អស់ទាស់! ធ្វើការនឹងខ្ទះខ្លាញ់សោះ ក្នុងមួយថ្ងៃរកចំណូលបានមិនក្រោម១លានរៀល
- 2014-10-01 17:47:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់ទាស់! ធ្វើការនឹងខ្ទះខ្លាញ់សោះ ក្នុងមួយថ្ងៃរកចំណូលបានមិនក្រោម១លានរៀល
ចន្លោះមិនឃើញ
ជារៀងរាល់ល្ងាច បើសិនជាប្រិយមិត្ត ធ្វើដំណើរមកដល់ត្រង់គល់ស្ពានហង្សផ្លូវចូលកោះពេជ្រ ច្បាស់ជាបានស្រង់ស្រូបនូវក្លិនឈ្ងុយៗអ្វីម្យ៉ាងហុយមកប៉ះនឹងច្រមុះជាមិនខានឡើយ។ ហើយបើបន្តក្រឡេកមកមើលខាងឆ្វេងដៃ ដេញតាមក្លិននោះ ប្រិយមិត្តច្បាស់ជាបានដឹងច្បាស់ថា នោះគឺជាក្លិនចង្រិតបំពង ដែលមានអ្នករោមទិញមិនដាច់ឡើយ ជាពិសេសយុវវ័យដែលនិយមទៅលេងកោះពេជ្រតែម្ដង។
ថ្វីត្បិតតែ មុខរបរនេះមើលទៅហាក់ដូចជាតូចតាចពិតមែន តែបើគិតពីប្រាក់ចំណូលវិញ ដឹងហើយចង់ញាក់សាច់ដែរហ្នឹង។ឃើញរុញរទេះលក់ចង្រិតបំពងបែបហ្នឹងមែន តែក្នុងមួយថ្ងៃ មុខរបរធ្វើការជាមួយខ្ទះខ្លាញ់ ក្ដៅមុខក្ដៅមាត់មួយនេះ ផ្ដល់ប្រាក់ចំណូលមិនក្រោម១លានរៀលនោះទេ។
តើចង្រិតបំពងនេះមានអ្វីពិសេសទៅ បានជាលក់ដាច់ខ្លាំងដូចនេះ?
លោក ប៉ុល វិចិត្រ អាយុ៣៥ឆ្នាំ ដែលយុវវ័យភាគច្រើនហៅគាត់ថា តាឥណ្ឌានោះ ជាអ្នកប្រកបរបរលក់ចង្រិតបំពងនៅត្រង់គល់ស្ពានហង្ស ផ្លូវចូលកោះពេជ្រ បានចាប់យកអាជីវកម្មមួយនេះ ជិត៣ឆ្នាំមកហើយ។ គាត់បានបញ្ជាក់ថា៖ កាលពីមុនគាត់ដើរទូលចង្រិតលក់នៅតាមហាងត្រឹមតែមួយថាសៗប៉ុណ្ណោះ។ ក្រោយមកដោយសារតែចង្រិតរបស់គាត់ ចេះតែលក់ដាច់ទៅៗ ហើយបងប្រុសសម្លឹងមើលឃើញទីផ្សារចង្រិតបំពងនេះ កំពុងតែទទួលបានការពេញនិយមចូលចិត្តពីសំណាក់យុវវ័យ ដូច្នេះហើយរូបគាត់ក៏សម្រេចចិត្តពង្រីកអាជីវកម្មមួយនេះឲ្យកាន់តែធំបន្ថែមទៀត។
លោក ប៉ុល វិចិត្រ
ទាក់ទងទៅនឹងប្រាក់ចំណូលពីមុខរបរលក់ចង្រិតនេះ គាត់និយាយថា៖ ថ្វីត្បិតតែមុខរបរនេះ មើលទៅដូចជាតូចតាចមែន តែខ្ញុំក៏ត្រូវចំណាយដើមច្រើនល្មមដែរ ក្នុងការរៀបចំ។ ក្នុងមួយថ្ងៃ គាត់ត្រូវចំណាយដើមទុនប្រមាណជាង ៨០ម៉ឺនរៀល ដើម្បីទិញវត្ថុធាតុដើមដូចជាចង្រិត កំពឹស ដុកឌឿ និងគ្រឿងផ្សំផ្សេងៗទៀត រួមទាំងប្រេងឆាផងដែរ។
អ្នកលក់ចង្រិតវ័យ ៣៥ឆ្នាំរូបនេះ បង្ហើបឲ្យដឹងថា៖ ក្នុងមួយថ្ងៃ ចំណូលពីការលក់ចង្រិតរបស់គាត់បានប្រហែល១លានរៀល ឬច្រើនជាងនេះទៅតាមថ្ងៃដែលលក់ដាច់។ ក្នុងចំណោមអាហារបំពងទាំងអស់នោះ គាត់ថាមានតែចង្រិតបំពងទេ ដែលលក់ដាច់ជាងគេ ដោយក្នុងមួយថ្ងៃ គ្រាន់តែចង្រិតមួយមុខលក់អស់ជិត ៤០គីឡូក្រាម ហើយចង្រិតមួយកំប៉ុងមានតម្លៃ ៤០០០ រៀល។
ទន្ទឹមនឹងការលក់ដាច់សឹងរកពេលទំនេរគ្មាន គាត់ និងក្រុមគ្រួសារ ក៏មានការហត់នឿយខ្លាំងដែរ ទាក់ទងនឹងការរៀបចំឥវ៉ាន់ មុននឹងឈានទៅបានដាក់បំពងចង្រិតលក់។
ជារៀងរាល់ថ្ងៃ បងប្រុស រួមទាំងភរិយាត្រូវរវល់តាំងពីម៉ោង ៧ ព្រឹក ដើម្បីផ្សំគ្រឿង និងរៀបចំឥវ៉ាន់ត្រៀមយកមកលក់សឹងតែរកពេលទំនេរសម្រាប់ហូបបាយគ្មាន។ គាត់ចាប់លក់ពីម៉ោង ៣ កន្លះ រហូតដល់ម៉ោង ១១យប់ឯណោះ។ ក្នុងការលក់នេះទៀតសោត ត្រូវការកម្លាំងមនុស្សបួននាក់ ទើបរៀបចំទាន់។ រាល់ល្ងាច ចង្រិតរបស់គាត់លក់ដាច់ខ្លាំងណាស់ ជាពិសេសគឺយុវវ័យដែលនិយមមកលេងកោះពេជ្រ សុទ្ធតែជាអតិថិជនដែលស្គាល់គាត់។
យុវវ័យដែលចូលមកទិញចង្រិតបំពងនៅកន្លែងគាត់ភាគច្រើនសុទ្ធតែចូលចិត្តគាត់ ដោយសារតែបុរសសំបុរស្រអែមរូបនេះ ពូកែលេងសើច និយាយកំប្លុកកំប្លែង ជាមួយអតិថិជនរបស់គាត់ខ្លាំងណាស់។ "អ្នកខ្លះជិះសុទ្ធតែឡានទំនើបមករកទិញចង្រិតរបស់ខ្ញុំ" គាត់បញ្ជាក់យ៉ាងដូចនេះ។
អ្នកលក់ចង្រិត សំបូរវោហារចាក់ទឹកមិនលិច រូបនេះបន្ថែមថា៖ ការដែលអាជីវកម្មរបស់គាត់ដំណើរការដោយរលូនរហូតមកដល់ពេលនេះ មិនមែនដោយសារតែរសជាតិចង្រិតរបស់គាត់ឆ្ងាញ់ដាច់លើសគេនោះទេ ដូចតែគេដូចឯងដែរ គឺប្រឡាក់គ្រឿងអំបិល ប៊ីចេង ស្ករ ម្សៅស្រួយ និងពងមាន់ តែអ្វីដែលសំខាន់ គឺគាត់ចេះយកចិត្តអតិថិជនដែលមកទិញ។
"អតិថិជន គឺជាស្ដេច" នេះជាទ្រឹស្ដីដែលបងប្រុស វិចិត្រ បានស្វែងយល់ និងអនុវត្តជាងពីរឆ្នាំចុងក្រោយនេះ ទើបអាជីវកម្មរបស់គាត់ទទួលបានការគាំទ្រយ៉ាងពេញទំហឹងរហូតមកដល់សព្វថ្ងៃ៕
តើមិត្តយុវវ័យណាខ្លះ ធ្លាប់ស្គាល់តាឥណ្ឌាតារាកំប្លែងលក់ចង្រិតបំពង នៅផ្លូវចូលកោះពេជ្រ?
អត្ថបទ៖ យិន សំបូរ