មេធាវី​របស់ Angelina Jolie មិន​ទទួល​អតិថិជន​ដែល​មាន​ទ្រព្យ​សម្បត្តិ​ក្រោម​១០​លាន​ដុល្លារ

  • 2016-09-26 18:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​បណ្ដឹង​លែងលះ​លើក​ទី​៣​របស់​ខ្លួន កំពូល​តារា​សម្ដែង​ហូលីវូដ Angelina Jolie បាន​ត្រលប់​មក​ពឹង​ពាក់​មេធាវី​ដែល​បាន​ជួយ​នាង​បែក​គ្នា​ជាមួយ​អតីត​ស្វាមី​កាល​ពី​១៤​ឆ្នាំ​មុន។

 

 

មេធាវីរូបនោះ​មិន​ទទួល​ពាក្យ​បណ្ដឹង​របស់​អតិថិជន​ដែល​មាន​ទ្រព្យ​សម្បត្តិ​ក្រោម​១០​លាន​ដុល្លារ គិត​តម្លៃ​ខ្លួន​៨៥០​ដុល្លារ​ក្នុង​មួយ​ម៉ោង និង​ត្រូវ​កក់​លុយ​មុន​២៥០០០​ដុល្លារ។ នោះ​គឺ​មេធាវី​ស្រី Laura Wasser អ្នក​តំណាង​ផ្នែក​ច្បាប់​របស់​តារា​សម្ដែង​អាមេរិក Angelina Jolie នៅ​ក្នុង​បណ្ដឹង​លែងលះ​ជាមួយ​ស្វាមី Brad Pitt។

 

មេធាវី​រូប​ស្រស់​ម្នាក់​នេះ​ក៏​ជា​អ្នក​តំណាង​របស់​តួ​រឿង "Tom Raiders” នៅ​ក្នុង​បណ្ដឹង​លែង​លះ​ជាមួយ​តារា​សម្ដែង Billy Bob Thornton កាល​ពី​ឆ្នាំ​២០០២​ផង​ដែរ។ Laura Wasser ត្រូវ​គេ​ដាក់​រហស្សនាម​ឲ្យ​ថា​ជា​ "រាជិនី​លែងលះ" ​របស់​ហូលីវូដ​ព្រោះ​ក្រុម​តារា​តែង​ស្វែង​រក​នាង​នៅ​ពេល​ពួក​គេ​ចង់​បែក​គ្នា​ជាមួយ​ដៃ​គូ​របស់​ខ្លួន។ ក្រោយ Angelina មេធាវី​វ័យ​៤៨​ឆ្នាំ​រូប​នេះ​ចាប់​ផ្ដើម​សាង​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​នៅ​ពេល​នាង​បាន​ជួយ​ឲ្យ Britney Spears ឈ្នះ​ក្ដី និង​ដណ្ដើម​បាន​សិទ្ធិ​ចិញ្ចឹម​កូន​ទាំង​២។

 

 

ក្រៅ​កំពូល​តារា​ទាំង​២​ខាង​លើ អតិថិជន​របស់ Laura រួម​មាន​សិល្បករ​លំដាប់Aរបស់​ហូលីវូដ​ជា​ច្រើន​រូប​ដូច​ជា Robyn Moore, Nick Lachey, Ryan Reynolds, Kim Kardashian, Heidi Klum, Ashton Kutcher, Denise Richard, Stevie Wonder(២ដង) ជា​ដើម។ ថ្មី​នេះ​បំផុត មេធាវី​កើត​ឆ្នាំ​១៩៦៨ បាន​ក្លាយ​ជា​អ្នក​តំណាង​ឲ្យ​តារា​ប្រុស Johnny Depp ជាមួយ​ប្រពន្ធ​វ័យ​ក្មេង Amber Heard។

 

អតិថិជនរបស់ Laura

 

មេធាវី​ល្បី​ឈ្មោះ​រូប​នេះ​ផ្ទាល់​ក៏​ធ្លាប់​ប្រេះ​ស្រាំ​នៅ​ក្នុង​អាពាហ៍ពិពាហ៍​​ផង​ដែរ។ អតិថិជន​ទី​១​របស់​នាង​គឺ​រូប​នាង​ផ្ទាល់​ដោយ​នារី​ម្នាក់​នេះ​បាន​លែងលះ​ប្ដី​ក្នុង​ឆ្នាំ​១៩៩៣។ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​បណ្ដាញ​ព័ត៌មាន Telegraph, Laura បាន​ចែក​រំលែក​ថា កាល​ណា​តារា​នៅ​តែ​រៀបការ នោះ​នាង​នឹង​នៅ​តែ​ជួប​អតិថិជន​ចាស់​របស់​ខ្លួន​ទៀត៕

 

 
 

ចុចអាន៖Brad Pitt កំពុង​ត្រូវ FBI ស៊ើប​អង្កេត​រឿង​​វាយ​ធ្វើ​បាប Maddox

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖theguardian