iPhone 8 និង 8Plus លក់​មិន​សូវ​ចេញ​ ហាង​ខ្លះ​លក់ធ្លាក់ចុះ​ជាង ៥០ ភាគរយ​

  • 2017-10-12 02:38:43
  • ចំនួនមតិ

ចន្លោះមិនឃើញ

iPhone 8 និង 8Plus ដែល​បាន​បង្ហាញខ្លួន​អំឡុង​ខែ​កញ្ញា​ និង​បាន​ចាប់​ផ្ដើម​លក់​នៅ​ទី​ផ្សារ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី ២២ កញ្ញា ២០១៧ ​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​​ជាង​កន្លះ​ខែ​​ហើយ​។

តាមប្រភពហាង​ដែល Sabay បាន​សាកសួរ​លើក​ឡើង​ពី​ការ​​ធ្លាក់​ចុះ​​តម្រូវការ​ទិញ​ប្រើ​ប្រាស់​ នៅ​ពេល​ហាង​​មួយ​ចំនួន​បញ្ជាក់​ថាការ​លក់​​ធ្លាក់​ជាង ៥០​ ភាគរយ។

បើ​តាម​ការ​បញ្ជាក់​ពី​បុគ្គលិកលក់​នៅ​ហាក់​លក់​ទូរសព្ទ​មួយ​នៅ​ម្ដុំ​ផ្សារ​ថ្មី​​បាន​ប្រាប់ Sabay ថា iPhone ជំនាន់​ថ្មី​ ការ​​លក់មាន​ការ​ធ្លាក់ចុះ​បើធៀប iPhone ស៊េរី​មុន​ៗ​។

ក្រោយ​ពេល​ Apple ប្រកាស​ចេញ​លក់ ​iPhone ស៊េរី​ថ្មី​មក​ មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​ដែរ​ តែ​ដោយ​សារ​មាន​ម៉ូឌែល​មួយ​ទៀត​គឺ iPhone X ដែល​ត្រៀម​និង​ចេញ​​នៅ​ខែ​ធ្នូ​ខាង​មុខ​ ទើប​​ធ្វើ​ឲ្យ​អតិថិជន​មិន​សូវ​ចាប់​អារម្មណ៍​។ នេះ​ការលើកឡើង​របស់​បុគ្គលិកលក់រូប​នេះ។

មិន​ខុស​គ្នា​នេះ លោក គាម សោភ័ណ ជា​ម្ចាស់​ហាង​លក់​ទូរសព្ធ​ 3Plus នៅ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម​បាន​ឲ្យ​ដឹង​ថា 8 និង 8Plus ស៊េរី​ថ្មី​នេះ​ ការ​លក់​ដំបូង ​មាន​ការ​ធ្លាក់​ចុះ​ច្រើន​​។

លោកមើល​ឃើញ​ថា ​អតិថិជន​ភាគ​ច្រើន​ពុំ​ទាន់​ចង់​ប្ដូរ​ឡើង​ស៊េរីថ្មី​ព្រោះ​ប្រើ​ iPhone 7 មិន​ទាន់​សាំ​ ណា​មួយ​វា​មាន​រូប​រាង​ស្រដៀង​​គ្នា ទោះ​សមត្ថភាព​ខុស​គ្នា​ពិត​មែន​។ លោក​លើកឡើង​បន្ថែម​ថា អាច​​អតិថិជន​នៅ​រង់​ចាំ​ទិញ ​iPhone X ដែល​ក្រុម​ហ៊ុន​ Apple ត្រៀម​បញ្ចេញ​លក់​នៅចុង​ឆ្នាំ​នេះ​។

ងាក​មក​ស្ដាប់​ការ​រៀប​រាប់​ពី​ម្ចាស់​ហាង​ម្នាក់​ទៀត ​ដែល​សុំ​មិន​បញ្ចេញ​​ឈ្មោះក៏​​ទទួល​ស្គាល់​ថា​សម្រាប់ទីផ្សារ​លក់​ចុះ​សម្រាប់​iPhone 8 និង 8 Plus។​

"លក់មិន​បាន​ 50% ផង​ អ្នក​ទិញ​ភាគ​ច្រើន​ពុំ​ទាន់​ចង់​ប្ដូរ​ស៊េរី​ពួកគេ​នៅ​រង់​​ចាំ​ប្ដូរ​យក iPhone X តែ​ម្ដង"។

លោក​បញ្ជាក់​ថា​ ​​ឆ្នាំ​២០១៧​ នេះ​ មាន​ចេញ​ទូរសព្ទ​ម៉ូឌែល​ផ្សេងៗ​ច្រើន ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​​មួយ​ងាក​ទៅ​សាក​​ម៉ាក​​ផ្សេង​ៗ​ក្រៅពី Apple។ ចំពោះ​តម្លៃ​ ម្ចាស់​ហាង​ដដែលប្រាប់​ថា​ មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ទេ​។

ចុច​អាន​បន្ត​៖​

-មុន​យក​ ​iPhone​ ​ទៅ​លក់​ ​កុំ​ភ្លេច​ធ្វើ​រឿង​ទាំង​នេះ​សិន

-មិន​មែន​ SAMSUNG និង Apple ទេ​ដែល​ប្រើ​ឈ្មោះ X ដំបូង​គេ​បង្អស់ ​​


អត្ថបទ៖ ម៉េងងី