ក្រសួង​រៀបចំ​យុទ្ធនាការ​គាំទ្រ​ការអប់រំ​ឌីជីថល​សម្រាប់​សិស្ស​ថ្នាក់ទី១០ ដល់ ១២ នៅ​​ភ្នំពេញ

  • 2023-07-04 08:30:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​អប់រំ យុវជន និងកីឡា បាន​ប្រកាស​រៀបចំ​យុទ្ធនាការ​គាំទ្រ​ការអប់រំ​ឌីជីថល​សម្រាប់​សិស្សានុសិស្ស​នៅ​គ្រឹះស្ថានមធ្យម​សិក្សា​រាជធានី​ភ្នំពេញ ដែល​នឹង​ប្រព្រឹត្ត​ទៅនៅក្នុងខែកក្កដា ឆ្នាំ​២០២៣​នេះ នៅគ្រប់​វិទ្យាល័យ​រដ្ឋ​ទាំងអស់​នៅរាជធានី​ភ្នំពេញ។

តាមរយៈ​យុទ្ធនាការ​នេះ គឺ​ផ្តល់​ការ​បណ្តុះបណ្តាល​នៅតាម​ថ្នាក់រៀន​នីមួយៗ​ដោយផ្ទាល់ លើ​ប្រធានបទ​ចំនួន៦ ដូចជា៖ ១. ការស្វែងយល់​ពីវិធីសាស្រ្តរៀន, ២. ការរៀនដោយស៊ីជម្រៅ, ៣. ការរៀន​តាមបែបពន្លឿន, ៤. ការបង្កើត​ក្លឹប​សិក្សា​សម្រាប់​សិស្ស​រៀនយឺត ឬក្លឹប​សិក្សា​មុខវិជ្ជា, ៥. ការបំប៉ន​សមត្ថភាពត្រៀម​ប្រឡងសញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ និង ៦. ការប្រើប្រាស់​កម្មវិធី​ទូរសព្ទដៃ Duraseksa – ទូរសិក្សា។

ក្រសួង​បញ្ជាក់​ថា យុទ្ធនាការ​នេះ នឹង​ត្រូវអនុវត្ត​នៅតាម​គ្រឹះស្ថាន​មធ្យម​សិក្សា​រដ្ឋចំនួន ៣៨ នៅក្នុងរាជធានីភ្នំពេញ ហើយ​សិស្សានុសិស្ស​ជាង ៤០ពាន់នាក់ ដែល​កំពុង​សិក្សា​នៅកម្រិត​មធ្យម​សិក្សា​ទុតិយភូមិ និងទទួលការបណ្តុះបណ្តាល​ដោយគរុនិស្សិត និងគរុសិស្ស​ស្ម័គ្រចិត្ត​ចំនួន ៣៦៧នាក់ ហើយ​ដែល​ត្រូវចុះផ្ទាល់​ទៅកាន់​ថ្នាក់រៀន​ជិត ១០០០បន្ទប់៕

អត្ថបទ៖ សំភី