មុន​ចេញ​ទៅ​បរទេស គួរ​ដឹង​បម្រាម ១៣​យ៉ាង​តាម​ប្រទេស​ទាំង​នេះ​សិន

  • 2017-11-16 04:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​ប្រទេស​ទាំង​អស់​ក្នុង​ពិភពលោក​សុទ្ធ​តែ​មាន​ច្បាប់​និង​ទម្លាប់​ខុស​ៗ​គ្នា​ ដែល​ជា​រឿយៗ​ត្រូវ​បាន​មើល​រំលង​ដោយ​ជន​បរទេស។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ជួន​កាល​ច្បាប់​ទាំង​នោះ​ពិត​ជា​ធ្ងន់ធ្ងរ​ណាស់​ក្នុង​ប្រទេស​នីមួយៗ​ដែល​អាច​ធ្វើ​អោយ​អ្នក​មាន​បញ្ហា​ដូច​ជា ការ​ផាក​ពិន័យ ឬ​ក៏​អាច​ជាប់​ពន្ធនាគារ​ផង​ដែរ​។

ខាង​ក្រោម​នេះ​គឺ​ជា​ការ​ហាម​ឃាត់​ទាំង ១៣​យ៉ាង ដែល​អ្នក​គួរ​ដឹង៖

១. ទិញ​គ្រឿង​ស្រវឹង​ពេល​រសៀល​នៅ​ថៃ

នៅ​ប្រទេស​ថៃ គ្រឿង​ស្រវឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លក់​ចាប់​ពី​ម៉ោង ១១ព្រឹក ដល់​២​រសៀល និង ៥ល្ងាច ដល់​កណ្ដាល​អាធ្រាត្រ​ប៉ុណ្ណោះ។ ចំពោះ​អ្នក​លក់ បារ ឬ​ក្លឹប​ណា ដែល​លក់​គ្រឿង​ស្រវឹង​ក្រៅ​ម៉ោង​ដែល​បាន​កំណត់​នេះ អាច​នឹង​ប្រឈម​មុខ​ការ​ផាក​ពិន័យ ៤០០០បាត (១២១​ដុល្លារ) ឬ​អាច​នឹង​ជាប់​ពន្ធនាគារ​រហូត​ដល់ ២ឆ្នាំ។

២. រាំ​ក្រោយ​ពាក់​កណ្ដាល​អាធ្រាត្រ​នៅ​ជប៉ុន

ការ​រាំ​ក្រោយ​ពាក់​កណ្ដាល​អាធ្រាត្រ​ក្នុង​ប្រទេស​ជប៉ុន​ជា​អំពើ​ខុស​ច្បាប់ ដោយ​សារ​តែ​ក្នុង​ឆ្នាំ ១៩៤៨ ច្បាប់​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្តន៍​ដើម្បី​គ្រប់​គ្រង​ឧស្សាហកម្ម​ផ្លូវ​ភេទ។

៣. ជក់​បារី​នៅ​សាធារណៈ​នៅ​សិង្ហបុរី

ចំណត​រថយន្ត​ក្រុង សួន​កុមារ និង​កន្លែង​ចត​រថយន្ត សុទ្ធ​តែ​ជា​តំបន់​ហាម​ប្រាម​ការ​ជក់​បារី​នៅ​ប្រទេស​សិង្ហបុរី។ អ្នក​ជក់​បារី​ក៏​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​យ៉ាង​ហោច​ណាស់​៥​ម៉ែត្រ​ពី​ច្រក​ទាំង​អស់​នៃ​អគារ​ចំណត​ឡាន​ក្រុង​និង​តំបន់​ទូទៅ​ក្នុង​ពេល​កំពុង​ជក់​បារី បើ​មិន​ដូច្នោះ​ទេ​នឹង​ទទួល​ការ​ផាក​ពិន័យ​រហូត​ដល់​ចំនួន ១​ម៉ឺន​ដុល្លារ​សិង្ហបុរី(ប្រហែល ៧៣៧៩​ដុល្លារ) ។

៤. ឆ្លង​ថ្នល់​ខុស​ច្បាប់​នៅ​អាមេរិក

នៅ​អាមេរិក ការ​ឆ្លង​ផ្លូវ​គ្រប់​ទី​កន្លែង​ដែល​មិន​មាន​គំនូស​សម្រាប់​អ្នក​ថ្មើរ​ជើង​ឆ្លង​កាត់​ អាច​នឹង​ទទួល​ការ​ផាក​ពិន័យ ការ​បង្ហាញ​ខ្លួន​នៅ​តុលាការ និង​ការ​ជាប់​ពន្ធនាគារ។

៥. ដើរ​បណ្ដើរ​ចុច​ទូរសព្ទ​បណ្ដើរ​នៅ​ក្រុង Honolulu រដ្ឋ​ហាវ៉ៃ សហរដ្ឋអាមេរិក

ក្នុង​គោល​បំណង​ដើម្បី​ធ្វើ​អោយ​អ្នក​ថ្មើរ​ជើង​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​សុវត្ថិភាព​ជាមួយ​អ្នក​បើក​បរ ការ​ដើរ​បណ្ដើរ​ចុច​ទូរសព្ទ​បណ្ដើរ​ត្រូវ​បាន​ហាម​ឃាត់​នៅ​ក្រុង Honolulu។ ប្រ​សិន​បើ​អ្នក​ត្រូវ​គេ​ចាប់​បាន​ថា​ចុច​ទូរសព្ទ​ពេល​កំពុង​ដើរ អ្នក​អាច​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ៩៩​ដុល្លារ។

៦. ស្បថ​ជា​សាធារណៈ​នៅ​ប្រទេស​អូស្ត្រាលី

ការ​ស្បថ​ជា​សាធារណៈ​ត្រូវ​បាន​ហាម​ឃាត់​នៅ​រដ្ឋ​ចំនួន​៣​របស់​អូស្ត្រាលី​ដូច​ជា រដ្ឋ New South Wales, Victoria និង Queensland​។ អ្នក​ប្រព្រឹត្ត​ល្មើស​នឹង​ទទួល​ការ​ផាក​ពិន័យ​ចាប់​ពី ៧៦​ដុល្លារ​ដល់ ១៨៥​ដុល្លារ។

៧. ស្លៀកពាក់​ឈុត​ហែល​ទឹក​ក្នុង​ទីក្រុង​នៃ​ប្រទេស អេស្ប៉ាញ

ការ​ស្លៀកពាក់​ឈុត​ហែល​ទឹក​ក្នុង​ទីក្រុង​ប្រទេស​អេស្ប៉ាញ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​អាក្រាត​ពាក់​កណ្ដាល និង​អាច​ទទួល​ការ​ផាក​ពិន័យ​ចាប់​ពី ១១៨​ដុល្លារ ដល់ ២៣៧​ដុល្លារ។

៨. យក​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ចូល​ក្នុង​ប្រទេស​អារ៉ាប់រួម

អ្នក​ដំណើរ​ដែល​លួច​យក​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ចូល​ក្នុង​ប្រទេស​អារ៉ាប់រួម​អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៤ឆ្នាំ។

៩. ឲ្យ​ចំណី​ព្រាប​ក្នុង​ទីក្រុង Venice ប្រទេស​អ៊ីតាលី

ការ​អោយ​ចំណី​ព្រាប​ក្នុង​ទី​ក្រុង Venice គឺ​ជា​អំពើ​ខុសច្បាប់​ចាប់​តាំង​ពី​ឆ្នាំ ២០០៨​មក។ ច្បាប់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​កាត់​បន្ថយ​ការ​ធ្លាក់​ចុះ​ចំនួន​សត្វ​ស្លាប​នៅ​លើ​វិមាន​ដ៏​ល្បី​ល្បាញ​និង​សំណង់​អាគារ​របស់​អ៊ីតាលី។

១០. បើក​បរ​ដោយ​មិន​បើក​ចង្កៀង​មុខ​នៅ​ប្រទេស​ស៊ុយអែត

មិន​ថា​ពេល​ណា​ក៏​ដោយ យាន​យន្ត​ទាំង​អស់​ដែល​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ស៊ុយអែតត្រូវ​តែ​បើក​ចង្កៀង​មុខ​ជា​ដាច់​ខាត​ដោយ​សារ​តែ​នៅ​រដូវ​រងា​ប្រទេស​នេះ​ទទួល​ពន្លឺ​ព្រះ​អាទិត្យ​តែ ៥ ទៅ ៦​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។

១១. ពាក់​ស្បែក​ជើង​កែង​នៅ​តំបន់​ប្រវត្តិសាស្ត្រ​ប្រទេស ក្រិក

ច្បាប់​ហាម​មិន​អោយ​ពាក់​ស្បែក​ជើង​កែង​នៅ​តំបន់​ប្រវត្តិសាស្ត្រ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៩ ដោយ​សារ​ប្រជាជន​ក្នុង​ប្រទេស​ជឿ​ថា​វិមាន​ទាំង​នេះ​មាន​ស្បែក​ដែល​ចេះ​ឈឺ​ចាប់​ដោយ​តែ​កែង​នៃ​ស្បែកជើង។

១២. ឈប់​លើ​ផ្លូវ Highway ប្រទេស អាល្លឺម៉ង់

អ្នក​បើក​បរ​ដែល​បង្ក​អោយ​មាន​ការ​កក​ស្ទះ​ដោយ​សារ​តែ​ការ​ឈប់​នៅ​លើ​ផ្លូវ Highway អាច​នឹង​ត្រូវ​ពិន័យ​ប្រាក់​ចន្លោះ​ពី ៣៥ដុល្លារ ទៅ​៨៣​ដុល្លារ។

១៣. ស្លៀក​ខោ​ខ្លី​ពណ៌​ផ្កាឈូក​នៅ​ថ្ងៃ​អាទិត្យ​ក្នុង​រដ្ឋ Vicotria ប្រទេស​អូស្ត្រាលី

មូល​ហេតុ​នៅ​ពី​ក្រោយ​ច្បាប់​ហាម​ប្រាម​នេះ​មិន​មាន​ច្បាស់​លាស់​នោះ​ទេ ប៉ុន្តែ​វា​ត្រូវ​បាន​គេ​ជឿ​ថា​ការ​ស្លៀក​ខោ​ខ្លី​ពណ៌​ផ្កាឈូក​ជា​ការ​ប្រព្រឹត្ត​បទ​ល្មើស​ទាក់​ទង​នឹង​ម៉ូត​សម្លៀកបំពាក់៕​

ចុចអានអត្ថបទ៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទពេញនិយម