សេវា​កម្ម​ចុង​ភៅ​របស់ Man Utd ធ្លាក់​គុណ​ភាព

  • 2024-06-21 14:11:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United គឺ​ជា​ក្លឹប​បាល់ទាត់​ដ៏​ធំ​មួយ​នៅ​អង់គ្លេស។ ថ្វី​បើ​បិសាច​ក្រហមជា​ក្លឹប​បាល់ទាត់​ពិត​មែន តែ​ក្លឹប​មាន​ផ្ដល់​សេវាកម្ម​ជា​ច្រើន​ដល់​អ្នក​គាំទ្រ ​និង​សាធារណជន​ទូទៅ​ដូច​ជា​សណ្ឋាគារ ភោជនីយដ្ឋាន និង​សារមន្ទីរ​ក្លឹប​ជា​ដើម។ មួយ​ក្នុង​ចំណោម​សេវាកម្ម​ធំៗ​ទាំង​នោះ​គឺ សេវាកម្ម​ចុង​ភៅ ដែល​ទទួល​រង​ការ​ទិតៀន​ថា​បាន​ធ្លាក់​គុណភាព។

រឿង​ដើម​ហេតុ​ដែល​នាំ​មាន​ការ​រិះគន់​នោះ គឺ​មាន​ដំណើរ​ដូច​ត​ទៅ។ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លង ក្រុមហ៊ុន​មួយ​បាន​ប្រើប្រាស់​សេវាកម្ម​ចុង​ភៅ​របស់​ក្លឹប​បិសាច​ក្រហម ក្នុង​ការ​រៀបចំ​ពិធី​ពិសារ​បាយ​ពេល​ល្ងាច​មួយ​កន្លែង​ដែល​មាន​ភ្ញៀវ​សរុប​ប្រមាណ ៣០ នាក់។ ក្រោយ​មក​ ក៏​មាន​ការ​លេច​លឺ​ថា​ដំណឹង​ថា​មាន​ភ្ញៀវ​មួយ​ចំនួន​បាន​ពុល​អាហារ ដោយ​អ្នក​ខ្លះ​និយាយ​ម្ហូប​ ជា​ពិសេស​សាច់មាន់​ដែល​ពួក​គេ​ទទួល​ទាន ត្រូវ​បាន​ចម្អិន​មិន​បាន​ល្អ ហើយ​ឆៅ។

ក្រោយ​ទទួល​បាន​ដំណឹង​នេះ ភ្នាក់ងារ​ជាតិ​ទទួល​បន្ទុក​ស្ដង់ដា​ចំណី​អាហារ​របស់​អង់គ្លេស (FSA) បាន​ស៊ើបអង្កេត ហើយ​បាន​ទម្លាក់​គុណភាព​អាហារ​របស់​សេវាកម្ម​ចុង​ភៅ​បិសាច​ក្រហម​ពី​ផ្កាយ ៥ ទៅ​ផ្កាយ ១ នៅ​ខែ​ធ្នូ។ ក្រោយ​មក​ទៀត ភ្នាក់ងារ​មួយ​នេះ​ក៏​បាន​ចុះ​ទៅ​ធ្វើ​ការ​ត្រួតពិនិត្យ​ដល់​ទីតាំង​ចម្អិន​អាហារ​របស់​ក្លឹប រួច​ក៏​បាន​តម្លើង​គុណភាព​ចំណី​អាហារ​ពី​ផ្កាយ ៤ វិញ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។ កាល​ពី​ពេល​ថ្មីៗ​ FSA បាន​ចុះ​ទៅ​ពិនិត្យ​សេវាកម្ម​របស់​ក្លឹប​ Man United ម្ដង​ទៀត តែ​បាន​រក​ឃើញ​សម្ភារៈ​មួយ​ចំនួន​មិន​ត្រឹមត្រូវ​តាម​ស្ដង់ដា​បាន​កំណត់ ដូច​ជា​ម៉ាស៊ីន​លាង​ចាន​មាន​សភាព​មិន​ស្អាត​ហើយ​ដុះ​ផ្សិត ហើយ​ជើង​តុ​ចម្អិន​ម្ហូប​មាន​ច្រេះ​ចាប់​ជា​ដើម។ ទាំង​នេះ គឺ​ជា​ហេតុ​ដែល FSA នៅ​តែ​បន្ត​ឲ្យ​ផ្កាយ​ ៤ ទៅ​ឲ្យ​ក្លឹប ហើយ​មិន​អាច​ឲ្យ​ផ្កាយ ៥ វិញ​បាន​ ទាក់​ទង​នឹង​អនាម័យ​ចំណី​អាហារ។

ក្លឹប​បិសាច​ក្រហម បាន​និយាយ​ថា ក្លឹប​នឹង​ខិតខំ​ដោះ​ស្រាយ​បញ្ហា​ដែល​ FSA បាន​លើក​ឡើង ហើយ​នឹង​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឲ្យ​គុណភាព​អនាម័យ​ចំណី​អាហារ​នៃ​សេវាកម្ម​ចុងភៅ​របស់​ខ្លួន​បាន​ត្រលប់​ទៅ​រក​ផ្កាយ​ ៥ វិញ។

សេវាកម្ម​របស់​ក្លឹប​ Manchester United មាន​សភាព​រវល់​ណាស់។ ក្នុង​មួយ​ឆ្នាំ ក្លឹប​បាន​ទទួល​សេវាកម្ម​នេះ​ដើម្បី​បម្រើ​ការ​ចម្អិន​ម្ហូប​អាហារ​ជូន​អ្នក​គាំទ្រ​ប្រមាណ ២៥ ម៉ឺន​នាក់​ក្នុង​មួយ​រដូវ​កាល ហើយ​រៀប​ចំ​ម្ហូប​ដល់​កម្មវិធី​ក្រៅ​កម្មវិធី​បាល់ទាត់​ដល់ ៨០០ លើក​ក្នុង​មួយ​ឆ្នាំ ហើយ​ជួយ​រក​ចំណូល​ឲ្យ​ក្លឹប​រាប់​សិប​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ឯណោះ៕

ប្រភព៖ Dailymail   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី