នាយិកាក្រុមហ៊ុនមានប្រវត្តិពីសិស្សពូកែភាសាបារាំង
- 2014-12-05 17:06:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយិកាក្រុមហ៊ុនមានប្រវត្តិពីសិស្សពូកែភាសាបារាំង
ចន្លោះមិនឃើញ
ថ្ងៃនេះ Sabay សូមបង្ហាញប្រវត្ថិសង្ខេប នាយិកាក្រុមហ៊ុនទេសចរណ៍ម្នាក់ គឺអ្នកស្រី វឹង ច័ន្ទដេលីស នាយិកាក្រុមហ៊ុនទេសចរណ៍ ASIA Exotic Tours ដែលកាលពីនៅវ័យកុមារជាក្មេងរៀនពូកែ បានប្រឡងជាប់អាហារូបករណ៍ភាសាបារាំង។ បច្ចុប្បន្ន ក្រុមហ៊ុនរបស់អ្នកស្រីមានដើមទុនបង្វិលជាង ១០ម៉ឺនដុល្លារ និងលោកស្រី ទទួលបានប្រាក់ចំណូលក្នុងមួយខែជាង ៣០០០ដុល្លារ។ តើដំណើរជីវិត អ្នកស្រីយ៉ាងណាដែរ?
អ្នកស្រី វឹង ច័ន្ទដេលីស កើតថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ១៩៨២ នៅសង្កាត់ មិត្តភាព ខណ្ឌ ៧មករា រាជធានី ភ្នំពេញ ជាកូនស្រីច្បង ក្នុងចំណោមបងប្អូន ៣នាក់ និងមានលោកឪពុកឈ្មោះ វឹង ឃឹមហ៊ាង ជាមន្ត្រីរាជការក្រសួងសុខាភិបាល និងអ្នកម្ដាយឈ្មោះ យង់ មួយតួ។
គេធ្វើបានយើងក៏អាចធ្វើបាន
ឆ្នាំ១៩៨៦ សាលាបឋមសិក្សាបាក់ទូក ជាសាលាដំបូងដែលអ្នកស្រីបានចូលរៀន។ អនុស្សាវរីយ ដែលអ្នកស្រីចង់ចាំមិនអាចបំភ្លេចបាននោះគឺ ឪពុកជាប់ធ្វើការ និងម្ដាយជាប់មើលប្អូន និងរវល់ការងារផ្ទះផង យូរៗម្ដងទើប ប៉ារបស់អ្នកស្រីដឹកគាត់ទៅរៀន ដូច្នេះជារៀងរាល់ថ្ងៃ អ្នកស្រីត្រូវដើរទៅរៀន ជាមួយមិត្តភ័ក្តិនៅជិតខាង ទើបហ៊ានឆ្លងផ្លូវទៅសាលារៀនគឺអាងដើរឆ្លងជាមួយគេតែប៉ុណ្ណោះ។ រឿងមួយទៀតដែលធ្វើឲ្យអ្នកស្រី នៅចងចាំមិនភ្លេចនោះ គឺមានថ្ងៃមួយ អ្នកស្រី បានឈ្លោះជាមួយមិត្តភ័ក្ដិ ភ្លេចគិតថា ខ្លួនឯងមិនហ៊ានឆ្លងផ្លូវ ដល់ម៉ោងចេញពីសាលា ដោយភ័យរកអ្នកជូនឆ្លងផ្លូវមិនបាន បានសម្រេចចិត្តឆ្លងដោយខ្លួនឯង តែម្ដង ដែលចាប់តាំងពីពេលនោះហើយ ដែលអ្នកស្រីហ៊ានឆ្លងផ្លូវទៅរៀនទៅដោយខ្លួនឯង។
ស្រគត់ស្រគំមិននិយាយស្ដីតែរៀនពូកែ
ឆ្នាំ១៩៩២ អ្នកស្រីបានចូលរៀននៅវិទ្យាល័យបាក់ទូក លោកស្រី ជាមនុស្សស្រគត់ស្រគំ មិនសូវចូលចិត្តនិយាយលេងច្រើនទេ ប៉ុន្តែចំពោះការសិក្សាវិញ រៀនបានលំដាប់ថ្នាក់សិស្សពូកែរហូត។ ជាកូនមន្ត្រីសុខាភិបាលម្នាក់ ដូចជាមិនមានអ្វីគួរឲ្យបារម្ភក្នុងជីវភាពគ្រួសារឡើយ និងដោយមានឪពុកម្ដាយជាអ្នកចេះដឹងភាសាបារាំង ទំនេរក្រៅពីម៉ោងសិក្សានៅសាលារដ្ឋ អ្នកស្រី ត្រូវបានឪពុកម្ដាយបញ្ជូនឲ្យចូលរៀនភាសាបារាំង នៅសាលាបារាំង អាឡឺយ៉ង់។
ប្រកាសលទ្ធផលប្រឡង ១ថ្នាក់ជាប់តែ២នាក់គត់
រយៈពេល៥ឆ្នាំកន្លងទៅ គឺឆ្នាំ១៩៩៧ ប្រឡងបាក់ឌុបបានមកដល់ ដូចជាមានសំណាង វិញ្ញាសាដែលកញ្ញាបានប្រឡងអាចឆ្លើយបានទាំងអស់។ ថ្ងៃប្រកាសលទ្ធផលបានចូលមកដល់ អ្នកស្រី ដូចជាមានអារម្មណ៍ភ័យផងអផង ពេលចាំស្ដាប់លទ្ធផលប្រជ្រៀតជាមួយសិស្សរាប់ពាន់នាក់ដែលកំពុង រង់ចាំស្ដាប់។ លំដាប់បន្ទប់ កាន់តែកៀក អ្វីដែលអ្នកស្រីបានចងចាំកាលណោះ បន្ទប់លោកស្រីគេប្រកាសថា មានជាប់តែ២នាក់ប៉ុណ្ណោះ ដូច្នេះក្នុងចំណោមសិស្ស៣០នាក់មានតែ២នាក់ជាប់នោះមិនដឹងថាជា អ្នកណាទេ។ គ្រាន់តែលឺឈ្មោះ វឹង ច័ន្ទដេលីស ជាប់ភ្លាមនោះ អ្នកស្រី បានស្រក់ទឹកភ្នែក លាយជាមួយសំណើច ដោយសារតែរំភើបខ្លាំងពេក រហូតដល់អ្នកជិតនោះ គេស្មានថាលោកស្រីធ្លាក់ទៅវិញទើបយំបែបនេះ។
ការរៀបចំរបស់ឪពុកម្ដាយពិតជាត្រឹមត្រូវ
ឆ្នាំ១៩៩៨ភាសាបារាំង នៅតែមានទីផ្សារទោះបីជាគេចាប់ផ្ដើមនិយមភាសាអង់គ្លេសក៏ដោយ ភាសាបារាំងសម្រាប់លោកស្រីអាចរាប់ថា គួរសមដែរបើធៀបជាយុវជនស្រករ គ្នានោះ ព្រោះលោកស្រីត្រូវបានឪពុកម្ដាយឲ្យរៀនតាំងពីនៅក្មេងៗ។ នៅឆ្នាំដដែលនោះរាប់ថាជាសំណាងល្អដែរ វិទ្យាស្ថានភាសាបរទេស ប្រកាសប្រឡងជ្រើសរើសកូនសិស្សភាសាបារាំង សម្រាប់កម្រិតបរិញ្ញាបត្រ ដោយចេះភាសាបារាំងស្រាប់ផងនោះ លោកស្រីបានសម្រេចចិត្តដាក់ពាក្យប្រឡងចូលរៀននៅទីនោះតែម្ដង។ លទ្ធផលចេញមកគាប់ចិត្តផងដែរ លោកស្រីបានជាប់ក្នុងចំណោមពិន្ទុជាលំដាប់ខ្ពស់ ។ នាយិការូបនេះបានរំលឹកថា កាលណោះបេក្ខជនចូលរួមប្រឡង រាប់រាយនាក់ ហើយសាលារើសយកតែ១០០នាក់ប៉ុណ្ណោះ ក្នុង១០០នាក់នោះគឺយកតាមពិន្ទុលំដាប់ទៀតផង។
ចេះប្រាកដរៀនមិនបាច់អស់លុយ
ប្រឡងជាប់នៅទីនោះគ្មានការលំបាកទេព្រោះ ដោយសារតែ ផ្នែកភាសាបារាំង នៃវិទ្យាស្ថានបរទេស បានទទួលការឧបត្ថម្ភទាំងស្រុងពីប្រទេសបារាំង មិនមែនត្រឹមតែរៀនមិនបង់ថ្លៃនោះទេ សូម្បីប្រាក់ខែគ្រូនិងសម្ភារៈសិក្សាដូចជា សៀវភៅ ប៊ិច ឧបករណ៍ផ្សេងៗក៏ការឧបត្ថម្ភពីស្ថានទូតបារាំងដែរ។ ប៉ុន្តែរឿងវិន័យគឺតឹងរ៉ឹងបំផុត ព្រោះកម្មវិធីសិក្សាស្តង់ដារ បែបប្រទេសបារាំងតែម្ដង។ ដំបូងឡើយ អ្នកស្រីចង់សិក្សាបន្ថែមមហាវិទ្យាល័យ១ទៀត ដើម្បីយកជំនាញផ្សេង ព្រោះគិតថា ចេះភាសាមួយមុខមិនគ្រប់គ្រាន់ទេ ប៉ុន្តែចាប់ពេលចូលរៀនមកទើបដឹងថា ការសិក្សារបៀបបរទេសគ្មានពេលសម្រាកឡើយ គឺរៀនព្រឹកល្ងាច២វេន ហើយមានបន្ថែមកិច្ចការសាលាជារៀងរាល់ថ្ងៃ ជាពិសេសសិក្សាជាមួយគ្រូជនជាតិបារាំងតែម្ដង ទើបសិស្សបារាំងពេលប្រឡងចេញសុទ្ធតែច្បាស់តែម្ដង។
ព្យាយាមគង់បានសម្រេច
នៅខែ កក្កដា ឆ្នាំ ២០០២ លោកស្រីបានបញ្ចប់ការសិក្សា ប៉ុន្តែមិនទាន់មានការងារធ្វើភ្លាមនោះទេ។ មួយឆ្នាំក្រោយមក គឺនៅឆ្នាំ ២០០៣ អ្នកគ្រូបង្រៀនផ្នែកទេសចរណ៍ នៅសាលាបារាំងបានណែនាំឲ្យអ្នកស្រី ទៅដាក់ពាក្យនៅក្រុមហ៊ុនទេសចរណ៍មួយឈ្មោះ ហនុមាន ព្រោះមានអ្នកទើបលាឈប់ពីក្រុមហ៊ុននោះ។ ពេលអ្នកស្រីបានទទួលដំណឹងភ្លាមអ្នកស្រី បានយកពាក្យដាក់ភ្លាម អ្វីផ្ទុយពីការពិតគ្រាន់តែទៅដល់ភ្លាមគឺ គេរុញCV ចេញតែម្ដង ដោយបាននិយាយថា មានមនុស្សគ្រប់គ្រាន់ហើយ។ ប៉ុន្តែលោកស្រី នៅតែព្យាយាម យកមកម្ដងទៀត ដោយសារតែយល់ថា ក្រុមហ៊ុននេះខ្វះអ្នកចេះភាសាបារាំង ដាក់ម្ដងទៀតនៅតែមិនជាប់ដដែល បានត្រឹមគេទទួល CV ទុកប៉ុណ្ណោះ។ ជាសំណាងម្យ៉ាងដែរ សម្រាប់តំណែងដែលលោកស្រីចង់ធ្វើនោះ មានអ្នកចូលធ្វើច្រើនតែនៅមិនបានយូរដោយសារតែ ប្រធានផ្នែកទីផ្សារនោះ ជាជនបរទេសហើយ និយាយខ្លាំងៗជាប្រភេទមនុស្សឆេវឆាវ កូនចៅដែលធ្វើការជាមួយនៅមិនបានយូរឡើយ ដូច្នេះអ្នកស្រីជាជម្រើសចុងក្រោយហើយទើបគេហៅចូលធ្វើការ។
មានបរិញ្ញាបត្រធ្វើការគ្មានប្រាក់ខែ
ការងារដំបូងដែលលោកស្រីធ្វើមានតួនាទីជាជំនួយការផ្នែកទីផ្សាររបស់ ក្រុមហ៊ុន ហើយពុំមានប្រាក់បៀវត្សឡើយដោយក្នុងរយៈពេល ៣ខែសាកល្បង តែបានទទួលប្រាក់ឧបត្ថម្ភ ៧០ដុល្លារដែរក្នុង១ខែ។ ការងារពិតប្រាកដមិនត្រឹមតែ ជាអ្នកជំនួយការផ្នែកទីផ្សារនោះទេ គឺធ្វើគ្រប់មុខតែម្ដង។ ហេតុតែគ្មានបទពិសោធន៍ការងារ អ្នកស្រីត្រូវបានគេប្រើគ្រប់ការងារ សូម្បីអ្នកបោសសំអាតក៏មានសិទ្ធិ ប្រើលោកស្រីដែរ។
ភាពអត់ធ្មត់នាំឲ្យទទួលបានជោគជ័យ
ត្រឹមការងារ មិនគ្រប់មុខមិនប៉ុន្មានទេ លំបាកបំផុតគឺធ្វើការជាមួយជនជាតិបរទេសតែម្ដងខុសបន្តិចបន្តួច គឺស្ដីឲ្យខ្លាំងៗមុខគេតែម្ដង មិនចាំដូចខ្មែរស្ងាត់ទើបប្រាប់ ខ្លាចខ្មាសអៀនដូចខ្មែរយើងឡើយ។ នៅសប្ដាហ៍ទី១ នាយិកាក្រុមហ៊ុនម្នាក់នេះ ស្ទើរតែបោះបង់ចោលការងារតែម្ដង ប៉ុន្តែដោយមានចិត្តគិតថា ចង់ចេះចង់បានបទពិសោធន៍ អ្នកស្រីបានសុខចិត្តទ្រាំរហូតដល់ធ្វើមុខក្រាសស្ដីលែងឈឺរហូត ដល់យល់គ្រប់កិច្ចការ។ រយៈពេល ៣ខែក្រោយ អ្នកស្រីត្រូវបានក្រុមហ៊ុនទទួលជាបុគ្គលិកពេញសិទ្ធិ បានទទួលបៀវត្ស ១ខែ១០០ដុល្លារ។ នាយិកាក្រុមហ៊ុនរូបនេះ រំលឹកថា ១០០ដុល្លារកាលណោះសម្រាប់មនុស្សខ្លួនមួយមិនបារម្ភទេ ព្រោះបាយទឹកនៅផ្ទះទាំងអស់ ដូច្នេះបើកមួយខែនៅសល់តែម្ដង។
ចេះពិតប្រាកដតំណែងឡើងជាប់រហូត
ការខិតខំប្រឹងប្រែងមិនអត់ប្រយោជន៍នោះទេ រយៈ ១ឆ្នាំ៦ខែកន្លងផុតតំណែងជា អ្នកគ្រប់គ្រងផ្នែកលក់ មានឋានៈស្មើជនជាតិបរទេសនោះ។ ប្រធានក្រុមហ៊ុន បានតែងតាំងលោកស្រី ដោយសម្អាងហេតុផលថា អ្នកស្រី មានបទពិសោធន៍និងសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញការងារ។ តំណែងនេះ បានទទួលបៀវត្សរ៍ ២៥០ដុល្លារ។ ក្រោយមកទៀត អ្នកស្រីបានឡើងតំណែងម្ដងទៀតជា អ្នកគ្រប់គ្រងផ្នែកលក់ជាន់ខ្ពស់ ដែលប្រាក់ខែឡើងជាបន្តបន្ទាប់រហូតដល់ ៥៥០ដុល្លារ។
ភាពជាសហគ្រិនចេញពីការគិត
នៅឆ្នាំ២០០៧ តំណែងជាអ្នកគ្រប់គ្រងផ្នែកលក់ជាន់ខ្ពស់ របស់អ្នកស្រីបើគិតទៅជាតំណែងមួយខ្ពស់គួរសម ដែរ ប៉ុន្តែអ្នកស្រី គិតថាចង់ឲ្យមានអ្វីផ្លាស់ប្ដូរ ជាងការមកធ្វើការរាល់ថ្ងៃដដែលៗ។ សំខាន់ជាងនេះទៅទៀត មនុស្សម្នាក់ៗតែងតែចង់មាននូវអ្វីដែលជារបស់ខ្លួនឯង ជាពិសេសការងារទាំងអស់ទាក់ទងទៅនឹង ដំណើរការក្រុមហ៊ុនទេសចរណ៍ លោកស្រីអាចធ្វើបានទាំងអស់ ដូច្នេះលោកស្រីចាប់ផ្ដើមគិតគូរពីគម្រោងបណ្ដើរៗបង្កើតអាជីវកម្ម ខ្លួនឯង។
ស្ដាយប្រាក់ខែ និងតួនាទីជារឿងធំបំផុត
លោកស្រីមានតួនាទីធំហើយ មានបុគ្គលិកក្រោមឱវាទជាង ២០នាក់ សុទ្ធតែគោរពកោតខ្លាចអ្នកស្រីទាំងអស់ជាពិសេសប្រាក់បៀវត្សរ៍តែ ម្ដងដែលលោកស្រីមិនចង់បាត់បង់វាឡើយ។ ប៉ុន្តែដោយមានការជំរុញ និងលើកទឹកចិត្តខ្លាំងពីក្រុមគ្រួសារ និងការស្រមៃទៅរកភាពមានបាននាពេលអនាគត ជាពិសេស ភាពជាម្ចាស់អាជីវកម្ម អ្នកស្រីបានសម្រេចចិត្ត ដាក់ពាក្យលាឈប់ពីការងារ។ រយៈពេលនៃការលាឈប់ធ្វើការគឺត្រូវធ្វើ៦ខែសិនក្រោយពីដាក់ពាក្យ រួច ដែលជាពេលវេលាលំបាកកាត់ចិត្តបំផុត ពីអ្វីៗនៅកន្លែងចាស់។ នេះជាអនុស្សាវរីយ៍ដែលអ្នកស្រីបានចងចាំមិនភ្លេចនោះទេ។ កាលណោះ ឪពុកម្ដាយអ្នកស្រីបានជំរុញខ្លាំងឲ្យបើកអាជីវកម្មដោយខ្លួនឯង។
ក្រុមហ៊ុនទេសចរណ៍ថ្មីមួយបានលេចចេញជារូបរាង
នៅឆ្នាំ២០០៨ ក្រុមហ៊ុនមួយឈ្មោះ ASIA Exotic Tours បានលេចចេញជារូបរាងឡើង ក្រោមទុនវិនិយោគប្រមាណជាង២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលថវិកាទាំងនេះអ្នកស្រីបានទទួលពីអ្នកចូលហ៊ុន ១ម៉ឺនដុល្លារ ក្រៅពីនេះជាប្រាក់បានពីការសន្សំ នៃការធ្វើការរបស់អ្នកស្រី។ បើកក្រុមហ៊ុនទេសចរណ៍បែបនេះ ជាមុខរបរប្រកួតប្រជែងជាមួយថៅកែចាស់ ប៉ុន្តែអ្វីដែលអ្នកស្រីបានធ្វើ គឺជារឿងត្រឹមត្រូវទោះបីលោកស្រីបានស្គាល់អតិថិជនទាំងអស់នៃ ក្រុមហ៊ុនទេសចរណ៍ចាស់ក៏ដោយ លោកស្រីមិនបានហៅឬទាញយកអតិថិជនទាំងនោះមកទេ គឺលោកស្រីចាប់ផ្ដើមពីក្រុមហ៊ុនថ្មីសន្លាងតែម្ដង។
រយៈ៦ខែ ស្ទើរបោះបង់ចោល
ធម្មតាការបើកក្រុមហ៊ុន ឬអាជីវកម្មអ្វីមួយ មិនមែនសុទ្ធតែជោគជ័យនោះទេ ហើយដំណើរការមិនប្រាកដជាជោគជ័យខ្លាំងនោះដែរ។ ក្រុមហ៊ុនទេសចរណ៍ ASIA Exotic Tours រយៈចាប់ផ្ដើមដំបូង ៦ខែដំបូង គឺស្ទើរតែគ្មានអតិថិជនទាល់តែសោះ។ ១ខែមានអ្នករកសេវាទេសចរណ៍ ១ឬ២នាក់ប៉ុណ្ណោះ ដែលរយៈពេល៦ខែដំបូងនាយិកាម្នាក់នេះស្ទើរតែបោះបង់ចោលទៅហើយ។ អ្នកស្រីបានរំលឹកថា បើទោះបីមានបទពិសោធន៍ និងធ្លាប់ធ្វើការកាលពីមុនក្ដី ប៉ុន្តែពេលនេះមកគ្រប់គ្រងដោយខ្លួនឯងវិញ ទើបមើលឃើញថា ពិតជាមានការលំបាកច្រើន ព្រោះជានាយិកា ត្រូវធ្វើគ្រប់មុខដូចស្វែងរកដៃគូពាណិជ្ជកម្ម ទាំងក្នុងនិងក្រៅប្រទេស រកអតិថិជន ដែលទាមទារភាពអត់ធ្មត់ ជម្នះរាល់បញ្ហាទាំងអស់។
បើកចំហបញ្ហាគឺជាមធ្យោបាយដ៏ល្អបំផុត
គ្មានអតិថិជន បូករួមជាមួយបរិស្ថានការងារ ធ្វើការក្រុមហ៊ុនមួយមានតែម្នាក់ឯង អស់រយៈពេល៦ខែនោះ។ លោកស្រី បានសម្រេចចិត្តចេញទៅជួបជុំក្នុង ក្រុមមិត្តភ័ក្ដិ ដែលសុទ្ធតែជាអ្នករកស៊ីដូចគ្នា ដើម្បីចែករំលែកការលំបាករបស់ក្រុមហ៊ុនប្រាប់ទៅមនុស្សក្នុងក្រុម ពេលនោះហើយការលើកទឹកចិត្ត និងជួយជំរុញបានកើតឡើងវិញ។ ខណៈមានបងស្រីម្នាក់ ជាអ្នករកស៊ីផ្នែកនេះដែរបានប្រាប់អ្នកស្រីថា មុខរបរនេះគួរតែទៅក្រៅប្រទេស ទើបអាចរកអតិថិជនបាន។
ទៅក្រៅប្រទេសរកបានជោគជ័យ
មានការណែនាំ និងលើកទឹកចិត្តបែបនេះ និងសម្អាងភាសាបរទេសខ្លាំងគ្រាន់បើដែរនោះ ប្រទេសដំបូងដែលអ្នកស្រីបានសម្រេចចិត្តទៅនោះ គឺប្រទេសវៀតណាម។ ជិះយន្តហោះរយៈ ៣ម៉ោងទើបទៅដល់ទីក្រុងហាណូយ អ្វីដែលលោកស្រីជួបនោះគឺ មានក្រុមហ៊ុនទេសចរណ៍ក្នុងប្រទេសវៀតណាមកំពុងស្វែងរកដៃគូជាមួយ កម្ពុជាដែរ។ ចាប់ពីពេលនោះមក លោកស្រីចាប់ផ្ដើមបានទទួលការកក់ពីក្រៅប្រទេសច្រើន រហូតដល់រកធ្វើមិនទាន់ទៅវិញ។
បច្ចុប្បន្នភាព
លោកស្រី វឹង ច័ន្ទដេលីសរៀបការនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១១ ដែលមានស្វាមីឈ្មោះ ត្រាម ប៊ីលី ជានាយកក្រុមហ៊ុនទេសចរណ៍នៅប្រទេសវៀតណាម។ បច្ចុប្បន្ននេះ អ្នកស្រីមានក្រុមហ៊ុនចំនួន១ ដែលទុនវិនិយោគដែលកំពុងបង្វិលមកទល់ពេលនេះមានប្រមាណជាង១០ម៉ឺន ដុល្លារ និងផ្ដល់ចំណូលបានជាង ៣០០០ដុល្លារក្នុង១ខែ។ នៅថ្ងៃអនាគត លោកស្រីគ្រោងបើកអាជីវកម្ម១បន្ថែមទៀតដែលមិនមែនជាក្រុមហ៊ុន ទេសចរណ៍។
បទពិសោធជីវិត
ក្នុងជីវិតអ្នកស្រី ការព្យាយាមសំខាន់បំផុត ដូចជាកាលពីដំបូងអ្នកស្រី បានចូលធ្វើការក្រុមហ៊ុនហនុមានអញ្ចឹង គឺធ្វើការងារគ្រប់មុខគ្រប់កិច្ចការ ដោយស្រឡាញ់អស់ពីបេះដូង ព្យាយាមធ្វើអ្វីមួយឲ្យបានសម្រេចជូនដល់ក្រុមហ៊ុន ក៏ដូចជាការធ្វើឲ្យក្រុមហ៊ុនខ្លួនឯងអញ្ចឹងដែរ។
បណ្ដាំផ្ញើដល់យុវជនដែលចង់មានភាពជោគជ័យ
ជាយុវជន ត្រូវមានទំនុកចិត្តលើខ្លួនឯង។ អ្នកស្រីបានលើកបទពិសោធន៍ផ្ទាល់ខ្លួនថា “ដូចកាលពីមុន ខ្ញុំនៅក្មេងឪពុកម្ដាយបណ្ដោយឲ្យទៅរៀនដោយខ្លួនឯង ដែលកាលណោះខ្ញុំបានគិតថា ឪពុកម្ដាយរបស់ខ្ញុំមិនស្រឡាញ់ខ្ញុំទេ បានមិនយកចិត្តទុកដាក់ ដូចកូនគេមានម៉ាក់ប៉ាជូនទៅរៀន។ ប៉ុន្តែគិតមកទល់ថ្ងៃនេះ ខ្ញុំយល់ឃើញខុសពីកាលមុនថា អ្វីដែលពួកគាត់ធ្វើ គឺបានផ្ដល់ការសម្រេចចិត្តដល់ខ្ញុំផ្ទាល់តែម្ដង ដូច្នេះតាំងពីកុមារមកទល់ពេលនេះ ដូចជាការចូលធ្វើការគឺជាការសម្រេចទាំងស្រុងរបស់ខ្ញុំ”។ ក្រៅពីការធ្វើ់ជាម្ចាស់ការលើខ្លួន អ្នកនាយិការូបនេះ បានបន្តទៀតថា យុវជនត្រូវមានក្ដីស្រមៃ ហើយតស៊ូជម្នះឲ្យបានចំពោះរបស់ដែលខ្លួនស្រឡាញ់ តែការបងប្រាថ្នា និងក្ដីស្រមៃនោះ ត្រូវក្នុងភាពសម្រេចបានដែរ៕
អត្ថបទ៖ កង ចាន់បញ្ញា
រូបភាព៖ សុំសិទ្ធិប្រើ