២កន្លែងនៅកម្ពុជាមានផ្កាដ៏ល្វឹងល្វើយស្អាតបំផុត មិនចាញ់ស្រុកគេ
- 2017-08-11 00:52:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២កន្លែងនៅកម្ពុជាមានផ្កាដ៏ល្វឹងល្វើយស្អាតបំផុត មិនចាញ់ស្រុកគេ
ចន្លោះមិនឃើញ
ថ្ងៃនេះ Sabay សូមនាំប្រិយមិត្តទៅលេងកម្សាន្តនៅតំបន់២កន្លែង ក្នុងប្រទេសកម្ពុជាមានផ្កាកំពុងរីកស្គុះស្គាយបញ្ចេញសម្រស់ដ៏ស្រស់ស្អាតកម្របានឃើញ។ ចង់ដឹងថា តើទាំង២កន្លែងនោះ មាននៅទីណាខ្លះ? តោះទៅស្គាល់ទាំងអស់គ្នាណា!
១. ផ្កាចាហួយនៅសៀមរាប
បើតាមការឱ្យដឹងពីលោក ឡូយ សុវណ្ណ រស់នៅក្បែរភ្នំអំពិល ក្នុងភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បានប្រាប់មកកាន់ Sabay ថា នៅខែក្រោយនេះ រហូតដល់ខែតុលា ផ្កាចាហួយដ៏ស្រស់ស្អាតបំផុតនៅភ្នំអំពិល ចាប់ផ្ដើមរីកស្គុះស្គាយទៀតហើយ អ្នកដែលចូលចិត្តតំបន់ធម្មជាតិទេសភាពស្រស់ត្រកាលអាចទៅលេងកម្សាន្តបាន។
លោក ឡូយ សុវណ្ណ បានប្រាប់ទៀតថា បច្ចុប្បន្ននៅទីនោះមិនទាន់បានអភិវឌ្ឍ ជាតំបន់ទេសចរណ៍នោះទេ ភាគច្រើនអ្នកទៅលេងកម្សាន្តជាអ្នកស្រុកក្បែរនោះដែលស្គាល់តៗគ្នា។ ចំពោះភ្ញៀវទេសចរណ៍ ចង់ទៅលេងកម្សាន្តមិនអាចធ្វើដំណើរតាមរថយន្តបានទេ ត្រូវជួលគោយន្តអ្នកភូមិពាក់ស្នែងជិះពេញមួយថ្ងៃតម្លៃ ២០ដុល្លារប៉ុណ្ណោះ អាចជិះបានគ្នា២៤នាក់។
ទៅដល់ទីនោះភ្ញៀវទេសចរប្រាកដជាលង់នឹងសម្រស់ធម្មជាតិដ៏ស្រស់ស្អាតបំផុត មានវាលស្មៅខៀវស្រងាត់ដាច់កន្ទុយភ្នែក ជាពិសេសផ្កាចាហួយរំលេចពណ៌ផ្កាឈូកគួរឱ្យគយគន់ក្រៃលែង។ អ្នកទៅលេងកម្សាន្តវេចខ្ចប់អាហារយកទៅញ៉ាំ ឬក៏អាចឱ្យអ្នកភូមិចម្អិនឱ្យក៏បានដែរក្នុងតម្លៃសមរម្យ និងជាអាហាររបស់ភូមិផ្ទាល់។
គួរជម្រាបជូនថា ភ្នំអំពិលមានទីតាំងនៅ ភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរជុំ ខេត្តសៀមរាប មានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមខេត្ត។
២. ផ្កាចង្រងស្វាដ៏ស្រស់ស្អាតនៅខេត្តកំពង់ស្ពឺ
ផ្កាមួយប្រភេទដែលអ្នកស្រុកហៅថា ផ្កាចង្រងស្វា កំពុងរីកយ៉ាងស្គុះស្គាយលើផ្ទៃដីរាប់ហិចតា នៅតាមផ្លូវទៅទឹកធ្លាក់ជ្រាវក្នុងខេត្តកំពង់ស្ពឺ ក្នុងភូមិអូរដារ ឃុំអមលាំង ស្រុកថ្ពង បានក្លាយជាទីតាំងដ៏ទាក់ទាញសម្រាប់អ្នកដំណើរនានា។
ផ្កាដ៏ស្រស់បំព្រងនេះកំពុងបង្អួតសម្រស់របស់ខ្លួន ឆាបយកបេះដូងអ្នកដំណើរមិនឱ្យរំលង ដើម្បីផ្ដិតយកទេសភាពដ៏កម្រនេះ។ កាន់តែពិសេសប្រិយមិត្តអាចហួសទៅលេងទឹកធ្លាក់ជ្រាវ ជារមណីយដ្ឋានធម្មជាតិទើបតែរកឃើញថ្មីៗ និងមានទេសភាពដ៏ស្រស់ត្រកាលទៀតផង។ ចំណែកឯផ្លូវក៏ងាយស្រួលធ្វើដំណើរ មានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្ត៕
ចុចអាន៖
ផ្កាចាហួយដ៏ស្រស់ស្អាតបំផុតនៅសៀមរាប ដល់ខែរីកស្គុះស្គាយទៀតហើយ
រមណីយដ្ឋានធម្មជាតិ ៤កន្លែងនៅជិតបង្កើយ ល្បីទេសភាពស្អាត លក់ម្ហូបថោកៗ
ប្រិយមិត្ត អាចលាន់មាត់ បើឃើញផ្កាថ្ម រាប់ម៉ឺនប្រភេទស្អាតបំផុត នៅខេត្តកំពត