ក្រុម​អ្នក​ជិះ​ម៉ូតូ​ធំ នាំ​គ្នា​ដេញ​តាម​រថយន្ត​ជួយ​នារី​ម្នាក់ ធ្វើ​ឲ្យ​គ្រប់​គ្នា​រំភើប​ចិត្ត

  • 2017-08-09 03:32:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ក្រុម​អ្នក​ជិះ​ម៉ូតូ​ធំ​ជា​យុវជន កំពុង​ទទួល​ទាន​អាហារ
  • នារី​រង​គ្រោះ​ស្រែក​ឲ្យ​ជួយ​នៅ​ម៉ោង​ប្រហែល ៩យប់
  • ក្រុម​អ្នក​ជិះ​ម៉ូតូ នាំ​គ្នា​ជិះ​ម៉ូតូ​ព័ទ្ធ និង​យក​ដុំ​ថ្ម​គប់

យុវជន​ក្នុង​ក្រុម​អ្នក​ជិះ​ម៉ូតូ​ធំ​មួយ​ក្រុម បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​រំភើប​ចិត្ត បន្ទាប់​ពី​ព្យាយាម​ជិះ​ដេញ​តាម​រថយន្ត​ជួយ​សង្គ្រោះ​នារី​ម្នាក់ ដែល​ត្រូវ​បុរស ៣​នាក់​ចាប់​ជំរិត។

ម៉ោង​ប្រមាណ ៩យប់ ក្រុម​អ្នក​ជិះ​ម៉ូតូ​ធំ​នោះ កំពុង​ទទួល​ទាន​អាហារ ហើយ​ក៏​ឮ​សម្រែក​នារី​ម្នាក់។ បន្ទាប់​មក ពួក​គេ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ធំ​ដេញ​តាម និង​ព័ទ្ធ​រថយន្ត ព្រម​ទាំង​យក​ដុំ​ថ្ម​គប់ រហូត​រថយន្ត​នោះ​ឆាប​ឆេះ​ឡើង មុន​ពេល​ប៉ូលិស​ទៅ​ដល់។ ជន​ល្មើស ២នាក់ ត្រូវ​ក្រុម​អ្នក​ជិះ​ម៉ូតូ​ធំ ប្រគល់​ទៅ​ឲ្យ​ប៉ូលិស ឯ​ជន​ទី៣ រត់​គេច​ខ្លួន​បាត់។

យុវជន​ម្នាក់​ឈ្មោះ Aman Goyal ដែល​ជា​សមាជិក​ក្រុម​ម៉ូតូ​ធំ បាន​និយាយ​ថា៖ "នារី​នោះ​កំពុង​ភ័យ​ខ្លាំង និង​ភ្លឹក​ភ្លាំង​ស្មារតី នៅ​ពេល​ពួក​យើង​ជួយ​សង្គ្រោះ​នាង"។

នារី​រង​គ្រោះ​ដែល​មាន​វ័យ​ប្រមាណ ២០​ឆ្នាំ បាន​ប្រាប់​ប៉ូលិស​ថា នាង​ជា​អ្នក​រស់​នៅ​​សង្កាត់​មួយ​នៃ​រដ្ឋធានី​ញូដេលី។ នាង​ស្គាល់​ជនល្មើស​ម្នាក់​ដែល​បាន​ចាប់​នាង និង​បបួល​នាង​ឲ្យ​ជិះ​រថយន្ត​ជាមួយ​ពេល​ចេញ​ពី​ធ្វើ​ការ។ នៅ​ពេល​ចូល​ដល់​ក្នុង​រថយន្ត នាង​ស្រាប់​តែ​ប្រទះ​ឃើញ​បុរស​ប្លែក​មុខ ២​នាក់​ផ្សេង​ទៀត។

ក្រោយ​មក ជន​ល្មើស​ទាំង​នោះ ក៏​បាន​ចាប់​ផ្ដើម​ប៉ះ​ខ្លួន​នាង និង​ដោះ​សំលៀក​បំពាក់ តែ​នាង​បាន​ស្រែក​ឲ្យ​គេ​ជួយ រហូត​មាន​ជំនួយ​ពី​ក្រុម​អ្នក​ជិះ​ម៉ូតូ​ធំ។ ជន​ទាំង ៣​នាក់ ដែល​ចាប់​បាន​នោះ អាច​ត្រូវ​ចោទ​ប្រកាន់​ពី​បទ បំពារបំពាន​រាង​កាយ​នារី និង​ចាប់​ជំរិត​មនុស្ស​ដោយ​ខុស​ច្បាប់៕

ចុចអាន​អត្ថបទ៖

ប្រភព៖ Indiatimes   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទពេញនិយម