ផ្កា​ចាហួយ​​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​សៀមរាប ដល់​ខែ​រីក​ស្គុះស្គាយ​ទៀត​ហើយ

  • 2017-07-27 07:40:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ឡូយ សុវណ្ណ រស់​នៅ​ក្បែរ​ភ្នំ​អំពិល ក្នុង​ភូមិ​ពាក់​ស្នែង ឃុំ​ពាក់​ស្នែង​ស្រុក​អង្គរ​ធំ ខេត្ត​សៀមរាប បាន​ប្រាប់​មក​កាន់​ Sabay ថា​ នៅ​ខែ​ក្រោយ​នេះ​ រហូតដល់ខែតុលា ផ្កា​ចាហួយ​ដ៏​ស្រស់​ស្អាត​បំផុត​នៅ​ភ្នំ​អំពិល ចាប់​ផ្ដើម​រីក​ស្គុះស្គាយ​ទៀត​ហើយ អ្នក​ដែល​ចូល​ចិត្ត​តំបន់​ធម្មជាតិ​ទេសភាព​ស្រស់​​ត្រកាល​អាច​អាច​ទៅ​លេង​កម្សាន្ត​បាន។

លោក​ ឡូយ សុវណ្ណ បាន​ប្រាប់​ទៀត​ថា បច្ចុប្បន្ន​នៅ​ទី​នោះ​មិន​ទាន់​បាន​អភិវឌ្ឍ​ ជា​តំបន់​ទេសចរណ៍​នោះ​ទេ ភាគ​ច្រើន​អ្នក​ទៅ​លេង​កម្សាន្ត​ជា​អ្នក​ស្រុក​ក្បែរ​នោះ​ដែល​ស្គាល់​តៗ​គ្នា។ ចំពោះ​ភ្ញៀវ​ទេសចរណ៍​ ចង់​ទៅ​លេង​កម្សាន្ត​មិន​អាច​ធ្វើ​ដំណើរ​តាម​រថយន្ត​បាន​ទេ ត្រូវ​ជួល​គោយន្ត​អ្នក​ភូមិ​ពាក់​ស្នែង​ជិះ​ពេញ​មួយ​ថ្ងៃ​តម្លៃ ២០​ដុល្លារ​ប៉ុណ្ណោះ អាច​ជិះ​បាន​គ្នា​២៤​នាក់។

ទៅ​ដល់​ទីនោះ​ភ្ញៀវ​ទេសចរ​ប្រាកដ​ជា​លង់​នឹង​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​បំផុត មាន​វាល​ស្មៅ​ខៀវ​ស្រងាត់​ដាច់​កន្ទុយ​ភ្នែក ជា​ពិសេស​ផ្កា​ចាហួយ​រំលេច​ពណ៌​ផ្កា​ឈូក​គួរ​ឱ្យ​គយគន់​ក្រៃ​លែង។ អ្នក​ទៅ​លេង​កម្សាន្ត​វេច​ខ្ចប់​អាហារ​យក​ទៅ​ញ៉ាំ ឬ​ក៏​អាច​ឱ្យ​អ្នក​ភូមិ​ចម្អិន​ឱ្យ​ក៏​បាន​ដែរ​ក្នុង​តម្លៃ​សមរម្យ និង​ជា​អាហារ​របស់​ភូមិ​ផ្ទាល់​។

គួរ​ឱ្យ​សោក​ស្ដាយ​ផ្កា​ចាហួយ​មួយ​ចំនួន​ត្រូវ​បាន​អ្នក​ទៅ​លេង​ទី​នោះ​នាំ​គ្នា​ដក​លេង ឬ​កាច់​ចោល​ធ្វើ​ឱ្យ​ផ្កា​ដ៏​ស្រស់​ស្អាត​ទាំង​នោះ​នៅ​មិន​បាន​យូរ​។ ដូច្នេះ​ហើយ​ជា​ការ​សំណូម​ពរ​ ប្រសិន​បើ​បាន​ទៅ​ដល់​ទី​នោះ​ហើយ​អាច​ត្រឹម​ទស្សនា​កម្សាន្ត ថត​រូប​លេង​ប៉ុន្តែ​មិន​គួរ​នាំ​គ្នា​កាច់​ចោល​នោះ​ទេ ដើម្បី​រក្សា​បាន​នូវ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​បំព្រង​នេះ៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

​​ ​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ ផ្ដល់ឱ្យ

អត្ថបទពេញនិយម