ឡៅ​ ចន្ទ្រា​ ទាត់​ថៃ​ ឃុន​ក្រុងថេប ​ខូច​ដៃ​ថ្ងៃ​មុន​នេះ​ជា​ជំហាន​ដំបូង​នៃ​ Kick Boxing​ របស់​គេ

  • 2019-09-19 03:10:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដែល​ច្រើន​ប្រើស្ដាយ​ចាប់​អោប​វ៉ៃ​ជង្គង់​ និង​កែង​ ឡៅ​ ចន្រ្ទា​ ធ្វើ​ឲ្យ​មហាជន​មាន​ភ្ញាក់ផ្អើល​កាល​ពី​សប្ដាហ៍មុន​ដោយ​សារ​ប្រើ​រន្ទះ​ជើង​ ទាត់​គ្មាន​ប្រណី​រហូត​ថៃ​ខូច​ដៃ​ ខណៈ​ម្ចាស់​ខ្លួន​ថា​ឥលូវ​នេះ​កំពុង​ហាត់​ Kick Boxing។​

ឃុនក្រុងថេប ពេលខូចដៃ

នេះ​អាច​ថា​ជា​លើក​ទី១​ហើយ​ បន្ទាប់​ពី​ ឡៅ​ ចន្រ្ទា​ ឡើង​ទម្ងន់​ធ្ងន់​មក​គេ​កម្រ​ឃើញ​អ្នក​ប្រដាល់​រូប​នេះ​ទាត់​ឲ្យ​ដៃគូ​សន្លប់​ ឬ​ខូច​ដៃ​នោះ​ណាស់​ ដែល​ភាគ​ច្រើន​បំផុត​សន្លប់​ដោយ​សារ​កែង​ និង​ជង្គង់​នោះ​ទេ។​ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​នៅ​ CNC​ សិស្ស​គុន​មក​ពី​ឆត្រយោង៩១១​ គេមើល​ឃើញ​ថា​ចេញ​ជើង​ឆ្វេង​បាន​ច្រើន​ ខណៈ​កណ្ដាប់​ដៃ​វ៉ៃ​ត្រង់​ចេញ​ជា​ធម្មតា។​ ការ​ទាត់​ឆ្វេង​ធ្ងន់​របស់​ ចន្រ្ទា​ សូម្បី​កីឡាករ​ថៃ​ ឃុនក្រុងថេប​ រង​ក៏​បើងផង​ដែរ។​

ឡៅ ចន្រ្ទា(ក្រហម)

កូន​សិស្ស​លោក​ ហង់​ សឿន​ រូប​នេះ​ឥលូវ​ឃើញ​ថា​ ចេះ​ចេញ​ក្បាច់​ដៃ​ ១-២​ ហើយ​ទាត់​១​ទៀត​ផង​ ខណៈ​ការ​ទាត់ទៀតសោត​គឺ​ជាប់​ៗ​គ្នា​ម្ដង​៣-៤​ជើង​ក៏​មាន​ដែរ។​ ឡៅ​ ចន្រ្ទា​ ក៏​បាន​ឲ្យ​ដឹង​ថា​ មូល​ហេតុ​ដែល​ខ្លួន​ចេញ​ជើង​ច្រើន​សម្រាប់​ការ​ប្រកួត​នេះ​ គឺ​សព្វថ្ងៃ​ហ្វឹកហាត់​ Kick Boxing​ ដើម្បី​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​លើក​ទី៣០​ ចុង​ឆ្នាំ​នេះ​នៅ​ប្រទេស​ហ្វីលីពីន។​

ជើង​ខ្លាំង​មក​ពី​កំពង់ស្ពឺ​រូប​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​កីឡា​ Kick Boxing​ នេះ​គឺ​ចេញ​ដៃ​ និង​ជើង​ឲ្យ​បាន​ច្រើន​ ឥលូវ​នេះ​កំពុង​តែ​ហ្វឹកហាត់​ក្បាច់​ទាំង​នេះ​ ហើយ​ខ្លួន​នឹង​ខំប្រឹង​ប្រែង​បន្ថែម​ទៀត​សម្រាប់​ការ​ហ្វឹកហាត់​ត្រៀមប្រកួតតំណាងកម្ពុជា​នៅពេលខាងមុខ។​

ឡៅ ចន្រ្ទា​ ពេលឈ្នះ ឃុនក្រុងថេប

រំលឹក​ដែរ​ថា​កីឡាករ​ ឡៅ​ ចន្រ្ទា​ ប្រកួត​មិត្តភាព​អន្តរជាតិ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី១៤​ ខែ​កញ្ញា​ ២០១៩​ កន្លង​ទៅ​សប្ដាហ៍​មុន​នេះ​គឺ​ទាត់​កីឡាករ​ថៃ​ ឃុនក្រុងថេប​ ឲ្យ​ខូច​ដៃ​ស្ដាំ​នៅ​ទឹក​ទី៤​ មិន​អាច​បន្ត​ការ​ប្រកួត​ឲ្យ​ចប់​នោះ​ទេ។​ បើ​តាម​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​ ឡៅ​ ចន្រ្ទា​ ក៏​មាន​ឈ្មោះ​ប្រកួត​ Kick Boxing​ នៅ​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ​ដែរ​ ប៉ុន្តែ​មិន​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ពី​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​នៅ​ឡើយ​ទេ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី