យាន រស្មី តស៊ូសម្រេចក្តីស្រមៃក្លាយជា គទានុរក្ស ដែលសឹងតែគ្មានអ្នកប្រាថ្នា
- 2018-01-10 23:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យាន រស្មី តស៊ូសម្រេចក្តីស្រមៃក្លាយជា គទានុរក្ស ដែលសឹងតែគ្មានអ្នកប្រាថ្នា
ចន្លោះមិនឃើញ
គទានុរក្ស ដែលមានន័យថាជាអ្នកបង្ហាញ និងពិព័រណ៍អំពីសិល្បៈ ដូចជាការពិពណ៌ សិល្បសូនរូប គំនូរ ទស្សនាយភាពសៀក ការសម្តែងនានា ឬក៏ភាពយន្តជាដើម។ ហើយដើម្បីក្លាយខ្លួនជា គទានុរក្ស ម្នាក់ ទាមទារបទពិសោធន៍ និងការស្រាវជ្រាវជាច្រើនលើផ្នែកសិល្បៈទាំងនោះ នេះបើតាមការពន្យល់ពី លោក យាន រស្មី គទានុរក្ស សិល្បទំរង់សិល្បសហសម័យ។
លោក យាន រស្មី ដែលធ្លាប់ជាសិល្បករសូនរូប និងគំនូរដែលនោះរម្លឹកថា៖ «កាលពីនៅក្មេងខ្ញុំតែមានសំនួរជាច្រើនទាក់ទងនឹងសិល្បៈ ដូចជាតើហេតុអ្វីបានជាគេហៅ តាឃេ ថាតាឃេ? ហេតុអ្វី បានគេហៅថាភ្លេងពិណពាទ្យ? តែគ្មានអ្នកណាអាចពន្យល់ខ្ញុំបានទេ ព្រោះថាគេក៏មិនដឹងដែរ»។ ដោយបាន រស់នៅក្បែរអ្នកសិល្បៈល្បីៗជាច្រើន នៅក្នុងសាលាហ្វាពន្លឺសិល្បៈ និងបានរៀនសូត្រ ហើយព្យាយាមស្វែងរកការពិតនៃពាក្យថាសិល្បៈ បានជម្រុញលើកទឹកចិត្តរូបលោកឱ្យកាន់តែជក់ចិត្តនឹងការស្វែងយល់ពីប្រវត្តិសិល្បៈកាន់តែខ្លាំងឡើង។
ជាក់ស្តែង គទានុរក្ស លើសិល្បៈសហសម័យ ជាការងារសិល្បៈដែលមិនសូវមាននោះទេក្នុងប្រទេសកម្ពុជាយើង ពិសេសបែប សិល្បៈសហសម័យ។ សិល្បករ យាន រស្មី ពន្យល់ថា៖ «តាមពិតការពិព័រណ៍ពីសិល្បសហសម័យធ្លាប់មានហើយ តាំងពីសង្គមរាស្រ្តនិយម គ្រាន់តែយើងមិនមានឯកសារច្បាស់លាស់ ហើយបច្ចុប្បន្នយើងនៅសល់គទានុរក្ស នៅខ្មែរតែមួយចំនួនតិចបំផុត ហើយបើនិយាយពីគទានុរក្សដូចជាខ្ញុំទៀត ប្រហែលមានតែ២នាក់ប៉ុណ្ណោះ»។
ជីវិតជាគទានុរក្ស សម្រាប់លោក យាន រស្មី គឺមិនខុសពីសិល្បករតស៊ូដទៃនោះទេ តែលោកតែងចាប់ទុកការសំបាកក្នុងជីវិតនោះជាស្ពាន និងជាលំហាត់ជីវិតដើម្បីទទួលបានជោគជ័យ។ ព្រោះការងារ គទានុរក្សដូចរូបលោក ពេលខ្លះមិនបានទទួលអ្វីឡើយជាដុំកំភួន។ ជាក់ស្តែង រូបលោក មានតែចំណាយថវិកាផ្ទាល់ខ្លួនដែលខិតខំរកបានពីការងារបកប្រែភាសា ការងារសរសេរអត្ថបទពត៌មាន មកផ្គត់ផ្គងលើការពិព័រណ៍សិល្បៈរបស់សិល្បករខ្មែរ បែបសហសម័យមួយចំនួនទៅវិញ។
ការខិតខំទាំងនោះអាចថា មិនទទួលបានជាកម្រៃ តែរូបលោក ទទួលបានកេរ្ត៍ឈ្មោះ ការងារជាបន្តបន្ទាប់ខាងផ្នែកពិព័រណ៍សិល្បៈ និងឱកាសជាច្រើនផ្សេងទៀតនៅក្រៅប្រទេស។ លើសពីនោះទៀត ក្នុងវ័យតែជាង ២០ឆ្នាំ លោកមានឱកាសជាច្រើន ក្នុងការធ្វើបទបង្ហាញ និងពិពណ៌ បែបស្នាដៃសិល្បៈនៅសាលាហ្វាពន្លឺសិល្បៈ ជាមួយបរទេសជាច្រើនលើក។
ហើយដោយមានជំនាញទន់ក្នុងការទំនាក់ទំនង ព្រមជាមួយចំនេះដឹងភាសាអង់គ្លេសល្អប្រសើរផងនោះ យុវជន សក់សំពោង សម្បុរស្រអែមម្នាក់នេះ ធ្លាប់មានឱកាសបន្តការសិក្សាដល់ចក្រក្រភពផ្នែក ប្រវត្តិសិល្បៈ អាស៊ីអាគ្នេយ៍ រយៈពេលជាង កន្លះខែ។ ក្នុងដំណើរទស្សនកិច្ចសិក្សានោះ រូបលោកក៏ធ្វើបទបង្ហាញពីសិល្បៈរបស់ខ្មែរយើងទៀតផង។ បច្ចុប្បន្ន យាន រស្មី កំពុងបន្តការសិក្សាអាហារូបករណ៍ ផ្នែកប្រវិត្តិសិល្បៈ នៅប្រទេសសិង្ហបុរី រយៈពេល២ឆ្នាំទៀតផង។
ការដែលមានចំណង់លើការរៀនសូត្រ និងមានជំលោះនឹងភាពល្ងង់ខ្លៅ ទើបធ្វើឱ្យយុវជន មកពីខេត្តបាត់ដំបង យាន រស្មី វ័យ ២៦ឆ្នាំរូបនេះ ពនេចរ រុករកចម្លើយក្នុងជីវិត ពិសេសរឿងរ៉ាវ ដែលជាប់ទាក់ទងនឹងសិល្បៈទាំងអស់ ដែលតាំងពីកុមារភាពមក លោក រស្មី តែងតែរស់ក្នុងចម្ងល់ និងការបកស្រាយមិនច្បាស់លាស់។ យុវជន យាន រស្មី លើកឡើងថា៖ «នេះដោយហេតុការសិក្សាស្វែងយល់ ព្រមជាមួយឯកសារអំពីសិល្បៈទាំងនោះហាក់នៅមានកម្រិតខ្លាំង»។ ឬក៏មកពីកង្វះសិល្បករ ឬជនជាតិខ្មែរ ដែលចង់ស្វែងយល់ពីអត្ថន័យរបស់សិល្បជាតិខ្លួន ទើបមិនសូវមានព័ត៌មានអំពីវា លោក យាន រស្មីបន្ថែម។
ដូចនេះទើបការលះបង់ពេលវាលា និងប្រឹងប្រែស្រាវជ្រាវ ពីប្រវត្តសិល្បៈនេះ សង្ឃឹមថាជាទុន ដើម្បីក្លាយជាអ្នកបណ្តុះបណ្តាល ផ្សព្វផ្សាយបន្តពីសិល្បៈរបស់ខ្មែរយើង។ លោក យាន រស្មី បន្តថា៖ «ទោះបច្ចុប្បន្នមិនសូវមានការលើកទឹកចិត្ត ឬថាគ្មានទីផ្សារសម្រាប់ការងារជាគទានុរក្សក្តី និងការស្រាវជ្រាវពីប្រវត្តិសិល្បៈក្តី តែខ្ញុំសង្ឃឹមថាអនាគត ការងារនេះនឹងមានឱកាសច្រើន»។ យុវសិល្បករម្នាក់នេះបន្តថា សូមឱ្យចង់ចាំថា៖ «ចាស់មិនហួសសម័យ ថ្មីមិនបរទេស! ហើយ សង្ឃឹមថា ការយល់ដឹងពីសិល្បៈរបស់ខ្លួនឯង នឹងជួយឱ្យវប្បធម៌ អរិយធម៌របស់យើងរឹងមាំ ដូចបណ្តាលប្រទេសដទៃ»៕
អានអត្ថបទទាក់ទាញ៖
-ភាពយន្តខ្មែរ ២០១៧ កើនឡើងជាងឆ្នាំកន្លងបន្តិច តែមានគុណភាពច្រើន
-ជូ ដាវី ផលិតករភាពយន្តខ្មែរបារាំង ចាយតែប្រាក់រង្វាន់