ចិនទិញក្រុមហ៊ុនផលិត រថយន្តហោះ Terrafugia ហើយសន្យាមានលើទីផ្សារឆ្នាំ ២០១៩

  • 2017-11-16 00:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតរថយន្តមេរបស់ Volvo, Lynk & Co, Geely និងម៉ាក Lotus របស់ចិនគឺ Zhejiang Geely ប្រកាសកាលពីថ្ងៃចន្ទពីការទិញយកក្រុមហ៊ុនអាជីវកម្មផលិតរថយន្តអាកាសអាមេរិក Terrafugia ហើយប្តេជ្ញាថានឹងមានលើទីផ្សារនៅឆ្នាំ ២០១៩ ខាងមុខ ។

Geely និយាយថា ខ្លួនកំពុងវិនិយោគក្នុង Terrafugia ដើម្បីផលិតរថយន្តអាកាសក្លាយជាការពិតខណៈខ្លួនក៏បានជួលអ្នកជំនាញផលិតរថយន្តមួយចំនួនសម្រាប់គម្រោងរថយន្តអាកាស Terrafugia ពោលគឺមានលោក Chris Jaran អតីតនាយកគ្រប់គ្រងក្រុមហ៊ុនអាកាសចរណ៍អាមេរិក Bell Helicopter ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃ Terrafugia ហើយស្ថានិករបស់ Terrafugia លោក Carl Dietrich កាន់កាប់តំណែងជាប្រធានផ្នែកបច្ចេកវិទ្យា។

រថយន្តហោះដំបូងរបស់ Terrafugia គឺ Transition ដែលជាប្រភេទយន្តហោះខ្នាតតូចក្រោមការអភិវឌ្ឍរបស់ Terrafugia តាំងពីឆ្នាំ ២០០៦និងតេស្តហោះហើរដំបូងនៅឆ្នាំ ២០០៩ ផលិតតែពីរគ្រឿងនិងមានតម្លៃប្រមាណ ២៧៩ ០០០ ដុល្លារត្រៀមចូលទីផ្សារនៅឆ្នាំ ២០១៩ ។ Transition អាចហោះហើរក្នុងរយៈចម្ងាយ ១៦០ គីឡូម៉ែត្រក្នុង១ម៉ោង ។ វាមានកន្លែងអង្គុយពីរនិងស្លាបចក្រអាចបត់បានពេលក្លាយជារថយន្តរត់លើដងផ្លូវក្នុងរយៈពេលមិនដល់១នាទីនោះទេ។

Terrafugia នឹងផលិតបងប្អូន Transition មួយទៀតគឺ Transition TF-X ដែលអាចហោះហើរ ចុះចតទាំងបញ្ឈរហើយម៉ូដែលនេះនឹងចូលទីផ្សារនៅឆ្នាំ ២០២៣ ។ Terrafugia ដែលមានមូលដ្ឋាននៅក្រុង ប៊ុស្តុនរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិកត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៦ដោយវិស្វករមួយក្រុមមកពីសកលវិទ្យាល័យ Massachusetts Institute of Technology (MIT)។

គួរបញ្ជាក់ថា Geely មិនមែនជាក្រុមហ៊ុនដំបូងគេនោះទេដែលបោះជំហានចូលវិស័យរថយន្តអាកាសពោលគឺមានក្រុមហ៊ុនរថយន្តល្បីៗផ្សេងទៀតបានកំពុងអភិវឌ្ឍគម្រោងនេះដែរដូចជាក្រុមហ៊ុន Toyota ដុតដៃដុតជើងសិក្សាបច្ចេកវិទ្យានេះ ក្រុមហ៊ុនមេ Diamler របស់ Mercedes-Benz វិនិយោគជាមួយក្រុមហ៊ុនអាល្លឺម៉ង់ Volocopter ខណៈ Uber កំពុងចាប់ដៃជាមួយអង្គការ NASA ដើម្បីផលិតតាក់ស៊ីហោះផ្ទាល់ខ្លួន ៕

ប្រភព៖ motorauthority.   ប្រែសម្រួល៖ សិរីបុទ្រ