សម្ដេច​ហ៊ុន សែន៖ បាល់មូល​សូម​ជ្រើស​រើស​ដោយ​សេរី តែសូមកុំលេងភ្នាល់​ដាក់​លុយ​ប្រយ័ត្ន​សុីសៀង​

  • 2024-07-03 12:55:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​លើក​ឡើង​នៅ​ក្នុង​ថ្ងៃ​នេះ​ថា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​បាល់ទាត់​អឺរ៉ុប Euro 2024 បាល់​មាន​រាង​មូល ហេតុ​ដូច្នេះ​ហើយ សូម​រើស​អ្នក​ឈ្នះ​ដោយ​សេរី តែ​កុំ​ភ្នាល់​ដាក់​លុយ ប្រយ័ត្ន​ស៊ីសៀង។

សម្ដេច​បាន​ផ្ដាំ​ថា៖ «បាល់មូលសូមជ្រើសរើសដោយសេរី តែសូមកុំលេងភ្នាល់ដាក់លុយប្រយ័ត្នសុីសៀង»៕​ នេះ​បើ​តាម​សារ​មួយ​ ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​នៅក្នុង​ថ្ងៃ​នេះ។

បន្ថែម​ពី​នេះ​ទៀត សម្ដេច​មិន​ហ៊ាន​ថា អាល្លឺម៉ង់​យក​ឈ្នះ​ទៀត​ទេ ក្រោយ​ឡើង​មក​កាន់​វគ្គ ៨ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​អឺរ៉ុប Euro 2024។

នៅ​វគ្គ ១៦ក្រុម​ចុង​ក្រោយ អាល្លឺម៉ង់​បាន​យក​ឈ្នះ ក្រុម​ជម្រើស​ជាតិ​ដាណឺម៉ាក​ក្នុង​លទ្ធផល ២ ទល់​នឹង​ ០។ ក្រុម​ជម្រើស​ជាតិ​ដែល​មាន​រហស្សនាម​ឥន្ទ្រីយ​ដែក​មួយ​នេះ​នឹង​ប៉ះ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​នៅ​វគ្គ ៨ក្រុម​ចុង​ក្រោយ ដែល​គូ​នេះ​នឹង​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ វេលា​ម៉ោង ១១យប់ (ម៉ោង​នៅកម្ពុជា)។

ទាក់ទិន​នឹង​រឿង​ទាយ​លទ្ធផល​បាល់​ សម្ដេច​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ថា៖ «កាលពីថ្ងៃ២៨ មិថុនា ២០២៤ ខ្ញុំបាននិយាយលេងទៅកាន់អង្គមទ្ទិញថាអាល្លឺម៉ង់នឹងឈ្នះ។ ការនិយាយថាអាល្លឺម៉ង់នឹងឈ្នះ សំដៅលើការប្រកួតវគ្គ១៦ក្រុមប៉ុណ្ណោះមិនសំដៅទៅលើការលើកពានបាល់ទាត់អឺរ៉ុប២០២៤ នោះឡើយ»។

ក្រោយ​ពេល​ដែល​អាល្លឺម៉ង់​បាន​ឡើង​មក​កាន់​វគ្គ ៨ក្រុម​ចុង​ក្រោយ សម្ដេច​មិនហ៊ាន​ថា អាល្លឺម៉ង់​ឈ្នះ​ទៀត​ទេ។ សម្ដេច​ក៏​ព្រលយ​ថែម​ថា៖ «សូមកុំបន្ទោសខ្ញុំ ប្រសិនបើមានអ្នកគាំទ្រអាល្លឺម៉ង់ភ្នាល់ចាញ់»។

ទាក់ទិន​នឹង​ព្រឹត្តិការណ៍​យូរូ​ ២០២៤ សម្ដេច​ក៏​ភ្នាល់​បាល់​ជាមួយ​មិត្តភក្ដិ​របស់​លោក​ដែរ ជាពិសេស​អ្នក​ដែល​ធ្លាប់​លេង​កូនហ្គោល​ជាមួយ​គ្នា។ សម្ដេច​បាន​និយាយ​ថា៖ «៨ប្រកួតកន្លងទៅ ខ្ញុំឈ្នះ៦ប្រកួត និងចាញ់២ប្រកួតជាមួយសត្រូវរបស់ខ្ញុំដែលតែងប្រកួតជាមួយខ្ញុំពិសេសវាយកូនគោល»៕

អត្ថបទ៖ សេរី មង្គល