បច្ចេកវិទ្យា​ AI ដែល​គេជឿថាអាច​គ្រប់គ្រង​ពិភពលោក​បាន​ ជា​អ្វី?

  • 2017-09-05 04:00:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​កន្លង​មក​នេះ​ប្រធានបទ​អំពី​បច្ចេកវិទ្យា​ AI ​បាន​​ទាក់​ទាញ​ចំណាប់​អារម្មណ៍​បុគ្គល​ល្បីៗ និង សាមញ្ញជន​ជា​ច្រើន។ ជាក់​ស្ដែង​ដូច​ជា​​ថ្មីៗ​​នេះ​​លោក​ ពូទីន​ ប្រធានាធិបតី​ប្រទេស​រុស្សី​បាន​លើក​ឡើង​ថា​ ប្រទេស​ណា​ដែល​ខ្លាំង​ខាង​បច្ចេកវិទ្យា​ AI នឹង​ជា​អ្នក​គ្រប់​គ្រង​ពិភពលោក។ អំពី​បច្ចេកវិទ្យា​​ AI ​នេះ​ដែរ​ មាន​មនុស្ស​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​យល់​ច្បាស់​ថា​វា​ជា​អ្វី​ឲ្យ​ប្រាកដ?

AI ជា​ពាក្យ​កាត់​មក​ពី​ពាក្យ​ពេញ​ថា​ Artificial Intelligence ដោយ​វា​ជា​ប្រព័ន្ធ​កុំព្យូទ័រ​មួយ​ដែល​អាច​ធ្វើ​កិច្ចការ​ទាំង​ឡាយ​​ណា​ ដែល​មនុស្ស​ត្រូវ​​ប្រើ​បញ្ញា​ដើម្បី​ធ្វើ​ទៅ​បាន។ Mary-Anne Williams សាស្ត្រាចារ្យ​​ផ្នែក​រ៉ូបូត​​នៅ​សកលវិទ្យាល័យ​បច្ចេកវិទ្យា​​នា​ទីក្រុង​ស៊ីដនី​បាន​លើក​ឡើង​ថា ៖ "បច្ចេកវិទ្យា​ AI អាច​មាន​លក្ខណៈ​សាមញ្ញ​ដូច​ជា​​កម្មវិធី​ (Program) ដែល​អាច​លេង​អុក​បាន​ ឬ អាច​មាន​លក្ខណៈ​ស្មុគស្មាញ​ដូច​ជា​រថយន្ត​ដែល​បើក​ដោយ​គ្មាន​មនុស្ស​បញ្ជា​”។

លើក​ឧទាហរណ៍​លើ​រថយន្ត​ដែល​បើក​ដោយ​គ្មាន​មនុស្ស​បញ្ជា។ វា​ពឹង​ផ្អែក​​លើ​ Sensor ជា​ច្រើន​ដើម្បី​យល់​​ថា​វា​កំពុង​ស្ថិត​នៅ​ទី​ណា យល់​ពី​ល្បឿន ទិសដៅ និង ទិដ្ឋភាព​ជុំ​វិញ​ខ្លួន​ជា​ដើម។ ជា​មួយ​នឹង​ទិន្នន័យ​ទាំង​នេះ AI អាច​​គ្រប់​គ្រង​រថយន្ត​បាន ​តាម​រយៈ​ការ​សម្រេច​ចិត្ត​ដូច​គ្នា​នឹង​ការ​សម្រេច​ចិត្ត​របស់​មនុស្ស​ ដោយ​ត្រូវ​សម្រេច​ចិត្ត​ថា​គួរ​បត់​ចង្កូត​ពេល​ណា និង គួរ​ជាន់​ហ្គែរ ឬ ជាន់​ហ្វ្រាំង​ពេល​ណា​ជា​ដើម។

នៅ​មាន​ Machine Learning​ មួយ​ទៀត​ដោយ​វា​​ជា​ផ្នែក​​តូច​មួយ​នៃ​ AI ​ដែល​ពាក់ព័ន្ធ​​នឹង​ការ​បង្រៀន​​ Computer Program (កម្មវិធី​កុំព្យូទ័រ) ឲ្យ​​​រៀន​ស្វែង​យល់​​តាម​រយៈ​ការ​ស្វែង​រក​គន្លិកគន្លាក់​នៃ​ទិន្នន័យ (Data)។ ទិន្នន័យ​មាន​កាន់​តែ​ច្រើន​ ប្រព័ន្ធ​កុំព្យូទ័រ​កាន់​តែ​ខ្លាំង។ Toby Walsh សាស្ត្រាចារ្យ​ផ្នែក​ AI ​នៃ​សកលវិទ្យាល័យ​ New South Wales និយាយ​ថា ៖ "មិន​ថា​ជា​ការ​ចំណាំ​វត្ថុ, វិភាគ​​អត្តសញ្ញាណ​មនុស្ស​ក្នុង​រូបថត ឬ សរសេរ​អក្សរ​ចិន​​ជា​ដើម ប្រសិន​បើ​យើង​ជ្រើស​រើស​កិច្ចការ​​មួយ​ផ្នែក​ៗ​តូចៗ​បែប​នេះ ហើយ​ឲ្យ​ទិន្នន័យ​វា​គ្រប់​គ្រាន់​ កុំព្យូទ័រ​នឹង​អាច​ធ្វើ​បាន​ដូច​ជា​មនុស្ស​អ៊ីចឹង ហើយ​អាច​ប្រសើរ​ជាង​មនុស្ស​ទៀត​ផង​​”។

រាល់​ថ្ងៃ​នេះ​មាន​មនុស្ស​ជា​ច្រើន​ដែល​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ AI ទាំង​មិន​ដឹង​ខ្លួន។ AI មាន​នៅ​លើ​ស្មាតហ្វូន​ដូច​ជា​​ជំនួយ​ការ​សំឡេង​ Siri លើ​ iPhone, Google Voice ឬ Alexa របស់​ Amazon ជា​ដើម។ វា​ក៏​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​នាំ​ផ្លូវ​របស់​អ្នក (នៅ​លើ​រថយន្ត ឬ លើ​ទូរសព្ទ) និង​ស្ថិត​នៅ​ក្នុង​កម្មវិធី​​ដែល​អាច​បកប្រែ​ភាសា​បាន​ភ្លាមៗ​ផង​ដែរ។

តើ​ AI អាច​ជួយ​យើង​បាន​ទេ?

​​បច្ចេកវិទ្យា​ ​​​​​​​​​​​​​​​​​​​​AI អាច​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​មនុស្ស​ជាតិ រួម​មាន​​វិស័យ​សុខាភិបាល, បន្ធូរ​បន្ថយ​លើ​​គ្រោះថ្នាក់​នៃ​​កិច្ចការ​​​មួយ​ចំនួន និង ផ្ដល់​ជា​ការ​សម្រេច​ចិត្ត និង ដោះស្រាយ​បញ្ហា​បាន​លឿន​ជា​ដើម។ សាស្ត្រាចារ្យ​ Walash បាន​​លើក​ឡើង​ថា ៖ "រថយន្ត​បើកបរ​ដោយ​គ្មាន​មនុស្ស​បញ្ជា​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​​បាន​ច្រើន ព្រោះ​ ៩៥% នៃ​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង​ដោយ​សារ​ភាព​ខ្ជីខ្ជា​របស់​មនុស្ស"។ គាត់​បន្ថែម​ថា បញ្ហា​ភាគ​ច្រើន​ដែល​ដាក់​បន្ទុក​លើ​ផែនដី​នា​ពេល​បច្ចុប្បន្ន​​អាច​នឹង​ត្រូវ​បាន​កាត់​បន្ថយ​តាម​រយៈ​ការ​សម្រេច​ចិត្ត​ដ៏​​លឿន​ និង ត្រឹម​ត្រូវ​របស់​ប្រព័ន្ធ​កុំព្យូទ័រ។

ប៉ុន្តែ​វា​អាច​ប៉ះពាល់​អ្វី​ខ្លះ​ដល់​មនុស្ស?

មាន​បញ្ហា​កង្វល់​ខ្លះៗ ៖

  • ការ​រីក​ចម្រើន​​ផ្នែក​បច្ចេកវិទ្យា​ AI និង រ៉ូបូត​​អាច​នឹង​ធ្វើ​ឲ្យ​អត្រា​អ្នក​អត់​ការងារ​ធ្វើ​កើន​ឡើង​ខ្ពស់ ដោយ​សារ​វា​ពួក​វា​អាច​ជំនួស​មនុស្ស​បាន​សម្រាប់​កិច្ចការ​មួយ​ចំនួន

  • AI នឹង​បន្ត​បំផ្លាញ​ភាព​ជា​ឯកជន​ និង ប្រជាធិបតេយ្យ​ភាព​​ តាម​រយៈ​​ការ​​ឃ្លាំ​មើល​ និង តាមដាន​ដោយ​ប្រើ​បច្ចេកវិទ្យា​ AI ពី​សំណាក់​រដ្ឋាភិបាល​ និង ក្រុមហ៊ុន​ជា​ច្រើន

  • ​​​​​រូបមន្ត​ AI អាច​នឹង​កែ​ប្រែ​ឲ្យ​មាន​ភាព​លម្អៀង​បាន ហើយ​នឹង​ត្រូវ​បាន​គេ​ប្រើ​​ដើម្បី​សម្រេច​លើ​កិច្ចការ​ធំ​ក្នុង​ជីវភាព​រស់​នៅ​របស់​មនុស្ស​ដូច​ជា​ការ​ទាមទារ​សំណង​ធានា​រ៉ាប់រង ការ​រើស​ការងារ ​ការ​ធ្វើ​កម្ចី និង​ការ​សម្រេច​សាល​ក្រម​ទៀត​ផង

ចុះ​តើ​វា​នឹង​អាច​គ្រប់គ្រង​ពិភពលោក​បាន​មែន​ឬ?

អ្នក​ជំនាញ​មាន​គំនិត​ខុសៗ​គ្នា​ទាក់​ទង​នឹង​ចំណុច​នេះ។ សហគ្រិន​ផ្នែក​បច្ចេកវិទ្យា និង អ្នក​វិទ្យាសាស្ត្រ​ដូច​ជា​លោក​ Elon Musk និង​លោក​ Stephen Hawking បាន​ព្រមាន​ថា​ AI នឹង​រីក​​ធំ​លឿន​ជា​ទី​បំផុត​ និង​​អាច​ខ្លាំង​ជាង​មនុស្ស។ វា​អាច​វិវត្តន៍​ខ្លួន​ទៅ​ជា​​កំពូល​ AI ដែល​អាច​​​ទម្លាក់​ឲ្យ​មនុស្ស​ជាតិ​​ក្លាយ​ជា​ភាវៈ​​រស់​មាន​បញ្ញា​លំដាប់​ទី​ពីរ​វិញ។

លោក Elon Musk

លោក​ Musk បាន​​ប្រៀប​ធៀប​ថា​នេះ​ប្រៀប​ដូច​ជា​ការ​ដាស់​​វិញ្ញាណ​អាក្រក់​ឲ្យ​ភ្ញាក់​ឡើង​អ៊ីចឹង។ ដោយ​ឡែក​លោក​ Mark Zuckerberg វិញ​បាន​ចោទ​លើ​លោក​ Musk ថា​ដូច​ជា​​បារម្ភ​ជ្រុល។ ចំណែក​លោក​សាស្ត្រាចារ្យ​ Walash វិញ​​និយាយ​ថា​យើង​នៅ​មិន​ទាន់​បាន​ស្វែង​យល់​ច្បាស់​ពី​​គ្រប់​លក្ខណៈ​​នៃ​បញ្ញា​ញាណ​របស់​មនុស្ស​នៅ​ឡើយ​ទេ ហើយ​​វា​អាច​នឹង​មាន​ព្រំដែន​កំណត់​សម្រាប់​ការ​វិវឌ្ឍ​របស់​ AI ផង​ដែរ។

នរណា​ជា​អ្នក​គ្រប់គ្រង​វា ?

ការ​វិវឌ្ឍ​ទៅ​មុខ​ខ្លាំង​បំផុត​លើ​បច្ចេកវិទ្យា​ AI ​នា​ពេល​នេះ​គឺ​ជា​ស្នាដៃ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ធំៗ​ដូច​ជា​ Google, Facebook, Amazon, Microsoft និង Apple រួម​ទាំង​ផ្នែក​យោធា​សហរដ្ឋអាមេរិក​ផង​ដែរ។ មាន​ការ​បារម្ភ​ថា​​ក្រុមហ៊ុន​ទាំង​នេះ​ធំ​​ខ្លាំង​ពេក និង​គ្រប់គ្រង​ទិន្នន័យ​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​ AI អាច​ហ្វឹកហាត់​បាន​កាន់​តែ​ខ្លាំង។

ចំពោះ​ប្រទេស​ចិន​វិញ​ ពេល​នេះ​ក៏​បាន​​ចូល​រួម​លើ​​ចលនា​ប្រណាំងប្រជែង​នេះ​ដោយ​មាន​ផែនការ​ថា​នឹង​​ធ្វើ​ជា​ប្រទេស​នាំ​មុខ​គេ​ផ្នែក​បច្ចេកវិទ្យា​ AI ​​ឲ្យ​បាន​ត្រឹម​ឆ្នាំ​ ២០៣០៕ ​​​​​​​​​​​​​​

ចុចអាន៖

ប្រភព៖ ABC.net   ប្រែ​សម្រួល៖ សុខហេង