ហេតុអ្វី​សុខៗ​អូនខឹងបង?

  • 2016-08-19 18:22:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្ញុំបាទ​ឈ្មោះ Moon សព្វថ្ងៃ​កំពុង​រៀន​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​ទីក្រុង​ភ្នំពេញ។

ខ្ញុំបាទ​មានរឿង​រ៉ាវ​មួយ​និយាយ​ពី​ប្រវត្តិ​ស្នេហ៍​របស់​ខ្ញុំបាទ​ផ្ទាល់ កាល​រៀន​នៅ​វិទ្យាល័យ​ហេង​សំរិន​ព្រៃ​ល្វា។ ស្នេហា​របស់ខ្ញុំ​ចាប់ផ្ដើម​នៅពេល​ខ្ញុំ​រៀន​នៅ​ថ្នាក់​ទី១០ នៃ​វិទ្យាល័យ​ហេង​សំរិន​ព្រៃ​ល្វា។

 

នៅពេល​ដំបូង​នៅមុន​ពេល​ប្រឡង​ថ្នាក់មធ្យមសិក្សា​បឋមភូមិ ខ្ញុំ​រៀន​អនុ​នៅ​វិទ្យាល័យ​ដែល​នៅ​ឃុំ​ផ្សេង​ពី​វិទ្យាល័យ​ហេង​សំរិន​ព្រៃ​ល្វា គឺ​អនុវិទ្យាល័យ​ពាម​មង្គល​បូរី ដែល​ឃ្លាតឆ្ងាយ​ពី​វិទ្យាល័យ​ប្រហែល ជា ១០គីឡូ​ម៉ែត​ពីគ្នា។

 

នៅពេល​ប្រឡង​ទី៩ ខ្ញុំ​ត្រូវ​ប្រឡង​នៅ​វិទ្យាល័យ​ហេង​សំរិន​ព្រៃ​ល្វា ពេលដែល​ប្រឡង​នោះ​ហើយ​​ខ្ញុំ​ក៏​​បានឃើញ​នារី​ម្នាក់ ហើយ​ខ្ញុំ​ក៏បាន​ចាប់ចិត្ត​ស្រឡាញ់។

ពេលវេលា​នៃ​ការប្រឡង​ថ្នាក់មធ្យមសិក្សា​បឋមភូមិ​នេះហើយ ​ដែល​ខ្ញុំ​បានឃើញ​នាង។ នាង​មិនសូវ​ជា​ស្អាត​ប៉ុន្មាន​ទេ តែ​ខ្ញុំ​ចាប់ចិត្ត​លើ​នាង។ នៅ​ថ្ងៃទី ០៥ ០៦ កក្កដា​ឆ្នាំ ២០១០ ជា​ថ្ងៃ​ប្រឡង វា​ហាក់ដូចជា​លឿន​ណាស់! ២ថ្ងៃនោះ​ប្រៀបបាន​តែមួយ​នាទី​សម្រាប់​ខ្ញុំ។ ខ្ញុំ​ចង់ឱ្យ​វា​ឈប់​ដើរ​នៅ​ជា​រៀងរហូត​តទៅ។ ក្រោយពី​ប្រឡង​ចប់​ហើយ ខ្ញុំ​រង់ចាំ​ដល់​ថ្ងៃ​ចេញ​លទ្ធផល​ប្រឡង​ដើម្បី​បាន​ទៅ​មើល​លទ្ធផល ហើយ​អាច​ឃើញ​មុខ​នាង​ទៀត។

តែ​ពេលចេញ​លទ្ធផល​ប្រឡង​ខ្ញុំ​មិន​ទៅ​មើល​ទេ ហើយ​ផ្ដាំ​ឱ្យ​មិត្តភក្តិ​មើល​ឱ្យ​ផង។ ​នៅពេលដែល​ដល់​ថ្ងៃ​ដាក់ពាក្យ​ចូលរៀន ខ្ញុំ​ត្រូវ​ជិះ​ទូកដរ ឆ្លងកាត់​បឹង​វាល​ដ៏​ធំ​ល្វឹង​ល្វើយ ដើម្បី​ទៅ​ដាក់ពាក្យ​ចូលរៀន​ថ្នាក់​ទី១០។ ពេល​ថ្ងៃ​ដាក់ពាក្យ​នោះ កឺ​នៅ​ថ្ងៃទី១៥ ខែកញ្ញា​ឆ្នាំ ២០១០។ វា​មិនមែនជា​រឿង​​ចៃដន្យ​ទេ​ឬ? ​ខ្ញុំ​បាន​ជួប​នាង​ទៀត ទាំង​ពេល​មើល​ឈ្មោះ​ប្រឡង ទាំង​ពេល​ប្រឡង​បន្ទប់​ជាមួយគ្នា ​អង្គុយ​តុ​ជាប់​គ្នា​ទៀត ​ជួប​ទាំង​ពេល​ដាក់ពាក្យ​ចូលរៀន ហើយ​រៀន​ថ្នាក់​ជាមួយគ្នា​ទៀត។

 

(រូបតំណាង)

 

នៅពេល​រៀន​នៅ​ថ្នាក់​ទី១០ ខ្ញុំ​ហាក់ដូចជា​រំភើប​ខ្លាំងណាស់ ខ្ញុំ​លួច​មើល​នាង​ រហូត​ពេលខ្លះ នាង​លែង​ហ៊ាន​មើល​ខ្ញុំ ដោយសារ​ខ្ញុំ​មើល​ពេក។ ពេល​វេលា​សែន​លឿន​ណាស់ ​ថ្នាក់​ទី១០ បាន​កន្លងផុត​យ៉ាង​ឆាប់រហ័ស។ ពេល​ចូលរៀន​ថ្នាក់​ទី១១ នាង​បាន​ដូរ​ថ្នាក់​ទៅ​រៀន​ថ្នាក់​ទី១១ A វិញ តែ​ខ្ញុំ​មិនបាន​ដូរ​តាម​នាង​ទេ ព្រោះ​ថ្នាក់​នៅជាប់​គ្នា ខ្ញុំ​នៅតែ​អាច​ឃើញ​នាង។

 

វិទ្យាល័យ​ខ្ញុំ​រៀន​ថ្នាក់​ទី១១ មាន​រហូតដល់ ៧ថ្នាក់ ហើយ​ថ្នាក់​នីមួយ​ៗ​មាន​សិស្ស​រហូត​៤០នាក់​។ កាល​រៀន​ថ្នាក់​ទី១១ ខ្ញុំ​លួច​ស្រឡាញ់​នាង​តែ​មិន​ហ៊ាន​សារភាព ព្រោះ​ពួកយើង​សុទ្ធតែ​នៅ​រៀន​ទាំងអស់គ្នា។

ពេល​ចូលរៀន​ថ្នាក់​ទី១២ ពួកយើង​ខិតខំ​រៀន​ណាស់​ព្រោះ​ត្រូវ​ប្រឡង​ទុតិយភូមិ។ ពិសេស​ពេល​រៀន​ត្រៀម​ប្រឡង​ថ្នាក់​ទី១២នោះ​មាន​រយៈពេល១ខែ​មុនពេល​ប្រឡង ខ្ញុំ​ចង់ឱ្យ​ពេលនោះ​ឈប់​ដើរ។

 

ខ្ញុំ​មិនដែល​គិត​ហ៊ាន​សារភាព​ប្រាប់​នាង​ទេ ព្រោះ​យើង​សុទ្ធតែ​នៅ​រៀន​វិទ្យាល័យ​ប៉ុណ្ណោះ ហើយ​ពួកយើង​នៅ​ក្មេង។ ពេល​ប្រឡង​បញ្ចប់​ថ្នាក់​ទី១២ នៅ​ថ្ងៃ ០៥ ០៦ ០៧ សីហា​ឆ្នាំ ២០១៣ ខ្ញុំ​នៅតែ​អង្គុយ​ជិត​នាង ព្រោះ​ដោយសារ​ឈ្មោះ​របស់​នាមត្រកូល​យើង​ដូចគ្នា។ ពេល​ប្រឡង​បានបញ្ចប់ ​សូម្បីតែ​មិត្តភ័ក្ដិ​ធ្លាប់​រៀន​ជាមួយគ្នា ក៏​មិនអាច​បាន​ជួបគ្នា​ឡើយ។ ពួកយើង​ទាក់ទង​គ្នា​ តែ​តាម​ទូរស័ព្ទ​ប៉ុណ្ណោះ។ ចាប់ពី​ថ្ងៃ​ដែល​ប្រឡង​បាន​បញ្ចប់ទៅ យើង​ទាក់ទង​គ្នា​តែ​តាម​ទូរស័ព្ទ មិនដែល​បាន​ជួប​មុខ​ផ្ទាល់​ឡើយ។ ខ្ញុំ​និយាយ​ទូរ​សព្ទ​ជាមួយ​នាង​ស្ទើរ​រាល់​យប់។ តែ​ការនិយាយ​បែប​នាង​ជាមួយ មិនដឹងថា​នាង​គិត​យ៉ាងណាទេ? តែ​សកម្មភាព​បែបនេះ វា​បានផ្ដល់​សេចក្ដីសង្ឃឹម​ដល់​ខ្ញុំ​យ៉ាងខ្លាំង។ ពេល​រៀន​ឆ្នាំ​ទី១ ទី២ នៅ​សាកលវិទ្យាល័យ ខ្ញុំ​​មិន​ហ៊ាន​សារភាព​ប្រាប់​នាង​នោះទេ ព្រោះ​ខ្លា​ចនាង​បដិសេធ។ នៅ​ឆ្នាំ​ទី​៣ ខែ​ឧសភា​ ឆ្នាំ​២០១៦​នេះ ខ្ញុំ​​បាន​សារភាព​ប្រាប់​នាង តែ​លទ្ធផល​ដូច​អ្វីដែល​ខ្ញុំ​បារម្ភ​មិន​ខុស​ទេ នាង​បាន​បដិសេធ​ពិតមែន នាង​បាន​ប្រាប់ថា មិនទាន់​ចង់​គិត​រឿង​ស្នេហា​ទេ។ នាង​ថា​ពួកយើង​សុទ្ធតែ​នៅ​រៀន​ដូចគ្នា ចាំ​ពួកយើង​រៀន​ចប់​សិន។

 

អ្វីដែល​ខ្ញុំ​មិន​អស់ចិត្ត​នោះ ដោយសារ​សកម្មភាពរ​បស់​នាង​ធ្វើឱ្យ​ខ្ញុំ​សង្ឃឹមថា នឹង​បាន​នាង​ជា​គូ​​កៀកកើយ​រហូតដល់​ចាស់។ យប់​ឡើង​Chat Call និយាយ​ជាមួយគ្នា​រហូត​យប់​ជ្រៅ ខ្ញុំ​សង្ឃឹមថា​យល់​ពី​បុរស​ម្នាក់នេះ​ផង។ ពីមុន Chat Call តែ​ពេល​ឥឡូវនេះ បាន​ប្ដូរផ្លាស់​អស់ហើយ។ យប់​ដែល​ធ្លាប់ Chat Call ពេល​មេឃ​ភ្លៀង​ធ្លា​ក់ខ្ញុំ​ដឹង​ត្រឹម​ថា​ខ្ញុំ​នឹក​នាង​ណាស់។ អនុស្សាវរីយ៍​ពី​មុន​​បាត់​ទៅណា​អស់ហើយ? Chatទៅ​លែង​ឆ្លើយ​តម គ្រាន់តែ seen! Call ទៅបាន​ត្រឹមតែ Call នាង​លែង​លើក​ហើយ! សូម្បី​ត្រឹមតែ​ធ្វើ​ជា​​មិត្តភ័ក្ដិ​ក៏​យើង​មិន​អាច​ដែរ​មែន​ទេ​? ខ្ញុំ​សង្ឃឹមថា​នាង​ផ្ដល់ឱកាស​ឱ្យ​ខ្ញុំ​ខ្លះ​។

 

បើសិនជា​អូន​​បានឃើញ​អត្ថបទ​នេះ​ បង​សង្ឃឹមថា​អូន​​នឹង​ឈប់​ស្អប់​បង​​។ សុំ​ត្រឹមតែ​ឈប់​ស្អប់​​បង​ទៅ​បានហើយ​ណ៎ា! ពេលវេលា​ដែល​យើង​ស្គាល់​គ្នា​៦ឆ្នាំ​ហើយ។ មកដល់ពេលនេះ អ្វីដែល​ពួកយើង​បាន​បង្កើតឡើង តើ​​ចង់​ឱ្យ​វា​ចប់​ត្រឹមនេះ​មែន​ទេ? បង​នៅតែ​រង់ចាំ​អូន​​ជានិច្ច​ណា​ក្មេង​ល្អ​របស់​​បង!

 

និស្ស័យ​អាច​ឱ្យ​យើង​ជួប​ ក៏​អាច​ឱ្យ​យើង​បែក

អត្ថបទ៖ Moon

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: kong.chanvanneng@sabay.com

ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧

ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា