ទីបំផុត Anita Yuen បកស្រាយ​​ជម្លោះ​​ជាង​ ២​ទសវត្សរ៍​ជាមួយ ឈិនឡុង

  • 2017-08-21 04:11:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ជាង​ ២២​ឆ្នាំ​ហើយ​ ដែល​មជ្ឈដ្ឋាន​ភាគ​ច្រើន​មាន​ការ​យល់​ច្រឡំ​ ពី​ទំនាក់ទំនង​រវាង​កំពូល​តារា​សម្ដែង​ប្រុស​ Jackie Chan (ឈិន​ ឡុង) និង​តារា​ស្រី​ហុងកុង​ Anita Yuen ថា​មាន​ភាព​ល្អក់កករ​ជាមួយ​គ្នា​ ពេល​ពួកគេសម្ដែង​រឿង​ “Thunderbolt” កាល​ពី​ឆ្នាំ​ ១៩៩៥។

ព័ត៌មាន​នេះ​កើត​ឡើង​ និង​ល្បី​តៗ​គ្នា​ អស់​រយៈ​ពេល​ជាង​ ២ ទសវត្ស​ហើយ​ ហើយ​ពេល​នេះ​តារា​ស្រី​ Anita បាន​ចេញ​មុខ​បកស្រាយ​រាល់​ការពិត ទាក់ទង​នឹង​បញ្ហា​មួយ​នេះ​ហើយ។

កាល​ពី​ថ្ងៃ​សុក្រ​ ទី​ ១៨​ ខែ​សីហា​សប្ដាហ៍​មុន​ Anita បាន​បង្ហោះ​សារ​មួយ​លើ​គណនី Weibo អម​ជាមួយ​រូបថត​​ជុំ​គ្នា​ជាមួយ​លោក​ ឈិន​ឡុង​ ដែល​នាំ​ឲ្យ​បណ្ដាញ​ផ្សព្វផ្សាយ​ជា​ច្រើន​សន្មត​ថា​ជា​ "រូបថត​ប្រចាំ​សតវត្ស”។ តារា​ស្រី​វ័យ​ ៤៥​ ឆ្នាំ​រូប​នេះ​បាន​សរសេរ​ថា៖ "បណ្ដាញ​ផ្សព្វផ្សាយ​ តែង​និយាយខ្ញុំ​ ថា​ជា​តារា​ស្រី​ដែល​ Jackie Chan ខឹង។ តែ​យ៉ាង​ណា​ពេល​នេះ​ ខ្ញុំ​ក៏​សូម​អរគុណ​ ចំពោះ​ការ​សម្រប​សម្រួល​របស់​លោក​ Eric Tsang ដែល​ទី​បំផុត​ខ្ញុំ​បាន​ដឹង​រឿង​ពិត​ហើយ។ អរគុណ​បង​ធំ​ Jackie Chan សម្រាប់​ការ​លើកលែង​ទោស​ នេះ​ជា​កាដូ​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​ ហើយ​ខ្ញុំ​នឹង​បន្ត​ព្យាយាម​ធ្វើ​ជា​តារា​សម្ដែង​ដ៏​ល្អ​ម្នាក់”។

លោក​ Eric Tsang (រូបកណ្ដាល)

នៅ​ពេល​ដែល​ឮ​សំណួរ​ថា​ ហេតុ​អ្វី​បាន​ជា​ ឈិន​ឡុង​ខឹង​នាង? តារា​ស្រី​រូប​នេះ​ឆ្លើយ​ថា៖ "លោក​ (ឈិនឡុង) ប្រាប់​ខ្ញុំ​ថា​ បើ​ខ្ញុំ​មិន​បាន​និយាយ លោក​ក៏មិន​ចាំ​រឿង​ពេល​នោះ​ដែរ។ ជា​ការ​ពិត​ពេល​នោះ​ខ្ញុំ​បាន​ធ្វើ​រឿង​ខុស​ឆ្គង​មួយ​ ដែល​នាំ​ឲ្យ​រៀមច្បង​រូបនេះមាន​អារម្មណ៍​តូច​ចិត្ត​ តែ​ពេល​នេះ​អ្វី​គ្រប់​យ៉ាង​ប្រែជា​ល្អ​វិញ​ហើយ”។

ចុង​បញ្ចប់​នាង​បាន​និយាយ​ថា​៖ "ពេល​នោះ​ខ្ញុំ​គឺ​ជា​តារា​ថ្មី​ថ្មោង​ ទើប​ប្រឡូក​ក្នុង​សិល្បៈ​ ហើយ​មាន​រឿង​​ច្រើន​ ដែល​ខ្ញុំ​មិន​បាន​ដឹង​ រហូត​នាំ​ទុក្ខ​ឲ្យ​មនុស្ស​ជា​ច្រើន។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ ខ្ញុំ​ក៏​ចង់​សុំទោស​ សម្រាប់​អាកប្បកិរិយា​មិន​គប្បី​ពីមុន​របស់​ខ្ញុំដែរ”។

ឈុត​ខ្លះ​ក្នុង​រឿង​ "Thunderbolt"

ទោះ​ជា​យ៉ាង​ណា​ ពេល​នេះ​អ្វី​គ្រប់​យ៉ាង​មាន​លក្ខណៈ​ល្អ​ប្រសើរ​វិញ​ហើយ​ ម្យ៉ាង​នេះ​ក៏​ជា​ព័ត៌មាន​ដ៏​រីករាយ​មួយ ជាពិសេស​មាន​ការ​សាទរ​ជា​ច្រើន​ពី​​អ្នក​គាំទ្រ​តារា​ប្រុស​ស្រី​ទាំង​ ២៕

ចុចអាន៖

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម