មិនគួរឲ្យជឿ! ទារិកាកើតមកមានផ្ទៃពោះស្រាប់ហើយកូនភ្លោះទៀត
- 2015-02-09 23:13:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួរឲ្យជឿ! ទារិកាកើតមកមានផ្ទៃពោះស្រាប់ហើយកូនភ្លោះទៀត
ចន្លោះមិនឃើញ
ទារិកាម្នាក់នៅហុងកុង បានកើតមកដោយមានផ្ទៃពោះកូនភ្លោះស្រាប់មិនគួរឲ្យជឿ និងជាករណីកម្របំផុតនៅលើពិភពលោក។ ទារិកាចម្លែកនេះ បានកើតនៅមន្ទីរពេទ្យ Queen Elizabeth ក្នុងគ្រួសារមួយ ដែលមានឪពុកម្ដាយជាជនជាតិចិនដីគោក។ យ៉ាងណាមិញ នាងបានទទួលការវះកាត់យកកូនភ្លោះចេញពីក្នុងផ្ទៃដោយជោគជ័យ ក្នុងវ័យត្រឹម ៣សប្ដាហ៍ប៉ុណ្ណោះ។
បើតាមការប៉ាន់ស្មានរបស់វេជ្ជបណ្ឌិត កូនភ្លោះនោះអាយុចន្លោះពី៨ ទៅ ១០សប្ដាហ៍ ហើយចាប់ផ្ដើមរីកលូតលាស់អវយវៈមួយចំនួនដូចជា ជើង ដៃ ឆ្អឹងខ្នង ឆ្អឹងជំនី រួមទាំងពោះវៀន តាំងពីទារិកានេះនៅក្នុងផ្ទៃម្ដាយម្ល៉េះ។ កូនម្នាក់មានទម្ងន់ ១៤,២ក្រាម ឯមួយទៀតមានទម្ងន់ទើបតែ ៩,៣ក្រាមតែប៉ុណ្ណោះ ហើយកូនទាំងពីរសុទ្ធតែមានទងផ្ចិត។
ការវះកាត់បានប្រព្រឹត្តទៅដោយជោគជ័យ ហើយ ៨ថ្ងៃក្រោយមក ក្មេងស្រីក៏បានចាកចេញពីមន្ទីរពេទ្យ។ នេះគឺជារឿងអស្ចារ្យបំផុតមួយក្នុងវិស័យវេជ្ជសាស្ត្រ ដែលចុះផ្សាយនៅក្នុងព្រឹត្តិបត្រសុខភាពរបស់ហុងកុង។ លក្ខខណ្ឌបង្កកំណើតរបស់ទារក ក្នុងផ្ទៃទារកនេះកម្រកើតមានណាស់ ហើយក្នុងចំណោម ៥០០០០០នាក់ អាចមានតែម្នាក់ប៉ុណ្ណោះនៅទូទាំងពិភពលោក។ រហូតមកទល់ពេលនេះ មានតិចជាង ២០០ករណីប៉ុណ្ណោះ ដែលត្រូវលាតត្រដាង។
វេជ្ជបណ្ឌិត Yu Kai-man ដែលមានជំនាញផ្នែកឆ្មប និងរោគស្ត្រី ជឿជាក់ថានេះគឺករណីទីមួយ ដែលកើតឡើងនៅហុងកុង។ លោកបាននិយាយថា "ស្ទើរមើលមិនដឹងទៅហើយអំឡុងពេលពិនិត្យ ព្រោះកូនភ្លោះនោះតូចពេក"។
របាយការណ៍បានបញ្ជាក់ថា មូលហេតុនៅពីក្រោយភាពខុសប្លែកគេរបស់ក្មេងស្រីនេះ នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែអង្គការសុខភាពពិភពលោក(WHO) បានចាត់ថ្នាក់ជាជំងឺមហារីកមួយប្រភេទ។ យ៉ាងណាក្ដី គេបានអះអាងថាស្ថានភាពដ៏កម្រនេះ អាចជាប់ពាក់ព័ន្ធទៅនឹងម្ដាយដែលផ្ដល់កំណើតដល់កូនច្រើនក្នុងពេលតែមួយ៕
ចុចអាន៖ អាថ៌កំបាំងព្រះសង្ឃបាត់ព្រះកាយ ២០០ឆ្នាំទើបរកឃើញ មិនទាន់សុគត?
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ Mirror