ម៉ាប់ឆ្វេង បង្ហើបថា សុវណ្ណនាថ ល្អតាំងពីឆ្នាំ២០១៣មកម្ល៉េះ

  • 2024-07-01 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករល្អផ្លែសេវា និងម៉ាត់ផ្ដាច់ជំនាញដៃឆ្វេង គ្រឹល ម៉ាប់ ហៅម៉ាប់ឆ្វេង កាលពីពេលថ្មីៗនេះបានទម្លាយឲ្យដឹងថា ដៃគូចាស់របស់គេ វ៉េត សុវណ្ណនាថ ចាប់ផ្ដើមលេងបាល់ទះក្រៅផ្លូវការឡើងខ្លាំងនៅអំឡុងឆ្នាំ២០១២-២០១៣ មកម្ល៉េះ មិនមែនទើបតែឡើងនៅតារាងបាល់ទះវត្តប្រាសាទឆ្នាំ២០១៧-២០១៨ឡើយ គ្រាន់តែ​កាលនោះបណ្ដាញសង្គម YouTube និង Facebook មិនទាន់មាន​ផ្សាយ​ទូលំទូលាយប៉ុណ្ណោះ។

កីឡាករ គ្រឹល ម៉ាប់ ហៅ ម៉ាប់ឆ្វេង

កីឡាកររហ្សនាមសឺវីសឥតស្រមោលវ័យ៣៥ឆ្នាំ បានបន្ថែមទៀតថា អំឡុងពេលនោះ សុវណ្ណនាថកំពុងពេញឡើងនៅប៉ោយប៉ែត ហើយមិនសូវមានអ្នកលេងជាមួយកីឡាកររហស្សនាមប្ដូរចង្កេះលើអាកាសឡើយ។

ស្មាត់ឆ្វេងមកពីខេត្តកំពត បានបង្ហើបបែបនេះ៖ «កាលពីឆ្នាំ២០១២-២០១៣មក អត់ទាន់មាន YouTube អត់ទាន់មានការថត អត់ឃើញការលេងរបស់គាត់ តែគាត់នៅប៉ោយប៉ែតនិយាយទៅ អត់មានគូលេងទេនៅក្នុងប្រទេសរបស់យើង គឺមានតែម្នាក់ឬពីរនាក់ទេដែលហ៊ានលេង មានតែបងទូច (ទូចអង្គរក្ស) ទេទើបទប់ខ្ញុំនិងសុវណ្ណនាថជាប់ ហើយកាលហ្នុងណាត់បងរ៉ុម ...បងជ្រោលេងបីស្មើនៅប៉ោយប៉ែត គាត់ឡើងទៅហើយ ទាល់តែគូចឹងៗបានហ៊ានជួប ក្រៅពីហ្នឹង អត់ហ៊ានជួប»។

ម៉ាប់ឆ្វេង និង​សុវណ្ណនាថ

តាមរយៈការបង្ហាញសមត្ថភាពដ៏​ល្អក្នុងអាជីពបាល់ទះក្រៅផ្លូវការ កីឡាករម៉ាប់ឆ្វេង ត្រូវបានមហាជនទទួលស្គាល់ជាស្មាត់ឆ្វេងលំដាប់ជួរមុខមួយរូបនៅកម្ពុជា។ គេមានផ្លែសេវាមុតណាស់។ កេរ្តិ៍ឈ្មោះរបស់គេល្បីសាយភាយរន្ទឺពេញប្រទេស រហូតទទួលបានរហស្សនាម «សឺវីសឥតស្រមោល»។ ចំណែក​ សុវណ្ណនាថ ក៏ដូចគ្នា​ដោយគេលោតបានខ្ពស់ម៉ាត់ធ្ងន់ និង​តែង​តែប្ដូរ​ចង្កេះ​ពេលលោតម៉ាត់ គេក៏​ទទួល​បាន​រហស្សនា​ថា​ «ប្ដូរចង្កេះលើអាកាស»។ យ៉ាងណាបច្ចុប្បន្ន សុវណ្ណនាថ កំពុងរស់នៅសហរដ្ឋអាមេរិក និងមកលេងកម្ពុជាម្ដងម្កាល ប៉ុន្តែសមត្ថភាពលេងបាល់របស់គេហាក់ធ្លាក់ចុះខ្លាំង ក្រោយពុំសូវមានពេលហ្វឹកហាត់និងលេងផ្ទាល់៕

អត្ថបទ៖ Um Sopheak