បាន​ត្រឹម​អាណិត តែ​មិន​អាច​​ជួយ​អ្វី​បាន​

  • 2017-04-03 09:34:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាន​ត្រឹម​អាណិត តែ​មិន​អាច​​ជួយ​អ្វី​បាន​ហើយ​អាយុ​ប្រហែល​៨​ឆ្នាំ។ កាល​នោះ​គេ​ល្បី​ណាស់​ហ្គេម​ទូរ​តាម​ផ្ទះ​ក្បែរ​សាលា​ ហ្គេម​ចាក់​សេះ​អី​ហ្នឹង (ក្មេង​ដែល​កើត​ឆ្នាំ​90ជាង​ប្រហែល​ជា​ស្គាល់​ហើយ)។ ការ​ពិត​ខ្ញុំ​ជា​ក្មេង​ស្រី​ទេ មិន​លេង​ហ្គេម​អី​អស់​ហ្នឹង​ឡើយ តែ​ខ្ញុំ​ដើរ​តែ​ជាមួយ​ប្រុសៗ​ទេ។ ពេល​នោះ​មិត្តភ័ក្ដិ​ខ្ញុំ​វា​ចូល​លេង​ហ្គេម វា​ឱ្យ​ខ្ញុំ​អង្គុយ​ចាំ​ផ្លូវ​ឱ្យ​វា បើ​ឃើញ​ម៉ែ​វា​ជិះ​ម៉ូតូ​មក​ពី​ផ្សារ ខ្ញុំ​ត្រូវ​ចូល​ទៅ​ហៅ​វា ព្រោះ​ថា​បើ​ម៉ែ​វា​អត់​ឃើញ​វា​នៅ​ផ្ទះ វា​ប្រាកដ​ជា​ត្រូវ​រំពាត់។ ដូច្នេះ​ខ្ញុំ​ក៏​អង្គុយ​ក្នុង​រោង​មុខ​ផ្ទះ​ទូរ​ហ្គេម​នោះ។ ពេល​នោះ​ឃើញ​មិត្តភ័ក្ដិ​ខ្ញុំ​ម្នាក់​ដែល​រៀន​ជាមួយ​គ្នា អង្គុយ​លេង​ជាមួយ​ក្មេង​ៗ​នៅ​ម្ដុំ​នោះ​ដែរ ខ្ញុំ​ក៏​បក់​ដៃ​ហៅ​នាង​ដើម្បី​មក​ជជែក​គ្នា​លេង។

ឃើញ​ហើយ នាង​ក៏​ញញឹម ហើយ​ភ្លាម​នោះ​ខ្ញុំ​ក៏​ចាប់​អារម្មណ៍​ថា នាង​មិន​មែន​ជា​មិត្តភ័ក្ដិ​ខ្ញុំ​ទេ ការ​ពិត​ខ្ញុំ​មើល​មនុស្ស​ច្រឡំ​សោះ។ នាង​រត់​ជើង​ពីរ ជើង​បី​ហើយ​​លើក​ថាស​នំ​មក។ ខ្ញុំ​ភ្ញាក់​ព្រើត មិន​ដឹង​ធ្វើ​​ម៉េច​ ព្រោះ​ខ្លួន​ឯង​អត់​​មាន​លុយ​មួយ​រយ​ជាប់​ខ្លួន​ទេ។ កាល​នោះ​នៅ​ក្រ​ដែរ (ឥឡូវ​ក៏​មិន​សូវ​មាន) ម៉ែ​មិន​ដែល​ឱ្យ​លុយ​ចាយ​ផ្ដេសផ្ដាស​ទេ។

ពេល​នាង​មក​ដល់​ខ្ញុំ​ធ្វើ​ពុត​ជា​សួរ៖ «លក់​អី​ហ្នឹង?» នាង​ថា៖ «នំ​ផ្លែ​អាយ!» ខ្ញុំ​ធ្វើ​ជា​គ្រវី​ក្បាល​ថា៖ «ខ្ញុំ​មិន​ចេះ​ញ៉ាំ​ទេ!» នាង​ធ្វើ​មុខ​ស្អុយ​ហើយ​ក៏​លើក​ថាស​ត្រឡប់​ទៅ​វិញ។ ការ​ពិត​ទៅ ខ្ញុំ​ពេល​នោះ​មិន​ទាំង​ស្គាល់​ថា​នំ​ផ្លែ​អាយ​យ៉ាង​ម៉េច​ផង! តែ​បើ​ពេល​នោះ​មាន​លុយ​ក៏​ជួយ​ទិញ​នាង​ដែរ ព្រោះ​អាណិត​នាង​ណាស់​ដែល​ខំ​ទូល​នំ​លក់។ តែ​ធ្វើ​យ៉ាង​ម៉េច​ បើ​ខ្ញុំ​អត់​ដែរ...

អត្ថបទ៖ ភ្លេចភ្លាំង