ប្រពន្ធចរិត៦យ៉ាងនេះ ទោះប្ដីស្លូតដូចទេវតា ក៏ទៅជាកាចដូចកម្រោលចូលបានដែរ
- 2018-04-26 03:42:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រពន្ធចរិត៦យ៉ាងនេះ ទោះប្ដីស្លូតដូចទេវតា ក៏ទៅជាកាចដូចកម្រោលចូលបានដែរ
ចន្លោះមិនឃើញ
គ្មាននរណាម្នាក់ដែលល្អឥតខ្ចោះនោះទេ តែបើដឹងពីចំណុចអាក្រក់របស់ខ្លួន ហើយព្យាយាមកែប្រែគឺជាការល្អ ប៉ុន្តែបើដឹងហើយនៅតែប្រព្រឹត្តិ នោះគឺជាចរិតដែលមិនអាចលះបង់បាន។ មិនខុសអីពីភរិយាមួយចំនួនតូច ដែលមានចរិត៦យ៉ាងដូចខាងក្រោមនេះ ហើយមិនព្រមលះបង់ចោល ទោះបានរៀបការជាមួយបុរសល្អប៉ុណ្ណាក៏ដោយ ក៏មិនអាចមានសុភមង្គលបានដែរ។
១. ពេលប្ដីធ្វើខុសអីបន្តិច ទេសនាតាំងពីព្រឹកទល់យប់មិនឈប់
ប្រសិនបើប្ដីធ្វើខុសអ្វីមួយ ដែលមិនត្រូវចិត្តខ្លួន ត្រឹមប្រាប់ពីកំហុសឲ្យប្ដីចេះកែប្រែ ឬប្រយ័ត្នប្រយែងនៅពេលក្រោយ គឺគ្រប់គ្រាន់ហើយ សំខាន់ឲ្យតែស្វាមីចេះទទួលស្គាល់។ ភរិយាខ្លះកំហុសតូចមួយសោះ យកមកធ្វើឲ្យក្លាយជារឿងធំទាល់តែបានហើយ ហើយនិយាយច្រំដែលៗ រអ៊ូង៉ូវៗដាក់ត្រចៀកប្ដីមិនព្រមឈប់។ បើប្ដីនោះឆ្លាតចេះដើរចេញមិនអីទេ តែបើប្ដីទ្រាំមិនបាន កុំសួរថាហេតុអីឲ្យសោះ។
**២. ពូកែធ្វើតែខ្លួនតែរឿងចង្ក្រានចានក្បានព្រលែងចោល**
ការចេះស្រលាញ់ខ្លួន គឺជារឿងល្អសម្រាប់ស្ត្រីក្រោយរៀបការរួច ប៉ុន្តែបើស្អាតតែរូបរាងពេលចូលក្នុងផ្ទះសឹងតែក្រឡាត កណ្ដុររត់បុក តើគ្រួសារមានសុភមង្គលដែរទេ? មានរូបសម្បត្តិស្អាតតែម្យ៉ាងមិនគ្រប់គ្រាន់ទេសម្រាប់ភរិយា ក៏ត្រូវពូកែក្នុងរឿងការងារផ្ទះ ទើបគ្រួសារមួយមានតែស្នាមញញឹម។
៣. មានប្ដីមានកូនហើយ តែធ្វើដូចនៅ Single
នៅត្រង់ចំណុចនេះចង់សំដៅដល់ភរិយាមួយចំនួនតូច ចូលចិត្តភាពឡូយឆាយ ដើរលេង ជួបជុំមិត្តភក្ដិ មិនសូវមានពេលវេលាឲ្យកូនៗ ក្នុងការថែទាំ ប្រៀនប្រដៅឡើយ។ ចំណែកឯស្វាមីក៏មិនសូវហ៊ានបង្ហាញ ធ្វើដូចខ្លួននៅក្រមុំ។ ចរិតបែបនេះ ទោះស្វាមីនោះ ស្រលាញ់ខ្លាំងប៉ុណ្ណា ហើយស្លូតប៉ុណ្ណាក៏មិនអាចទទួលយកបានឡើយ គ្រាន់តែពេលខ្លះខាងប្ដីមិនចង់មានរឿងឈ្លោះ។ តែមិនប្រាកដថា គេទ្រាំទទួលយកនូវទង្វើបែបនេះរហូតដែរ។
៤. ពេលឈ្លោះគ្នាអាងប្ដីស្លូតហ៊ានហៅ «អា» ពេញៗមាត់
អាងប្ដីស្លូត អាងតែប្ដីស្រលាញ់ ដឹងចិត្តប្ដី បែរទៅលែងគោរពប្ដីទៅវិញ។ មនុស្សប្រុសភាគច្រើនតូចចិត្តបំផុត នៅពេលមនុស្សស្រីហៅ អា ជាពិសេសប្រពន្ធរបស់ខ្លួនតែម្ដង។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ជាភរិយាថ្លៃថ្នូរ ប្រកបដោយចរិយាសម្បត្តិ ត្រូវគោរពស្វាមីរបស់ខ្លួនជានិច្ច។ បើប៉ះស្វាមីស្លូតផង កាន់តែគោរពថែមទៀត កុំអាងប្ដីស្លូតចេះតែហ៊ាន ប្រយ័ត្នតែប្ដីកាចទើបដឹងខ្លួន។
៥. អត់ចេះគ្រប់គ្រងលុយកាក់ដែលប្ដីខំរក
ការចេះគ្រប់គ្រងលុយកាក់ ទ្រព្យសម្បត្តិ ក៏ជាកាតព្វកិច្ចមួយដ៏សំខាន់ក្នុងនាមជាភរិយា។ ចំពោះភរិយាខ្លះ ចាយលុយមិនដឹងមុខ ចាយគ្មានគោលការណ៍ ចាយតាមចង់។ ទោះប្រាក់ខែប្ដីរាប់លានប៉ុណ្ណាក៏មិនសល់តែ។ ត្រង់ចំណុចនេះសំខាន់ណាស់ ដើម្បីកសាងគ្រួសារឲ្យរីកចម្រើនរហ័ស គឺផ្ដើមចេញពីការចេះគ្រប់គ្រងលុយកាក់។ គ្រប់គ្រងទ្រព្យសម្បត្តិ លុយកាក់បានល្អ គឺប្ដីស្រលាញ់កាន់តែខ្លាំងទ្វេឡើង។
៦. ចូលចិត្តយកប្ដីខ្លួនទៅប្រៀបប្ដីគេ ហើយតាំងបង្អាប់ប្ដីឯង
ទម្លាប់យកគ្រួសាររបស់ខ្លួន ទៅប្រៀបធៀបគ្រួសាររបស់គេ ទម្លាប់សរសើរប្ដីគេ មកបង្អាប់ប្ដីឯង សុទ្ធតែទង្វើខ្វះការពិចារណា និងកំពុងបំផ្លាញសុភមង្គលគ្រួសារស្រស់ៗតែម្ដង។ ត្រូវពេញចិត្តអ្វីដែលគ្រួសារមាន កុំទៅរវល់នឹងគ្រួសារគេ ព្រោះគ្មានបានអ្វីក្រៅពីនាំភ្លើងចូលផ្ទះឡើយ។ ផ្ទុយមកវិញត្រូវចេះលើកទឹកចិត្តស្វាមី ហើយពួតដៃគ្នាកសាងគ្រួសារឲ្យរីកចម្រើន ជាងគ្រួសារគេទើបជាភរិយាល្អ ប្រកបដោយចំណេះដឹង និងភាពថ្លៃថ្នូរ៕
ចុចអាន៖
ស្វាមីគ្រប់រូបឆ្លើយឲ្យរួច៧សំណួរនេះសិន បើគិតចង់ក្បត់ប្រពន្ធ មានស្រីក្រៅ
ក្រោយឈ្លោះគ្នា១ថ្ងៃ ប្ដីប្រពន្ធគួរធ្វើ៦យ៉ាងនេះ ដឹងតែឆាប់ត្រូវគ្នា រឹតតែផ្អែមលើសដើម
ប្ដីប្រពន្ធទោះឈ្លោះបែកផ្សែងម៉េចក៏ដោយ ហាមប្រើ៦ឃ្លានេះ បើមិនចង់ដាច់ដោចគ្នា