បើបណ្ណ​បើកបរ ត្រូវប៉ូលិសកាត់ពិន្ទុអស់ តើ​ត្រូវធ្វើបែបណា​ដើម្បីទទួលបាន​បណ្ណបើកបរ​ដែលមានពិន្ទុពេញវិញ?

  • 2024-06-19 03:05:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ឱ្យដឹង​ក្នុងសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០២៤ថា ក្នុងរយៈពេល​នៃ​ការអនុវត្ត​កម្មវិធី​ដកពិន្ទុបណ្ណបើកបរ និងពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក ដោយមន្រ្តី​នគរបាលចរាចរណ៍ផ្លូវគោក ក្នុងនោះ មានបណ្ណបើកបរមួយចំនួន​ត្រូវបានដកពិន្ទុ និងមួយចំនួន​ទៀត​បានអស់ពិន្ទុ។

ក្រសួង​បាន​បង្ហាញ​ទីតាំងមណ្ឌល​ផ្តល់សេវាសាធារណៈដែលសាធារណជន​អាចដាក់ពាក្យ​ស្នើសុំរៀនបំប៉ន ដើម្បី​ប្រឡងយកពិន្ទុបន្ថែម និងរៀនបំប៉ន​ដើម្បីប្រឡងយកបណ្ណបើកបរឡើងវិញ រួមមាន​ដូចខាងក្រោម៖

១. ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន

២. មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បើកបរយានយន្តធុនធ្ងន់

៣. ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ (អ៊ីអន១)

៤. ផ្សារទំនើបអ៊ីអនម៉លសែនសុខ (អ៊ីអន២)

៥. ផ្សារទំនើបអ៊ីអនម៉លមានជ័យ (អ៊ីអន៣)

៦. ផ្សារទំនើបជីបម៉ុង ណូរ៉ូម៉ល។

យោងតាម​មាត្រា៤៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យដឹងថា គ្រប់បណ្ណ​បើកបរ​ត្រូវមាន​បណ្ណពិន្ទុ​ដែលមាន​ពិន្ទុ​សរុបចំនួន១២ពិន្ទុ ហើយ​ចំនួនពិន្ទុនេះ ត្រូវកាត់​បន្ថយ​នៅពេល​ប្រព្រឹត្តបទល្មើស​ចរាចរណ៍ ដូចជាមិនពាក់ខ្សែក្រវាត់ លើសល្បឿន មិនគោរពសញ្ញាចរាចរណ៍ បើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរព​សិទ្ធិអាទិភាពជាដើម។

វិធីងាយៗ ក្នុងការពិនិត្យមើលពិន្ទុក្នុងបណ្ណបើកបរយានយន្ត ដោយស្កេន QR Code លើបណ្ណបើកបរ ឬចូលទៅកាន់គេហទំព័រ https://point.mpwt.gov.kh ដើម្បីចូលមើលពិន្ទុបណ្ណបើកបរ លោកអ្នកគ្រាន់តែស្កេន QR Code នៅលើបណ្ណ នោះពិន្ទុបណ្ណបើកបរ និងបង្ហាញជូន។

ក្នុងករណីបណ្ណបើកបរដែលគ្មាន QR Code លោកអ្នកចូលទៅកាន់គេហទំព័រ https://point.mpwt.gov.kh រួចបំពេញឈ្មោះជាអក្សរឡាតាំង លេខសម្គាល់បណ្ណបើកបរ ថ្ងៃ-ខែ-ឆ្នាំកំណើត រួចចុចពិនិត្យពិន្ទុ នោះលោកអ្នក និងឃើញពិន្ទុបណ្ណបើកបរដូចគ្នា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី