ស៊ីវិល័យ​ល្បី​ចាយ​លុយ​ផុយៗ​នេះ​ទេ។ អ្នក​ខ្លះ​មក​ប្រទេស​សិង្ហបុរី​ក្នុង​បេសកកម្ម​ការងារ​ចាំ​បាច់ ហើយ​អ្នក​ខ្លះ​មក​ដើម្បី​ស្វែង​យល់​ពី​ភាព​ជឿនលឿន​​ប្រទេស​កូន​ខ្លា​អាស៊ី​នេះ​។

 

លីដេត ដែល​បាន​ទៅ​សិក្សា​និង​រស់នៅ​ប្រទេស​សិង្ហបុរី​ជិត ៥ ឆ្នាំ ប្រាប់​ថា ប្រព័ន្ធ​សេវា​ដឹក​ជញ្ជូន​សាធារណៈ​របស់​ប្រទេស​សិង្ហបុរី​អាច​និយាយ​ថា​ល្អ​បំផុត និង​មាន​ភាព​ងាយស្រួល​បំផុត ដែល​ផ្តល់​សេវា​​​ដឹក​ជញ្ជូន​​ទៅ​កាន់​គ្រប់​គោលដៅ​ទូទាំង​ទីក្រុង។

 

យុវតី​រូប​នេះ​ចង់​ឲ្យ​ពលរដ្ឋ​ដែល​មក​កម្សាន្ត​ប្រទេស​សិង្ហបុរី គួរ​សាកល្បង​​សេវា​ដឹក​ជញ្ជូន​សាធារណៈ​​​ប្រទេស​នេះ ដែល​នឹង​​ផ្តល់​បទពិសោធន៍​ដ៏​អស្ចារ្យ​សម្រាប់​​ដំណើរ​ទេសចរ​មក​ប្រទេស​ដ៏​​​ស្រស់​​ស្អាត​បំផុត​មួយ​នេៅ​អាស៊ី​នេះ​។

 

ចុច​អាន៖ ៥ ​កន្លែង​ដ៏​ទាក់​ទាញ​នៅ​ម៉ាឡេស៊ី​ និង​សិង្ហបុរី​ ខ្មែរ​និយម​ទៅ​កម្សាន្ត​ជាង​គេ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា