ចង់​​​ថត​​រូប​​​​​ឆ្នេរ​សមុទ្រ​ឲ្យ​ទាក់​ទាញ​ អនុវត្ត​តិច​និក​ទាំង​នេះ​

  • 2017-07-29 02:55:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​សម្រាក​ចុង​សប្តាហ៍ ឬ​ថ្ងៃ​បុណ្យ ជា​ពេលវេលា​ដ៏​ល្អ សម្រាប់​លំហែកាយ​ជា​មួយ​គ្រួសារ ឬ​មិត្តភក្ដិ​ទៅ​តាម​ទីកន្លែង​ផ្សេងៗ ជាពិសេស​ឆ្នេរសមុទ្រ​។ ការ​ធ្វើ​ដំណើរការ​កំសាន្ត ប្រាកដ​ណាស់​ថា នឹង​អាច​ថតរូប​ជាច្រើន​ជា​មួយ​ទិដ្ឋភាព​នៅ​ទីនោះ​។ នៅ​ឆ្នេរ​សមុទ្រ មាន​មេឃ ទឹក ខ្សាច់ ផ្ទៃមេឃ ឬ​ដើមឈើ សុទ្ធ​តែ​ជា​ផ្នែក​សំខាន់ និង​គួរ​អោយ​ចាប់​អារម្មណ៍​។

​អត្ថបទ​ខាងក្រោមនេះ អាចជួយ​អ្នក​ឲ្យ​យល់​កាន់​តែ​ច្រើន នូវ​ការ​ថត​រូប​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ថត​រូប​បាន​ស្អាត។

១)អ្នក​គួរ​ស្វែងរក subject ណា​ដែល​ចាប់​អារម្មណ៍​៖

រូបភាព​ឆ្នេរសមុទ្រ​ត្រូវ​ការ​ថត​បែប​ធំ​ទូលាយ ដោយសារ​មាន​ទាំង​ខ្សាច់ និង​សមុទ្រ​។ ក្រៅ​ពី​នេះ អ្នក​គួរ​ពិនិត្យ​កត្តា​មួយ​ចំនួន ដែល​អ្នក​គួរ​ចាប់​អារម្មណ៍​៖ ខ្សាច់​ ថ្ម​ កម្ទេចកំទី​លើ​ឆ្នេរ​ ជីវិត​ចំរុះ​ ទឹក វត្ថុ​ដែល​មាន​លើ​ឆ្នេរ​

២)COMPOSITION

Composition ជា​ផ្នែក​សំខាន់​ចំពោះ​ការ​ថតរូប​ឆ្នេរ​សមុទ្រ​។ អ្នក​គួរ​ស្វែងរក composition ដែល​ទាក់ទាញ​ភ្នែក​ទៅ​នឹង​ទិដ្ឋភាព​នោះ ដោយ​ធ្វើ​យ៉ាង​ណា​អោយ​ផ្ទៃ​ខាង​មុខ​នៃ​រូបភាព​គួរ​ជា​ទី​ចាប់​អារម្មណ៍ ដូចជា​ប្រើ​មាត់​ឆ្នេរ​បង្កើត​ជា​ផ្លូវ​ទៅ​នឹង​រូបភាព​ជា​ដើម​។ ពេល​ថត​រូប​ឆ្នេរ​សមុទ្រ ដែល​មាន​សមុទ្រ និង​ខ្សាច់ អ្នក​គួរ​ប្រើប្រាស់​រូបមន្ត Rule of Thirds ដោយ​ថត​ផ្តេក​កំណត់​យក​ចំនុច​កណ្តាល​ជា​គោល ដែល​ធ្វើ​អោយ​រូបភាព​មើល​ទៅ​បែប​ធម្មជាតិ​ស្អាត​ល្អ​តែ​ម្តង​។

៣)ពន្លឺ

មនុស្ស​ភាគច្រើន​ថត​រូប​ឆ្នេរសមុទ្រ ពេលថ្ងៃត្រង់ ពេល​ព្រះអាទិត្យ​មាន​ពន្លឺ​ខ្លាំង​។ វា​អាច​មាន​បញ្ហា​ដែល​ធ្វើ​អោយ​មាន​ចំណាំង​ពន្លឺ​ជះ​ខ្លាំង ដោយ​បង្កើត​អោយ​មាន​តំបន់​ភ្លឺ​ខ្លាំង និង​ស្រមោល​ងងឹត​ខ្លាំង លើ​រូបភាព ដែល​អាច​ធ្វើ​អោយ​បាត់បង់​ភាព​ច្បាស់ ទាំង​តំបន់​ភ្លឺ និង​ងងឹត​។ អ្នក​គួរ​ថត​ពេល​ព្រលឹម ឬ​ល្ងាច ដោយ​មាន​ពន្លឺ​ស្រទន់​ល្អ ដែល​ធ្វើ​អោយ​រូបភាព​ច្បាស់​ស្អាត​។

៤)ប្រើប្រាស់ POLARIZING FILTER

Polarizing filter ដំណើរការ​យ៉ាង​ល្អ​ក្នុង​ការ​ថត​រូប​ឆ្នេរ​សមុទ្រ ដែល​ជួយ​ធ្វើ​អោយ​ផ្ទៃ​មេឃ​មាន​ពណ៌​ខៀវ​ល្អ ហើយ​ធ្វើ​អោយ​ពណ៌​ភ្លឺ​ល្អ និង​រស់រវើក​។ វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ចំណាំង​ពន្លឺ ដែល​ធ្វើ​អោយ​រូបភាព​ស្អាត​ស្រទំ​ល្អ​ផង​ដែរ​។

៥)ប្រើប្រាស់ EXPOSURE បាន​ត្រឹមត្រូវ​

ខ្សាច់ ដូច​នឹង​ព្រិល​ដែល​ជា​ធាតុ​មាន​ចំណាំង​ពន្លឺ​ខ្ពស់ ដោយ​ការ​បញ្ជូន​ពន្លឺ​ទៅ​កាន់ sensor របស់​កាមេរ៉ា ដូច្នេះ​ពេល​អ្នក​ប្រើប្រាស់ auto exposure mode វា​នឹង​ធ្វើ​អោយ​រូបភាព​ឆ្នេរ​សមុទ្រ​ប្រែ​ងងឹត​។  អ្នក​គួរ​ព្យាយាម​កំណត់​តម្លៃ f-stop នៃ exposure អោយ​បាន​ត្រឹមត្រូវ​ដើម្បី​ជួយ​ស្ដារ​ពណ៌​ធម្មជាតិ​របស់​ឆ្នេរសមុទ្រ ពេល​ថត​។ សម្រាប់​តំបន់​មាន​ពន្លឺ​ផ្ទុយ​គ្នា រវាង​ដី​ខ្សាច់​ភ្លឺ និង​ស្រមោល អ្នក​ប្រហែល​មិន​អាច​កំណត់ exposure ទាំង​ពីរ​តំបន់​បាន​ត្រឹមត្រូវ​នោះ​ទេ​។ អ្នក​គួរ​ជ្រើសរើស​តំបន់​ណា​មួយ រួច​ប្រើ spot metering ដើម្បី​វាស់​កម្រិត​ពន្លឺ​។ អ្នក​មិន​គួរ​ថត​រូប​ឆ្នេរសមុទ្រ ចំ​ព្រះអាទិត្យ​មាន​ពន្លឺ​ខ្លាំង​នោះ​ទេ ដែល​អាច​ធ្វើ​អោយ​អ្នក​ពិបាក​កំណត់​ពន្លឺ​។

៦)ការពារ​កាមេរ៉ា​ពី​ខ្សាច់​

អ្នក​គួរ​រក្សា​កាមេរ៉ា អោយ​ឆ្ងាយ​ពី​ខ្សាច់ ដោយ​ដាក់​នៅ​ក្នុង​កាបូប កុំ​ដាក់​ផ្ទាល់​នឹង​ខ្សាច់ ហើយ​ពិសេស​កំឡុង​ពេល​ថត អ្នក​គួរ​បំពាក់​ខ្សែ​ភ្ជាប់​នឹង​កាមេរ៉ា ដែល​ការពារ​ពី​ការ​ធ្លាក់​ដោយ​ចៃដន្យ​។

បន្ទាប់​ពី​អាន​ការ​ណែនាំ​ខាងលើ​នេះ អ្នក​ទាំង​អស់​អាច​សាក​ល្បង​ទៅ​លេង​សមុទ្រ នឹង​ទាញ​យកកាមេរ៉ា​ប្រភេទ​ណាក៏បាន យក​មក​អនុវត្ត សង្ឃឹម​ថា​អ្នក​នឹង​ទទួល​បាន​លទ្ធផល​ដ៏​គាប់​ចិត្ត​មួយ៕

ប្រភព៖ Photography Mad   ប្រែសម្រួល៖ ប៊ុន ធឿន

អត្ថបទពេញនិយម