លក្ខណៈសុវត្តិភាពលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ខុសគ្នាបែបណាខ្លះ?

  • 2017-12-17 02:28:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ទីផ្សារ​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ដំណើរការ​លើ​ទូរស័ព្ទ​ពីរ​ Android និង​ iOS មាន​ការ​និយម​ប្រើប្រាស់​។ ចំពោះ​ iOS មាន​តែ​ Device របស់​ Apple ខណៈ​ Android មាន​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ផ្សេង​កំពុង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​នេះ​ ដូចជា​ Samsung, LG ជា​ដើម​។ សុវត្ថិភាព​លើ​ប្រព័ន្ធ​ជា​កត្តា​សំខាន់​ដែល​ប្រព័ន្ធ​ត្រូវ​តែ​មាន​ជួយ​ការពារ​ព័ត៌មាន​របស់​អ្នក​ប្រើប្រាស់​។

១. Bloatware

Bloatware សំដៅ​លើ​កម្មវិធី​អ្នក​មិន​ធ្លាប់​ប្រើ​ ហើយ​ជា​ប្រភេទ​កម្មវិធី​មិន​អាច​លុប​ ធ្វើ​កំណែទម្រង់​មិន​ស្គាល់​ ចំណាយ​ថ្ម​ និង​អ៊ីនធឺណិត​ និង​កាត់​បន្ថយ​ Storage របស់​ Device។

iOS

លើ​ iOS 11 មាន​នូវ​កម្មវិធី​មាន​ស្រាប់​ជាមួយ​ប្រព័ន្ធ​មួយ​ចំនួន​។ កម្មវិធី​ទាំងនោះ​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ជា​យូរ​ឆ្នាំ​ ដែល​រចនា​ និង​បង្កើត​ដោយ​ក្រុមហ៊ុន​ Apple ផ្ទាល់​។ ម្យ៉ាង​វិញ​ទៀត​ អ្នក​អាច​លុប​នូវ​កម្មវិធី​មាន​ស្រាប់​មួយ​ចំនួន​ទាំង​នោះ​បាន​ រួច​បើ​ត្រូវការ​វិញ​អាច​ចូល​ App Store ទាញ​យក​មក​ប្រើ​វិញ​បាន​។ ក្នុង​ការ​លុប​អ្នក​ចុច​លើ​កម្មវិធី​ណា​មួយ​ឲ្យ​ជាប់​ រួច​ចុច​សញ្ញា​ខ្វែង​លើ​ icon របស់​កម្មវិធី​ក្នុង​ការ​លុប​ ហើយ​ចុច​ប៊ូតុង​ Home ដើម្បី​បញ្ចប់​ដំណើរការ​លុប​។

Android

Google បាន​បង្កើត​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ឡើង​ ប៉ុន្តែ​មាន​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ជាច្រើន​យក​ទៅ​ប្រើ​ដោយ​ធ្វើ​កំណែទម្រង់​បន្ថែម​ ហើយ​បន្ថែម​នូវ​កម្មវិធី​មាន​ស្រាប់​មួយ​ចំនួន​រៀង​ៗ​ខ្លួន​។ ម្យ៉ាង​វិញ​ទៀត​ អ្នក​ក៏​មិន​ងាយស្រួល​ក្នុង​ការ​លុប​នូវ​កម្មវិធី​ទាំង​នោះ​ផង​ដែរ​ ពេល​ខ្លះ​លុះត្រាតែ​អ្នក​ Root device ទើប​អ្នក​អាច​លុប​កម្មវិធី​ទាំង​នោះ​បាន​។ ការ​ Root device មាន​ន័យ​ថា​អ្នក​បំបែក​ប្រព័ន្ធ​សុវត្ថិភាព​របស់​ប្រព័ន្ធ​ ជា​ចំណុច​មិន​គួរ​អនុវត្ត​នោះ​ទេ​ ប្រសិនបើ​អ្នក​មិន​ចង់​ឈឺក្បាល​ពេល​ក្រោយ​។

២. ការ Lock device

លើ​ទូរស័ព្ទ​អ្នក​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ Lock device ដោយ​ប្រើ​ PIN, password, ឬ​ផ្សេងៗ​។

iOS

លើ​ iOS 11 ប្រព័ន្ធ​ប្រតិបត្តិការ​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ Lock និង​ Unlcok device ដោយ​ប្រើ​មុខ​ ហៅថា​ FaceID។ ត្បិតតែ FaceID ចាត់ទុកថាផ្តល់សុវត្តិភាពខ្ពស់ តែមានការបំបែកដោយប្រើ Mast (ស្រោមមុខ)។ ក្រៅ​ពី​នោះ​ក៏​មាន​ TouchID ជា​មុខងារ​ស្កេន​ក្រយៅ​ដៃ​ក្នុង​ការ​ចូល​ប្រើ​ Device។ អ្នក​ក៏​អាច​កំណត់​ Passcode បាន​ដែរ​ ដោយ​មាន​ជម្រើស​ ៦ខ្ទង់​ ៤ខ្ទង់​ លេខ​សុទ្ធ​ អក្សរ​ផ្សំ​ជាមួយ​លេខ​។ មួយ​វិញ​ទៀត​គឺ​ Erase Data ជា​មុខងារ​មួយ​ក្នុង​ការ​លុប​រាល់​ទិន្នន័យ​លើ​ Device ក្រោយ​អ្នក​បញ្ចូល​ Passcode ខុស​ ១០ដង​។ ប្រសិនបើ​មុខងារ​នេះ​មិន​បើក​ដំណើរការ​នោះ​ Device នឹង​ត្រូវការ​ Restore ក្នុង​ iTune ក្រោយ​ពេល​បញ្ចូល​ខុស​ ១០ដង​។

Android

ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​មាន​មុខងារ​ ស្កេន​មុខ​ និង​ស្កេន​ក្រយៅដៃ​ ក្នុង​ការ​ចូល​ប្រើ​ Device។ មុខងារស្គេនមុខលើ Samsung Galaxy S8 ក៏នៅតែអាចបំបែកបានដោយប្រើរូបថតផងដែរ។ លើ​ Samsung Galaxy S8 មាន​មុខងារ​ស្កេន​ប្រស្រីភ្នែក​ តែ​មិន​មាន​គ្រប់​ Device ដែល​ដំណើរការ​ប្រព័ន្ធ​មួយ​នេះ​នោះ​ទេ​។ លើ​ Android 8.0 អ្នក​មាន​មុខងារ​ Lock device មួយ​ចំនួន​ដូចជា​ Swipe (គ្មាន​ការ​ការពារ​), Pattern (ភ្ជាប់​គំនូស​), PIN (អាច​ប្រើ​ដល់​ទៅ​ ១៦ខ្ទង់​), Password (អាច​ប្រើ​បាន​ដល់​ទៅ​ 16អក្សរ​)។ ជម្រើស​ល្អ​បំផុត​ អ្នក​អាច​ប្រើ​ទាំង​មុខងារ​ស្កេន​ម្រាម​ដៃ​ និង​ PIN ដូច្នេះ​បើ​មួយ​ខូច​ អាច​ប្រើ​មួយ​ទៀត​បាន​។ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​បាន​អភិវឌ្ឍន៍​ជំនាន់​ Android របស់​ខ្លួន​ដែល​អាច​ជំនួស​ពី​លើ​ PIN និង​ Password របស់​ប្រព័ន្ធ​ខណៈ​ Android ទម្រង់​ដើម​មាន​សុវត្ថិភាព​រួច​ទៅ​ហើយ​។

៣. សុវត្ថិភាព​ App Store និង​ Play Store

Apple App Store និង​ Google Play Store ជា​កន្លែង​មួយ​អាច​ឲ្យ​អ្នក​ទាញ​យក​កម្មវិធី​ប្រើប្រាស់​ ដោយ​មាន​មុខងារ​ជាច្រើន​ តែ​មិន​មាន​ន័យ​ថា​មាន​សុវត្ថិភាព​ដូចគ្នា​នោះ​ទេ​។

iOS App Store

App Store មាន​ការ​គ្រប់គ្រង​លើ​ដំណើរការ​អភិវឌ្ឍន៍​កម្មវិធី​សម្រាប់​ iOS ក្នុង​ការ​ដាក់​ Store ខ្លួន​។ ក្នុង​ឆ្នាំ​ ២០១៥ Apple បាន​លុប​នូវ​កម្មវិធី​រាប់​រយ​ដោយសារ​កម្មវិធី​ទាំង​នោះ​មាន​បង្កប់​មេរោគ​។ យ៉ាង​ណា​មិញ​ ក៏​នៅ​មាន​មេរោគ​កើន​ឡើង​ដដែល​ បើ​តាម​ Skycure report។

Android Play Store

Google Play Store មាន​បញ្ហា​មេរោគ​កាន់​តែ​ច្រើន​។ តាម​ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា​ មាន​កម្មវិធី​គោលបំណង​មិន​ល្អ​ដល់​ទៅ​ ៤ លាន​ជាង​។ អ្នក​ស្រាវជ្រាវ​សុវត្ថិភាព​នៅ​ Check Point សម្គាល់​ថា​ ថ្វី​បើ​ Google បាន​លុប​កម្មវិធី​លក្ខណៈ​បែប​នោះ​ តែ​ជំនាន់​ថ្មី​លេច​ឡើង​ទាក់ទាញ​ក្នុង​ការ​ទាញ​យក​ដដែល​។​ បច្ចុប្បន្ន​ អ្នក​ប្រើប្រាស់​ Android អាច​ប្រឈម​នឹង​មេរោគ​ដូចជា​ Xavier, Judy, ExpensiveWall, Googlian, Godless និង​ Sonic Spy បើ​មិន​ប្រើ​ដោយ​មាន​ភាព​ប្រយ័ត្ន​ប្រយែង​។

ក្នុង​ឆ្នាំ​ ២០១៧ Google ផ្ដល់​នូវ​មុខងារ​ធំ​មួយ​ឈ្មោះ​ Google Play Protection ជា​កម្មវិធី​ធានា​សុវត្ថិភាព​រួមមាន​ការ​ស្កេន​ Device ការ​ Verify កម្មវិធី​មុន​ពេល​ទាញ​យក​ និង​ ការ​តាមដាន​ Device ដែល​អាច​ជួយ​អ្នក​ជ្រើសរើស​កម្មវិធី​ដែល​ទុក​ចិត្ត​បាន​។

៤. ការ​ការពារ​ Malware និង​ Ransomware

Malware ជា​មេរោគ​អាច​លួច​ទិន្នន័យ​ Encryption ទិន្នន័យ​ និង​ការងារ​មួយ​ចំនួន​ទៀត​ ក្នុង​ការ​វាយប្រហារ​លើ​Device ​អ្នក​ប្រើប្រាស់​។ Ransomware ជា​ប្រភេទ​ Malware ដែល​ Lock នូវ​ទិន្នន័យ​អ្នក​ ហើយ​ទាមទារ​តម្លៃ​ណា​មួយ​ក្នុង​ការ​ចូល​ប្រើ​វិញ​ ដោយ​មិន​មាន​ការ​ធានា​។

iOS

Apple បាន​ផ្ដល់​សុវត្ថិភាព​ដល់​ iOS តាំង​ពី​ក្រោម​ដល់​លើ​។ iOS មាន​នូវ​ Sandbox ដ៏​ល្អ​មួយ​រវាង​កម្មវិធី​ និង​ប្រព័ន្ធ​ប្រតិបត្តិការ​ ដែល​អាច​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ក្នុង​កូដ​ ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើ​។ កម្មវិធី​ទាំងអស់​ត្រូវ​បាន​ Sandbox ដែល​បិទ​ពី​ការ​ចូល​ប្រើ​ File បាន​រក្សាទុក​ដោយ​ Device ផ្សេង​ទៀត​។

Android

Android ក៏​ផ្ដល់​នូវ​កម្រិត​ខ្ពស់​សម្រាប់​សុវត្ថិភាព​ផង​ដែរ​។ Android sandbox ផ្ដាច់​ទិន្នន័យ​កម្មវិធី​ និង​កូដ​ដំណើរការ​ ដែល​ទិន្នន័យ​មាន​សុវត្ថិភាព​រវាង​កម្មវិធី​ជា​ច្រើន​។ ដូច​ទៅ​នឹង​ iOS ដែរ​ កម្មវិធី​ក៏​ត្រូវ​បាន​បិទ​ពី​ការ​ទំនាក់ទំនង​ជាមួយ​នឹង​ Device ផ្សេង​ទៀត​ផង​ដែរ​។

មួយ​វិញ​ទៀត​ iOS និង​ Android មាន​នូវ​ Full disk encryption ត្រូវ​បាន​ចង​ទៅ​នឹង​ System hardware ដែល​បង្កើត​ Key សំងាត់​ (Private Key) ផ្ដល់​ផល​ពិបាក​ក្នុង​ការ​ពន្លា​មើល​៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ makeuseof   ប្រែ​សម្រួល៖ ប៊ុនធឿន