ហេតុ​ផល​ស្រដៀង​គ្នា​ធ្វើ​ឲ្យ CTN និង ហង្ស​មាស ទិញ​កម្មវិធី​បរទេស!

  • 2014-12-25 13:00:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​កត់​សម្គាល់​ឃើញ​ថា ស្ថានីយ​ទូរទស្សន៍ CTN និង ​ហង្ស​មាស បាន​ចំណាយ​លុយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ទិញ​ការ​ផលិត ហើយ​ចាក់​ផ្សាយ​កម្មវិធី​ល្បីៗ​របស់​ពិភព​លោក ។ តើ​ស្ថាប័ន​ទាំង​ពីរ​នេះ​គ្មាន​សមត្ថភាព​ផលិតកម្ម​វិធី​ខ្លួន​ឯង ឬ​យ៉ាង​ណា? ហើយ​ពូក​គេ​អាច​ទទួល​បាន​ប្រជាប្រិយភាព ឬ​ប្រាក់​ចំណេញ​ដូច​ការ​រំពឹង​ទុក​ទេ?

 

លោក លឹម ឃុនស្រ៊ុន ជា​អគ្គនាយករង​ប៉ុស្តិ៍ CTN បាន​ឲ្យ​ដឹង​ថា នេះ​ជា​យុទ្ធសាស្ត្រ​មួយ​របស់​ស្ថានីយ។ មាន​កម្មវិធី​បរទេស​ ៤​ ហើយ ដែល​ស្ថានីយ​ទិញ​សិទ្ធ​ផលិត និង​ កំពុង​ចាក់​ផ្សាយ។ រួម​មាន​កម្មវិធី ល្បែង​ជ្រែក​ជញ្ជាំង, តើ​អ្នក​ឆ្លាត​ជាង​ក្មេង​ថ្នាក់​ទី ​៥​ ទេ, អ្នក​នឹង​ក្លាយ​ជា​សេដ្ឋី និង ១​ នាទី​ ដើម្បី​ឈ្នះ។

 

លោក​និយាយ​ថា៖ “យើង​គិត​ពី​ការ​កម្សាន្ត​របស់​ទស្សនិកជន និង ​ប្រជាប្រិយភាព​ជាង​ប្រាក់​ចំណេញ​ទៅ​ទៀត"។  អគ្គ​នាយករង​រូប​នេះ​បន្ត​ថា កម្មវិធី​ជា​ស្នាដៃ​ផលិតករ​ក្នុង​ស្រុក ក៏​មាន​សក្ដានុពល​មិន​អន់​ដែរ ហើយ​មាន​គាំទ្រ​យ៉ាង​ច្រើន រហូត​ធ្វើ​ឲ្យ​អង្គភាព​ខាង​លើ​បាន​ទទួល​ការ​គាំទ្រ បង្ហាញ​ពី​ភាព​ជោគជ័យ​ក្នុង​រយៈ​កាល​១០ឆ្នាំ​​មក​នេះ។ លោក​យល់​ថា នេះ​ជា​ការ​បង្កើត​ឱកាស​មួយ​សម្រាប់ ផលិតករ​ក្នុង​ស្រុក​សិក្សា​ពី​កម្មវិធី​របស់​ពិភព​លោក។

 

លោក​បន្ថែម​ថា មុន​នឹង​ CTN សម្រេច​ចិត្ត​ទិញ​សិទ្ធ​ពី​ម្ចាស់​ដើម​នោះ ក៏​មាន​ប្រទេស​ជា​ច្រើន​ទៀត ដែល​គេ​ទិញ​សិទ្ធ​យក​ទៅ​ផលិត​មិន​តិច​ជាង​ ៤០ ​ទៅ ​៥០ ​ប្រទេស​នោះ​ទេ ហើយ​សុទ្ធសឹងតែ​បាន​ទទួល​ជោគជ័យ​ទាំង​អស់។ សម្រាប់​ផែន​ការ​យុទ្ធសាស្ត្រ​២០១៤​កន្លង​មក CTN បាន​ទិញ​កម្មវិធី​ចំនួន​ពីរ​ទៀត ដើម្បី​កៀរគរ​​អ្នក​គាំទ្រ​របស់​ខ្លួន គឺ​កម្មវិធី ​"Dancing With the Star" ពី​ទូរទស្សន៍BBC និង​កម្មវិធី "Cambodia Next Top Model”របស់​សហរដ្ឋ​អាមេរិក។

 

ចំណែក​ទូរទស្សន៍​ហង្ស​មាស​ឯ​ណេះ​វិញ បាន​ដំណើរ​ការ​កម្មវិធី ដែល​បាន​ទិញ​សិទ្ធ​ពី​សហរដ្ឋ​អាមេរិក​ចំនួន​ពីរ​នៅ​ដើម​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ រួម​មាន​កម្មវិធី" The Voice Cambodia” និង​កម្មវិធី" Million Dollar Money Drop” ដោយ​ជោគជ័យ។ លោក អ៊ិន ទីតូ អ្នក​គ្រប់គ្រង​សិល្បៈ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស បាន​ប្រាប់​ថា នេះ​ជា​យុទ្ធសាស្ត្រ ដើម្បី​បង្កើន​ការ​គាំទ្រ​បន្ថែម​ទៀត ក្រៅ​ពី​កម្មវិធី​ព័ត៌មាន​សម្បូរ​បែប​កំពុង​មាន​ការ​ពេញ​និយម​ស្ទើរ​គ្រប់​ មជ្ឈដ្ឋាន។

 

 

លោកបាន​​និយាយ​ស្រដៀង​គ្នា​ថា៖ “អ្វី​ដែល​យើង​ចង់​បាន គឺ​កម្មវិធី​សម្បូរ​បែប​សម្រាប់​ទស្សនិកជន ទាំង​កម្មវិធី​មាន​ស្រាប់ និង ​កម្មវិធី​ទិញ​សិទ្ធ​ពី​បរទេស"។ លោក​មិន​បាន​បញ្ជាក់​ច្រើន​នោះ​ទេ​ពី​បញ្ហា​នេះ។ ប៉ុន្តែ​លោក​បន្ត​ថា មាន​កម្មវិធី​បរទេស​ដំណើរ​ការ​កន្លង​បាន​ទទួល​ជោគជ័យ​លើស​ពី​ការ​រំពឹង​ទុក ខណៈ​ទស្សនិកជន​ភាគ​ច្រើន​បាន​តាម​ដាន​ទស្សនា​ជា​ប្រចាំ។

 

ថ្មីៗ​នេះ​ស្ថានីយ​ខាង​លើ​បាន​ដំណើរ​ការ​កម្មវិធី "Cambodia's Got Talent” ផ្ដល់​សិទ្ធ​ដោយ​ក្រុមហ៊ុន Free mantle Media International និង​មាន​បេក្ខភាព​ជា​ច្រើន បាន​ចូលរួម​បង្ហាញ​ទេពកោសល្យ​អស្ចារ្យ​របស់​ពូក​គេ។ បើ​តាម​ការ​ជួន​ដំណឹង​ទូរទស្សន៍​ហង្ស​មាស ក៏​នឹង​ដំណើរ​កម្មវិធី"Cambodia Idol” ឆាប់ៗ​នេះ​ផង​ដែរ៕

 

អាន​អត្ថបទ៖ រឿង​"ភ្លើង" ដាក់​បញ្ចាំង​ក្រោយ​ចំណាយ​ពេល​ថត​១​ឆ្នាំ

អាន​អត្ថបទ៖ ប៉ែន ចំរ៉ុង ចេញ​ពី​មួយ​ចូល​មួយ ក្នុង​ឆ្នាំ​២០១៤ និង​ដើម​២០១៥

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទពេញនិយម