មកដឹងសេវាសំខាន់ៗ ២នៅកម្ពុជាប្រជាពលរដ្ឋលែងអស់លុយ ចាប់ពីថ្ងៃទី១៥នេះ
- 2017-10-12 02:38:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងសេវាសំខាន់ៗ ២នៅកម្ពុជាប្រជាពលរដ្ឋលែងអស់លុយ ចាប់ពីថ្ងៃទី១៥នេះ
ចន្លោះមិនឃើញ
ចាប់ពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៧នេះតទៅ សេវាសំខាន់ៗ២ក្នុងប្រទេសកម្ពុជា នឹងមិនត្រូវបានគិតថ្លៃទៀតទេ ក្រោមការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល និងវិស័យឯកជន។ ដូច្នេះចង់ដឹងថាអ្វីខ្លះនឹងត្រូវផ្ដល់ជូនប្រជាពលរដ្ឋ ដោយមិនចាំបាច់បង់ប្រាក់ក្នុងប្រទេសកម្ពុជា?
១. ការធ្វើឆ្លងកាត់ស្ពានលីយ៉ុងផាត់ព្រែកភ្នៅលែងតម្រូវឱ្យបង់ប្រាក់
កាលពីថ្មីៗកន្លងទៅនេះប្រមុខរាជរដ្ឋាភិបាលបានប្រកាសថា ចាប់ពីម៉ោង ០០:០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះតទៅ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានលីយ៉ុងផាត់ព្រែកព្នៅនឹងលែងតម្រូវឲ្យបង់ប្រាក់ទៀតហើយ ដោយថារដ្ឋាភិបាលនឹងទិញយកស្ពាននេះ មកគ្រប់គ្រងវិញ។
ការទិញយកមកគ្រប់គ្រងវិញនេះ គឺដើម្បីដោះស្រាយនូវការលំបាក និងជួយលើកកម្ពស់ជីវភាពប្រជាជន ពិសេសសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ។ ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា ពេលនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ កំពុងពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីពិនិត្យដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់។
២. ការចូលទស្សនាកម្សាន្តរមណីយដ្ឋានឋានសួគ៌បូកគោលែងយកលុយ
សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងកាលពីថ្មីៗកន្លងទៅនេះទៀតថា ក្រុមហ៊ុន សុខា អូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមណីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០:០០ នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ តទៅ។
ការឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិនេះ នឹងជួយសម្រួលដល់បងប្អូនជនរួមជាតិក៏ដូចជាភ្ញៀវទេសចរទាំងអស់បានឡើងទៅទស្សនាកម្សាន្តនៅលើតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ។ ជាពិសេសបានទស្សនាទេសភាពដ៏ស្រស់ត្រកាល និងសែនមនោរម្យ ស្វែងយល់អំពីប្រភេទសត្វ រុក្ខជាតិដ៏មានតម្លៃ ដែលមាននៅក្នុងតំបន់ឧទ្យានជាតិនេះ។
ដូច្នេះចាប់បីថ្ងៃទី១៥ ខែតុលានេះទៅ ប្រជាពលរដ្ឋនឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរឡើងទៅកាន់តំបន់រមណីយដ្ឋានឋានសួគ៌បូកគោ ដើម្បីស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ និងសាសនា ក៏ដូចជាការគោរពប្រតិបត្តិពិធីប្រពៃណីសាសនានៅលើតំបន់ប្រវត្តិសាស្ត្រនេះ។
លើសពីនេះទៅទៀត ក៏នឹងជួយជំរុញឱ្យសកម្មភាពទេសចរណ៍នៅតំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ក៏ដូចជានៅរបៀងទេសចរណ៍ភាគខាងត្បូង។ ជាពិសេសតំបន់ឆ្នេរ មានការកើនឡើងបន្ថែមទៀត សំដៅរួមចំណែកដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាសហគមន៍ក្នុងមូលដ្ឋាន៕
ចុចអានអត្ថបទពាក់ព័ន្ធ៖