ចាំរូបថតល្បីនេះទេ? ឥឡូវឪពុកក្មេងស្វែងរកមេធាវី​ការពារ​រូប​ថតនេះហើយ

  • 2017-07-04 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​មួយ​សន្លឹក​បង្ហាញ​ពី​ ឪពុក​សុខ​ចិត្ត​កាន់​ឆត្រ​ទទូរ​ឲ្យ​កូន​ប្រុស​​ពេល​មេឃ​កំពុង​ភ្លៀង​ទាំង​ខ្លួន​ឯង​ទទឹក​ខ្លួន​ជោក ត្រូវ​បាន​គេ​ចែក​​ចាយ​​លើ​អ៊ីនធឺណិត​​​ស្ទើរ​ពាស​ពេញ​ពិភព​លោក ​កាល​​ពី​ប៉ុន្មាន​ឆ្នាំ​មុន ព្រោះ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ទឹក​ចិត្ត​ឪពុក​ចំពោះ​កូន។

បុរស​ជា​ឪពុក​ត្រូវ​​​គេ​ដឹង​ថា ជា​ជន​ជាតិ​ចិន​មាន​ឈ្មោះ Liu Qiao ​ត្រូវ​បាន​​គេ​លួច​ថត​ក្នុង​ឆ្នាំ ២០១៥ ពេល​គាត់​មក​យក​កូន​ប្រុស​ចេញ​ពី​សាលារៀន​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​សង្កាត់​ Flushin ទីក្រុង​ញូវយ៉ក ​សហរដ្ឋ​អាមេរិក។

ចាប់​តាំង​ពី​ពេល​នោះ​មក រូប​ថត​មួយ​សន្លឹក​នេះ​ត្រូវ​បាន​គេ​ចែក​ចាយ​យ៉ាង​ទូលំទូលាយ​លើ​បណ្ដាញ​សង្គម ដោយ​ភាគច្រើន​​មិនមែន​សម្រាប់​អាជីវកម្ម​ឡើយ។ ​ប៉ុន្តែ​នា​ពេល​ថ្មី​នេះ​ៗ ​លោក Liu ​បាន​រក​ឃើញ​ថា មាន​សហគ្រាស និង​ក្រុមហ៊ុន​ជា​ច្រើន​បាន​យក​រូប​ថត​នេះ​សម្រាប់​ធ្វើ​អាជីវកម្ម​ដូច​ជា​ក្រុមហ៊ុន​ផលិត​ស្រា Wuliangye និង​ក្រុមហ៊ុន​លក់​ទំនិញ​​អន​ឡាញ JD ​ជា​ដើម។

បើ​តាម​​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចិន The Paper ​បាន​ផ្សាយ​ថា​ រូប​ថត​ឪពុក​កូន​ត្រូវ​បាន​គេ​ឃើញ​នៅ​លើ​ផ្ទាំង​រូប​ភាព Poster ​បិត​តាម​ស្ថានីយ​រថភ្លើង​ក្រោម​ដី Shanghai Metro តាំង​ពី​ពាក់​កណ្ដាល​ខែ​មិថុនា អម​ជា​មួយ​ឃ្លា​ថា Imperfect Father, Perfect Love ។

ក្រោយ​បាន​ឃើញ​រូប​ថត​របស់​ខ្លួន​ត្រូវ​គេ​ប្រើ​ប្រាស់​ដោយ​មិន​សុំ​ការ​អនុញ្ញាត​ លោក Liu ​សម្រេច​ចិត្ត​ស្វែង​រក​មេធាវី ព្រោះ​គាត់​មាន​អារម្មណ៍​​ មិន​សប្បាយ​ចិត្ត​ពេល​ឃើញ​គេ​ប្រើ​សម្រាប់​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម ​ជា​ពិសេស​ខាង​​​ស្រា​តែ​ម្ដង​។

លោក​និយាយ​ថា " ខ្ញុំ​យល់​ព្រម​ដែល​ប្រើ​រូប​ថត​​សម្រាប់​បម្រើ​សាធារណជន ​ប៉ុន្តែ​រូប​នេះ​​ត្រូវ​បាន​​ក្រុមហ៊ុន​ផ្សេង​ៗ​ប្រើ​ច្រើន​ឡើង​ៗ រួម​ទាំង​ការ​កាត់​ត​ទៀត​ផង។ មេធាវី​របស់​ខ្ញុំ​បាន​ផ្ញើ​លិខិត​​ទៅ​ក្រុម​ហ៊ុន​ទាំង​នោះ​ហើយ។ ខ្ញុំ​សង្ឃឹម​ថា ​ពួក​គេ​នឹង​ឈប់​ប្រើ​រូប​របស់​ខ្ញុំ ដើម្បី​​ទាញ​ផល​ប្រយោជន៍​ទៀត​៕

ចុចអាន៖

ប្រភព៖ CGTN   ប្រែ​សម្រួល៖ ឡេង ភារុណ