ប្រធាន​ក្លឹប​ Barcelona៖ "Messi មិន​ទាន់​ចុះ​កុង​ត្រា​ថ្មី​ជាមួយ​ក្លឹបនៅ​ឡើយ​ទេ"

  • 2017-09-05 12:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប​អ្នក​មាន​បុណ្យ​ Barcelona លោក Bartomeu បាន​និយាយ​ថា កុង​ត្រា​ថ្មី​ដែល​ក្លឹប​មួយ​នេះ​ប្រកាស​កាល​ពី​ខែ​កក្កដា​ឆ្នាំ ២០១៧​ កន្លង​ទៅ​នេះ របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម Lionel Messi មិន​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​​​ដោយ​ Messi ខ្លួន​​ឯ​ង​​ផ្ទាល់​នោះ​ទេ​។

លោក Bartomeu

ក្នុង​ការ​សម្ភាសន៍​ជាមួយ​កាសែត​អេស្ប៉ាញ Diario Sport ចុះ​ផ្សាយ​ក្នុង​ថ្ងៃ​នេះ​ ប្រធាន​ក្លឹប​ Barcelona លោក Josep Maria Bartomeu បាន​និយាយ​ថា៖ **"យើង​មាន​កុង​ត្រា​បី ដែល​បាន​ព្រមព្រៀង និង​ចុះ​ហត្ថ​លេខា​​រួច​រាល់​អស់​ហើយ។"**

#កុង​ត្រា​ទាំង​បី​នោះ​មាន​ដូចជា៖

  • កុងត្រា​ទី​មួយ​៖ អំពី​មូលនិធិ​របស់ Messi ដែល​ចុះ​ដោយ​បង​ប្រុស​របស់​កីឡាករ​វ័យ​ ៣០​រូប​នេះ
  • កុងត្រា​ទី​ពីរ៖ ​ទាក់​ទង​នឹង​សិទ្ធិ​ប្រើ​ប្រាស់​រូប​ថត​របស់ Messi និង
  • កុង​ត្រាទី​បី៖ ​​ជា​កុង​ត្រា​សំខាន់​គឺ​ជា​កុង​ត្រា​បន្ត​លេង​ឲ្យ​ក្លឹប​អ្នក​មាន​បុណ្យ​របស់​កីឡាករ​ឆ្នើម​មួយ​នេះ ហើយ​​កុង​ត្រា​ពីរ​ចុង​ក្រោយ​នេះ​សុទ្ធ​តែ​ចុះ​ហត្ថលេខា​ដោយ​ឪពុក​របស់ Messi ​មិន​មែន​ Messi ខ្លួន​ឯង​ផ្ទាល់​នោះ​ទេ នេះ​បើ​តាម​សម្ដី​របស់​ប្រធាន​ក្លឹប​ដដែល​រូប​នេះ។

ទោះ​ជា​យ៉ាង​ណា លោក Bartomeu បាន​បញ្ជាក់​ថា​កុង​ត្រា​ថ្មី​អាច​យក​ជា​ការ​បាន​ហើយ ព្រោះ​ឪពុក​របស់​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​នេះ ជា​អ្នក​ចាត់​ចែង​ផ្នែក​រដ្ឋបាល​របស់​ក្រុមហ៊ុន​របស់ Messi ហើយ​ លោក​ប្រធាន​ក្លឹប​មួយ​នេះ​បាន​បន្ត​ទៀត​ថា ចាំ​តែ​ថ្ងៃ​ Messi ត្រលប់​មក​ក្លឹប​វិញ​ដើម្បី​ថត​រូប​ចុះ​កុង​ត្រា​ផ្លូវ​ការ​ប៉ុណ្ណោះ។

Messi

រំឮក​ដែរ​ថា​ កាល​ពី​ខែ​កក្កដា​កន្លង​ផុត​ទៅ​នេះ ក្លឹប​អ្នក​មានបុណ្យ​បាន​ប្រកាស​ថា Messi បាន​បន្ត​កុង​ត្រា​ថ្មី​ជាមួយ​ក្លឹប​រហូត​ដល់​ឆ្នាំ ២០២១។ មក​ទល់​នឹង​ពេល​នេះ​ហើយ ម្ចាស់​ជើង​ឯក Ballon D'or ៥​សម័យ​រូប​នេះ មិន​ទាន់​បាន​ចុះ​កុងត្រា​ថ្មី​ដោយ​ខ្លួន​ឯង​ផ្ទាល់​នៅ​ឡើយ ដែល​ជា​ហេតុ​បង្ក​ជា​ការ​សង្ស័យ​ថា Messi អាច​នឹង​ចាក​ចេញ​ពី​ក្លឹប​មួយ​នេះ​នា​រដូវ​កាល​ក្រោយ​ពេល​ដែល​ផុត​កុង​ត្រា​ចាស់ មាន​ន័យ​ថា​ក្លឹប​អ្នក​មាន​បុណ្យ​នឹង​មិន​បាន​សូម្បី​តែ​មួយ​កាក់​មួយ​សេន​ពី​ការ​ចាក​ចេញ​របស់​កីឡាករ​ឆ្នើម​មួយ​នេះ៕

ប្រភព៖ eurosport   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម