តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​គ្រប់គ្រង​កាកសំណល់ និងការចោលសំរាម​ក្រុង​ភ្នំពេញ​ឲ្យ​បាន​ស្អាត​ល្អ?

  • 2019-10-24 07:40:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បញ្ហា​សំរាម​នៅ​កម្ពុជា​បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​គគុក​មួយ​ ដែល​មាន​ការ​ជជែក​គ្នា​អំពី​ការ​បោះ​ចោល​សំរាម ការ​គ្រប់គ្រង​សំរាម​ និង​ការ​ស្ដីបន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ប្រព័ន្ធ​គ្រប់គ្រង​សំរាម និង​អាកប្បកិរិយា​របស់​ប្រជាពលរដ្ឋ​ជាដើម។

រឿងរ៉ាវ​សំរាម​កាន់តែ​ក្ដៅ​គគុក បង្កើត​ឲ្យ​មាន​ការ​ជជែក​គ្នា​កាន់​តែ​ខ្លាំង​ថែម​ទៀត ក្រោយ​ពី​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច​ចិត្ត​ដក​យក សិទ្ធិ គ្រប់គ្រង របស់ ក្រុមហ៊ុន ស៊ីនទ្រី មក​វិញ មក​ក្រោម​ការ​កាន់​កាប់​របស់​រដ្ឋ ប៉ុន្តែ​មិន​ឱ្យ​ក្រុមហ៊ុន​នេះ​ខាតបង់​ឡើយ រួច​ដាក់​ដេញ​ថ្លៃ​ដោយ​ឱ្យ​មាន​ការ​ចូល​រួម​ពី​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ ដោយ​ចែក​តំបន់​គ្នា​គ្រប់​គ្រង។

ចុចអាន៖ សំរាម​នៅភ្នំពេញ​គិតជា​មធ្យមមាន​ជិត​បីពាន់​តោន​ក្នុង​មួយ​ថ្ងៃៗ​

ការ​ប្រកាស​របស់​សម្ដេច​តេជោ កាល​ពី​ថ្ងៃ​ទី ២២ តុលា​កន្លង​ទៅ​នេះ ត្រូវ​បាន​មហាជន​​គាំទ្រ​លើ​សេចក្ដី​សម្រេច​របស់​នាយករដ្ឋមន្ត្រី ដែល​ពួកគេ​បាន​មើល​ឃើញ​អំពី​ភាព​អសកម្ម​របស់​ក្រុម​ហ៊ុន​ស៊ិនទ្រី លើ​ការ​ប្រមូល​សំរាម​មិន​បាន​ល្អ ដូចជា ប្រមូល​មិន​ទៀង​ទាត់ សម្ភារៈ​ក្រុមហ៊ុន​ចាស់ៗ ការ​គ្រប់​គ្រង​បុគ្គលិក​មិន​បាន​ល្អ ធ្វើ​ឲ្យ​មាន​កូដកម្ម​ជាច្រើន​ដង ដោយ​និយាយ​រួម​ការ​បំពេញ​សេវា​កម្ម​ប្រមូល​សំរាម​មិនទាន់​តម្រូវ​ការ​ជាដើម។ ចំណុច​អសកម្ម​របស់​ក្រុម​ហ៊ុន​នេះ ត្រូវ​បាន​មហាជន​ចង់​ឲ្យ​ដក​សិទ្ធិ និង​ស្រប​តាម​សម្ដេច​តេជោ ដែល​ចង់​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ពី​ក្រុម​ហ៊ុន​សំរាម​ ដោយ​ចែក​តំបន់​គ្រប់គ្រង ជាដើម។

ចុចអាន៖ គ្រប់មជ្ឈដ្ឋានគាំទ្រចំណាត់ការរាជរដ្ឋាភិបាល ទិញយកក្រុមហ៊ុនសម្រាមស៊ិនទ្រី

ទស្សនៈ​ខាង​លើ​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា មហាជន​បាន​ធុញទ្រាន់​​នឹង​រចនា​សម្ព័ន្ធ​​ នៃ​ការ​គ្រប់គ្រង​សំរាម ដែល​មាន​សាលា​រាជធានី​ភ្នំពេញ និង​វិស័យ​ឯកជន។ គេ​នៅ​ចាំ​បាន​ថា នៅ​ឆ្នាំ​១៩៩៧ ក្រុមហ៊ុន​ PSBK បាន​ចុះ​កិច្ចសន្យា​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការ​គ្រប់គ្រង​កាក​សំណល់​របស់​ទីក្រុង​រយៈពេល ៥០ឆ្នាំ។ នៅ​ឆ្នាំ ២០០២ ក្រុមហ៊ុន​ស៊ិនទ្រី បាន​ទទួល​សិទ្ធិ​ផ្ដាច់​មុខ​ ក្នុង​ការ​ប្រមូល​សំរាម​ ក្នុង​ទី​ក្រុង​នេះ។ បន្ថែម​លើ​ការ​រួម​ចំណែក​ក្នុង​ការ​ប្រមូល​សំរាម​របស់​វិស័យ​ឯកជន សាលា​រាជធានី​ភ្នំពេញ ក៏​មាន​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​ការ​ប្រមូល​សំរាម​ និង​គ្រប់គ្រង​ នៅ​តាម​ផ្នែក​មួយ​ចំនួន​ផ្សេង​ទៀត រួម​មាន​ សហគមន៍​ក្រីក្រ ដែល​ផ្លូវ​ពិបាក​មិន​អាច​រថយន្ត ចូល​ប្រមូល សំរាម​បាន​ជាដើម។

ចុចអាន៖ តើសំរាមទាំងនេះមកពីណា? ប្រទះឃើញ សំរាមរាប់តោនលើកោះមួយ នៅកោះកុង

យើង​មើលមួយ​ជ្រុង​ប្រាកដណាស់ យើង​ឃើញ​ភាព​កម្សោយ​ នៃ​ការ​គ្រប់គ្រង​សំរាម​របស់​សាលា​រាជធានី​ភ្នំពេញ និង​ក្រុម​ហ៊ុន​ឯកជន ប៉ុន្ដែ​បើ​ក្រឡេក​មួយ​ជ្រុង​ទៀត អាច​ជា​កម្សោយ​ផ្នែក​ចំណេះ​ដឹង​របស់​ប្រជាពលរដ្ឋ​ខ្លួន​ឯង​អំពី​ការ​គ្រប់គ្រង​សំរាម​ (វេច​ខ្ចប់)​។ ជា​ធម្មតា​ប្រជាពលរដ្ឋ​វេច​ខ្ចប់ កាក​សំណល់ គ្រប់​ប្រភេទ ជាមួយគ្នា នៅ​ក្នុង​ថង់​ប្លាស្ទិក​តែ​មួយ ដែល​ធ្វើ​ឱ្យ​វា​មាន ការ​លំបាក​ក្នុង ការ​ញែក កាក​សំណល់​ចេញ​ពី​គ្នា​សម្រាប់​ការ​កែច្នៃ និង​ទុកដាក់ ​សំណល់​រឹង រាវ និង​សំណល់​វេជ្ជសាស្ត្រ ជាដើម។

ចុចអាន៖ ចោលមិនអៀនដៃ! សំរាមសន្ធឹក​រាយប៉ាយ​នៅបរិវេណអង្គរវត្ត (មានវីដេអូ)

ប្រជាពលរដ្ឋ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ឬ​មិន​បាន​ចាប់​អារម្មណ៍​ដោយ​សារ​មាន​ទម្លាប់​ចោល​ពាសវាលពាសកាល​ជាច្រើន​ឆ្នាំ​ទើប​គេ​សង្កេត​ឃើញ​ថា រាល់​មាន​ពិធី​បុណ្យ​ធំៗ កន្លែង​ណា រមែង​មាន​សំរាម​ច្រើន​នៅ​ទី​នោះ នៅ​ឯ​ភោជនីយដ្ឋាន ឬ​តំប់​កម្សាន្ត​ផ្សេង​ៗ​ក្ដី ក៏​មាន​ការ​ចោល​សំរាម​ក្រៅ​ធុង ជិះ​ម៉ូតូ​ ឡាន ឬ​ម៉ូតូ​កង់​បី​ក្ដី ក៏​មាន​អ្នក​ញុំា​របស់​ បោះចោល​ដែរ។ មួយ​ផ្នែក​ទៀត អាជ្ញាធរ​ និង​ក្រុមហ៊ុន​ប្រមូល​សំរាម​ក៏​បាន​ជូន​ដំណឹង​អំពី​ពេលវេលា​ចោល​សំរាម ប៉ុន្តែ​ប្រជាពលរដ្ឋ​ហាក់​មិន​សូវ​បាន​គោរព​តាម​ពេល​វេលា​ដែរ ហើយ​ជា​ញឹក​ញយ​គេ​សង្កេត​ឃើញ​មាន​សំរាម​ក្រៅ​ធុង​ក៏​មាន។

សកម្មភាព​ចោលសំរាមពាសវាលពាសកាល នៅរមណីយដ្ឋាន​កោះស្មាច់ ខេត្តកោះកុង នៅអំឡុងឆ្នាំ ២០១៨ (រូបភាពចាស់)

សរុប​សេចក្ដី​មក​ ការ​បន្ទោស​លើ​រចនាសម្ព័ន្ធ​ នៃ​ការ​គ្រប់គ្រង​សំរាម​ដោយ​អាជ្ញាធរ និង​ក្រុម​ហ៊ុន​ឯកជន ក៏​ត្រឹមត្រូវ​មួយ​ផ្នែក​ ហើយ​មួយ​ផ្នែក​ទៀត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ប្រជាពលរដ្ឋ​លើ​ការ​គ្រប់គ្រង​ចូលរួម​គ្រប់គ្រង​កាក​សំណល់ ការ​វេច​ខ្ចប់​ចោល​សំរាម​ក៏​នៅ​មាន​កម្រិត។ ឥទ្ធិពល​នៃ​ការ​ចោល​សំរាម​មិន​បាន​ត្រឹមត្រូវ​នេះ​ហើយ​ ញុំាង​ឲ្យ​សំរាម​កើត​មាន​ពាសវាលពាសកាល នៅ​ពេល​មាន​ភ្លៀង​សំរាម​បិទ​មាត់​លូ ធ្វើ​ឲ្យ​ជន​លិច​ផ្លូវ ហើយ​ក៏​មាន​ថង់​ប្លាស្ទិក​ហើរ​ពេញ​មេឃ​ក៏​មាន។

បើ​យ៉ាង​ដូច្នេះ​ តើ​ត្រូវ​ធ្វើ​បែប​ណា ដើម្បី​គ្រប់គ្រង​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ?

ក្រោយពី​រាជរដ្ឋាភិបាល​សម្រេច​ដក​សិទ្ធិ​របស់​ក្រុម​ហ៊ុន​ស៊ិនទ្រី កាល​ពី​ពេល​ថ្មី​ៗ​នេះ ស្ថិត​នៅ​ក្រោម​រដ្ឋ​បណ្ដោះ​អាសន្ន ហើយ​រង់ចាំ​ការ​​ដេញ​ថ្លៃ​ដោយ​ឱ្យ​មាន​ការ​ចូល​រួម​ពី​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ ដោយ​ចែក​តំបន់​គ្នា​គ្រប់​គ្រង​កាក​សំណល់​ ឬ​សំរាម​នោះ សាលា​រាជ​ធានី​ភ្នំពេញ ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ គួរគប្បី​បង្កើន​ការគ្រប់គ្រង​ឲ្យ​បាន​តឹងរ៉ឹង​រវាង​សាលា​រាជធានី​ភ្នំពេញ និង​ក្រុម​ហ៊ុន​ឯកជន លើ​ការ​គ្រប់គ្រង​កាក​សំណល់។ ទន្ទឹម​នឹង​នេះ​ប្រជាពលរដ្ឋ​ក៏​គប្បី​ចូលរួម​កែ​ប្រែ​ទម្លាប់​មិន​ល្អ ដោយ​ចូលរួម​អនុវត្ត​ និង​គ្រប់​គ្រង​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ។​

- ១. ការ​ប្រមូល​សំរាម​ឲ្យ​បាន​ទៀងទាត់៖ សាលា​រាជធានី​ភ្នំពេញ និង​ក្រុម​ហ៊ុន​ឯកជន ត្រូវ​កំណត់​ទីតាំង និង​ពេល​វេលា​ឲ្យ​បាន​ជាក់​លាក់​ ដើម្បី​ប្រមូល​សំរាម​ឲ្យ​បាន​ទៀងទាត់។

- ២. ការ​ផ្ដល់​លេខ​ទាន់​ហេតុការណ៍៖ សង្កាត់ ខណ្ឌ ឬ​ក្រុម​ហ៊ុន​ឯកជន គប្បី​ដាក់​លេខ​ផ្ដល់​ព័ត៌មាន​ទាន់​ហេតុការណ៍​ដើម្បី​ឲ្យ​សាធារណៈ​ជន​អាច​រាយការណ៍​អំពី​បញ្ហា​សំរាម និង​ក្រុម​ការងារ​ពិសេស​ចុះ​ប្រមូល​សំរាម​នៅ​ទីតាំង​ ដែល​ទុក​ដាក់​សំរាម​មិន​បាន​ត្រឹមត្រូវ​ជាដើម។

- ៣. លើក​កម្ពស់​ការ​អប់រំ​ផ្នែក​បរិស្ថាន៖ បង្កើន​ការ​យល់​ដឹង​អំពី​បរិស្ថាន​ដល់​ប្រជាពលរដ្ឋ​ ដែល​ជា​ចំណុច​សំខាន់​នៅ​ក្នុង​ការ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ។ ទន្ទឹម​នឹង​នេះ​ត្រូវ​ចុះ​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​ដង​ដល់​ប្រជាពលរដ្ឋ​អំពី​ការ​គ្រប់​គ្រង​សំណល់​រឹង រាវ និង​សំណល់​វេជ្ជសាស្ត្រ​ ជាដើម។ នៅ​ពេល​ប្រជាពលរដ្ឋ​យល់​ដឹង​អំពី​ផល​ប៉ះពាល់​បរិស្ថាន និង​ការ​យល់​ដឹង​អំពី​ការ​គ្រប់គ្រង​សំរាម​ ពួកគេ​ទំនង​ជា​ផ្លាស់ប្ដូរ​ទម្លាប់​ដោយ​ខ្លួន​ឯង។​

- ៤. ការ​រឹត​បន្តឹង​ច្បាប់៖ ប្រទេស​កម្ពុជា​មាន​ច្បាប់​រួច​មក​ហើយ​លើ​ការ​ផាក​ពិន័យ​អ្នក​ចោល​សំរាម​មិន​បាន​ត្រឹមត្រូវ ដែល​ការ​អនុវត្ត​ច្បាប់​នេះ គួរគប្បី​ធ្វើ​ឲ្យ​ដូច​វិធានការ​ច្បាប់​ចរាចរណ៍។ រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​ដាក់​ចេញ​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥ ដោយ​កំណត់​ឱ្យ​ផាក​ពិន័យ​ជា​ប្រាក់​ចាប់​ពី​ ១​ម៉ឺន​រៀល​ ទៅ​២០​ម៉ឺន​រៀល និង​ប្ដឹង​ដល់​តុលាការ​ចំពោះ​ជន​ណា ​ដែល​ចោល​សំរាម​មិន​បាន​ត្រឹមត្រូវ។

ចុចអាន៖ មន្ត្រី​ជំនាញ​ថា​បើ​ពលរដ្ឋ​មិន​កែ​ទម្លាប់​ចោល​សំរាម​ផ្ដេសផ្ដាស ត្រូវ​តែ​ចាប់​ផ្ដើម​ពិន័យ (មានវីដេអូ)

-៥. ប្រជាពលរដ្ឋ​ ក៏​គួរ​ចូលរួម​សកម្មភាព​សំរាម៖ បើ​ទោះ​បី​ជា​មាន​អ្នក​សំអាត​សំរាមក៏ដោយ​ ប៉ុន្ដែ​ប្រសិន​បើ​ប្រជាពលរដ្ឋ​មិន​មាន​ការ​ចូលរួម​ឈឺឆ្អាល​លើ​ការ​ថែរក្សា​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ក៏​មិន​អាច​ធ្វើ​ឲ្យ​វិធានការ​ នៃ​ការ​គ្រប់គ្រង​សំរាម​បាន​ប្រសិទ្ធភាព​ដែរ។ ដូច្នេះ​ប្រជាពលរដ្ឋ​គប្បី​ដាក់​វិន័យ​ខ្លួន​ឯង ដោយ​ផ្លាស់​ប្ដូរ​ទម្លាប់​មិន​ល្អ ងាក​មក​ចូលរួម​គ្រប់គ្រង​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ វេច​ខ្ចប់​កាក​សំណល់​ និង​ចោល​សំរាម​នៅ​ក្នុង​ធុង​សំរាម​ជាដើម។ «ចង់​ឲ្យ​ទី​ក្រុង​ស្អាត គប្បី​ផ្ដើម​ចេញ​ពី​ខ្លួន​យើង រក្សា​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ»

ចុចអាន៖ អុញនុះ! ពិន័យធ្ងន់ក ដល់អ្នកដែលហ៊ានចោលសំរាមផ្ដេសផ្ដាស

ចុចអាន៖ បញ្ជាក់ប្រាក់​ពិន័យ​សម្រាប់​អ្នកចោល​សម្រាម​ផ្ដេសផ្ដាស​ ប្រយ័ត្ន​គេផាក​អត់ដឹង​ខ្លួន​

ចុចអាន៖ ស៊ីនទ្រីស្នើអ្នកទីក្រុង គួរចាប់ផ្តើមទុកដាក់និងវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវជាងមុន

អត្ថបទ៖ ទស្សនៈការីនិពន្ធ