កុំ​ប្រញាប់​មាន​ស្នេហា បើ​គិត​ថា​ហេតុផល ៥​យ៉ាង​នេះ​ មកបង្ខំ​ចិត្ត

  • 2017-09-28 03:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ចាប់​ផ្ដើម​ទាក់ទង​ជាមួយ​នរណា​ម្នាក់ តើ​យល់​ច្បាស់​ហើយ​ឬ​នៅ ពី​ពាក្យ​ថា "ស្នេហា" ព្រោះ​ធម្មតា​មាន​មនុស្ស​ជា​ច្រើន​យល់​ច្រឡំ ចាប់​ផ្ដើម​ទទួល​យក​ទាំង​ប្រើ​ហេតុផល​មិន​សមស្រប រហូត​ជួប​បញ្ហា​បែរ​ស្ដាយ​ក្រោយ។ បើ​គិត​ថា​ហេតុផល​ខាង​ក្រោម​នេះ ជា​អ្នក​បង្ខំ​ឲ្យ​មាន​ស្នេហា គួរ​កុំ​ទាន់​អាល​ប្រញាប់​ទទួល​យក រហូត​ដល់​យល់​ច្បាស់​ពី​ស្នេហា​សិន។

១. ដើម្បី​បន្លប់​ភាព​ឯកា

មុន​ពេល​សម្រេច​ចិត្ត​ទាក់​ទង​ជាមួយ​នរណា​ម្នាក់ ត្រូវ​សួរ​ខ្លួន​ឯង​ថា "ដើម្បី​អ្វី?” ហើយ​បើ​ចម្លើយ​ចេញ​ពី​ចិត្ត​គឺ "ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​​ឯកា" គួរ​គិត​ឡើង​វិញ​ម្ដង​ទៀត។ ស្នេហា មិន​មែន​​ជា​អ្នក​កំដរ​ភាព​​ឯកា​ទេ គឺ​ជា​ការ​យល់​ចិត្ត អាណិត ស្រលាញ់ យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ បើ​អ្នក​មាន​អារម្មណ៍​ថា​ឯកា គួរ​ព្យាយាម​រក​អ្វី​មក​បន្លប់ ជា​ជាង​ទទួល​យក​នរណា​ម្នាក់​មក​កំដរ​ជីវិត ទាំង​មិន​យល់​ច្បាស់​ថា​ស្នេហា​ជា​អ្វី។

២. ដើម្បី​ឲ្យ​មាន​អ្នក​ស្រលាញ់

សួរ​ខ្លួន​ឯង​ទៀត​ថា "ដើម្បី​អ្វី?” ហើយ​បើ​ចម្លើយ​ចេញ​ពី​ចិត្ត​គឺ "ដើម្បី​មាន​អ្នក​ស្រលាញ់" នោះ​អ្នក​កាន់​តែ​ខុស​ទៀត​ហើយ។ ត្រូវ​ចាំ និង​រំឭក​ខ្លួន​ឯង​ជា​រាល់​ថ្ងៃ​ថា គ្មាន​នរណា​ម្នាក់ ស្រលាញ់​អ្នក ជាង​អ្នក​ស្រលាញ់​ខ្លួន​ឯង​ឡើយ។ កុំ​ព្យាយាម​រំពឹង​លើ​គេ បង្ខំ​ឲ្យ​គេ​មក​ស្រលាញ់​ខ្លួន ទាំង​ខ្លួន​ឯង​មិន​ទាន់​យល់​ពី​ខ្លួន​ឯង។ ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​សិន នោះ​អ្នក​នឹង​ជួប​មនុស្ស​​ត្រឹម​ត្រូវ សម្រាប់​អនាគត។

៣. ដើម្បី​ទទួល​បាន​ភាព​កក់​ក្ដៅ

ពេល​មាន​បញ្ហា អ្នក​ក៏​គិត​ចង់​​រក​មនុស្ស​មក​ដោះ​ស្រាយ​ជាមួយ... ពេល​យំ បើ​បាន​ឱប ឬ​ផ្អែក​លើ​ស្មា​គេ​ក៏​គិត​ថា​កក់​ក្ដៅ... ប៉ុន្តែ​មិន​គួរ​យក​ហេតុផល​ទាំង​នេះ មក​ចាប់​ផ្ដើម​ទំនាក់​ទំនង​ស្នេហា​ឡើយ ព្រោះ​វា​ជា​ហេតុផល​មិន​សម​ស្រប។ មាន​បញ្ហា អ្នក​អាច​រក​វិធី​ផ្សេង​ដើម្បី​បន្លប់។ កុំ​ព្យាយាម​យក​រឿង​មិន​ល្អ ទៅ​ទម្លាក់​លើ​គេ​រាល់​ថ្ងៃ។ ​​

៤. ដើម្បី​លុប​ដាន​ស្នេហា​ចាស់

នៅ​ក្នុង​ភាពយន្ត​មួយ​ចំនួន ពេល​តួ​ណា​ម្នាក់​បែក​ពី​សង្សារ​យូរ តែង​មាន​អ្នក​លួង​លោម​ថា "ល្មម​ឈប់​គិត​ទៅ វា​ហួស​ហើយ"។ ពាក្យ​នេះ ចង់​ឲ្យ​បំភ្លេច​ស្នេហ៍​ចាស់ តែ​មិន​មែន​ចាប់​ផ្ដើម​ស្នេហ៍​ថ្មី ដើម្បី​លុប​ដាន​ឡើយ។ បំភ្លេច​ស្នេហ៍​ចាស់ មាន​ន័យ​ថា​ឈប់​គិត ឈប់​ខ្វល់ រៀន​ស្រលាញ់​ខ្លួន​ឯង ធ្វើ​អ្វី​ដែល​អាច​ឲ្យ​ចិត្ត​រីករាយ ជាជាង​បង្ខំ​ទទួល​យក​ទំនាក់​ទំនង​មួយ​ផ្សេង​ទៀត។

៥. ព្រោះ​តែ​សម្ពាធ​ជុំវិញ​ខ្លួន

​ពេល​ខ្លះ អ្នក​កំពុង​មាន​អារម្មណ៍​រីករាយ​នឹង​ជីវិត​ឯកា​ណាស់​ទៅ​ហើយ ប៉ុន្តែ​សម្ពាធ​ពី​ជុំ​វិញ​ខ្លួន បែរ​ធ្វើ​ឲ្យ​អ្នក​ចង់​ចាប់​ផ្ដើម​ជីវិត​គូ។ មិត្ត​ភក្តិ​មាន​កូន​អស់ ឯ​តារា​សម្ដែង​នៅ​ក្នុង​ភាពយន្ត​ខ្លះ បាន​បញ្ចប់​រឿង​ជាមួយ​គ្រួសារ​យ៉ាង​មាន​សុភមង្គល ក៏​ធ្វើ​ឲ្យ​អ្នក​ចាប់​ផ្ដើម​ចង់​មាន​ស្នេហា​បែប​នោះ​ដែរ។ ជីវិត​ពិត​មិន​ដូច​ក្នុង​កុន​ទេ ព្រោះ​ក្នុង​កុន អាច​កែ​សាច់​រឿង​បាន ឯ​ជីវិត​ពិត បើ​ជួប​បញ្ហា​ហើយ គឺ​ត្រូវ​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង៕

ចុចអាន​អត្ថបទ៖

​​

អត្ថបទ៖ គង់ វិសាល

អត្ថបទថ្មី