កំណត់​អត្តសញ្ញាណ និងស្គាល់​ទីតាំង​នៃថ្មជាង ៤០០ដុំដែល​គរ​នៅខាងត្បូងឆៀង​លិចប្រាសាទបាយ័ន

  • 2024-02-05 08:31:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកជំនាញ​ជួសជុល​នៅខឿនរួតទី១របស់ប្រាសាទបាយ័ន ឱ្យដឹងថា ក្នុងចំណោមថ្មចំនួនប្រមាណ២០០០ដុំ ​គរនៅទីតាំងខាងត្បូង​ឆៀងខាងលិច​ប្រាសាទ​បាយ័ន ដែលចាប់ផ្តើម​រើតាំងពីពាក់កណ្តាលខែ​មករា ឆ្នាំ​២០២៤ ត្រូវបានរកឃើញ​ចំនួនជាង ៤០០ដុំ ដែលអាច​កំណត់អត្តសញ្ញាណ​បានថា គឺជាថ្មធ្លាក់មកពីថែវទី២ និងកំពូលព្រហ្មមុខបួន​នៅជ្រុង​និរតីនៃ​ប្រាសាទ​បាយ័ន។ ប៉ុន្តែ​ចំពោះថ្ម​ជាច្រើនទៀត គេមិនទាន់ដឹង​ថា មានប្រភព​មកពីណា​នៅឡើយ។

បុគ្គលិក​ជួសជុល​ប្រាសាទ​របស់អាជ្ញាធរជាតិអប្សរា និងជា​អ្នកជំនាញ​រកថ្ម លោក ញ៉ុក ឡូ ឱ្យដឹងថា ក្នុងការរើគំនរថ្ម​ទិសខាងត្បូង​ប៉ែកខាងលិច​របស់ប្រាសាទបាយ័ន​នៅជំហានដំបូង​នេះ បាន​រកឃើញថ្ម និងអាចកំណត់អត្តសញ្ញាណជាច្រើនប្រភេទដូចជា ថ្មផ្តែរ ថ្មចិញ្ចើមព្រហ្ម ថ្មទងត្រចៀករបស់ព្រហ្មមុខបួន ថ្មសរសរពេជ្រ ថ្មហោជាង និងដំបូលរបស់ប្រាសាទបាយ័ន។ ដោយឡែក ថ្មមានចម្លាក់​ជាទង​ត្រចៀក បបេមាត់ទាំងនោះ បានជ្រុះធ្លាក់ពីកំពូលមុខព្រហ្មលេខ២៧ រួមទាំងធ្លាក់ពីថែវទី២ ដែលនៅទល់មុខ និងគំនរថ្មនេះតែម្តង។

អ្នកជំនាញរូបនេះ បញ្ជាក់ទៀត​ថា ចំពោះដុំថ្មដែលអាច​កំណត់អត្តសញ្ញាណ​បាន គឺត្រូវរៀបទុកមួយផ្នែកសម្រាប់​យកមក​ផ្គុំគ្នា​ឡើងវិញ។ រីឯថ្មមួយចំនួនទៀត មិនទាន់អាចកំណត់អត្តសញ្ញាណបានត្រូវទុកដាច់ដោយឡែកជាបណ្តោះអាសន្នសិន។

ស្ថាបត្យករ និងជាអ្នកគ្រប់គ្រង​ការដ្ឋាន​ជួសជុល​ខឿនរួតទី១​ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងថា មុននឹងឈានដល់​ការជួសជុលថ្មកម្រាលដែលស្រុត និងជួសជុលប្រព័ន្ធបង្ហូរនៅទិសខាងត្បូងឆៀងខាងលិចនៅរួតទី១នៃប្រាសាទបាយ័នឡើងវិញ ជាដំបូង ក្រុមការងារត្រូវរើគំនរថ្មដែលនៅខាងក្រោយជញ្ជាំងរោងទងនៃទីតាំងជួសជុលជាចាំបាច់។

ការងារជំហានទី១ គឺត្រូវចុះបញ្ជីថ្មនីមួយៗ និងរើម្តងមួយៗ បែងចែកទៅតាមប្រភេទថ្ម ដើម្បីងាយស្រួលរកតួនាទី និងទីតាំងរបស់វា លើកលែងតែថ្មដំបូលទាំងអស់ហ្នឹងត្រូវយកចេញទៅខាងក្រៅ រៀបគរលើគ្នាឱ្យមានសណ្ដាប់ធ្នាប់ អ្វីដែលយើងចង់បាន គឺរកឃើញផ្នែកខាងលើបំផុតនៃតួប្រាង្គមុខបួន។

កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងទៀតថា ជាផែនការ ក្រុមការងារនឹងព្យាយាមរុករកទីតាំងដើមរបស់គំនរថ្មនីមួយៗ ហើយបើសិនមានលទ្ធភាពនឹងរៀបចំថ្មដែលរកឃើញទាំងអស់នោះទៅទីតាំងដើមវិញនាពេលអនាគត៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ អាជ្ញាធរជាតិអប្សរា

អត្ថបទ៖ សំភី