ថន ស្រីណៃ ពោល​សរសើរ​ប្រុស​ស្អាត​ហ្វីលីពីន

  • 2015-05-12 18:38:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ដើរ​ម៉ូដ មាស ថន​ស្រីណៃ បាន​ពោល​សរសើរ​តារា​ប្រុស ក្រោយ​បាន​ជួប​សម្ដែង​ជាមួយ​គ្នា​លើក​ដំបូង​តាម​រយៈ​រឿង "សង្គ្រាម​បង​ប្អូន" ត្រៀម​នឹង​ចាក់​ផ្សាយ​នៅ​ខែ​ក្រោយ​នេះ។

 

 

តារា​ប្រុស​របស់​ហ្វីលីពីន​ដែល មាស ថន​ស្រីណៃ បាន​ជួប​សម្ដែង​ជាមួយ និង​ពោល​សរសើរ​នោះ មាន​ឈ្មោះ​ថា Mikael Deaz ដែល​ប្រិយមិត្ត​ធ្លាប់​ស្គាល់​ក្នុង​រឿង​ជា​ច្រើន​រួច​មក​ហើយ។

 

ស្រីណៃ អតីត​តួ​ស្រី​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​ទេសចរណ៍​របស់​ក្រសួង​ទេសចរណ៍ឆ្នាំ ២០១១ ថ្លែងប្រាប់ Sabay ថា តារា​ប្រុស​ហ្វីលីពីន​រូប​នេះ ក្រៅ​ជា​ពី​រូប​រាង​សង្ហារ​ហើយ គេ​ជា​មនុស្ស​ល្អ រួសរាយ គួរ​ឲ្យ​រាប់​អាន។ "និយាយ​ពី​គាត់...បង​ឯង​មើល​ទៅ​ដឹង​ហើយ ជួប​គាត់​អត់​ដែល​មុខ​ក្រញ៉ូវ​ទេ សើច​រហូត និយាយ​ទៅ Make Fun គ្រប់​ពេល​ហ្មង​ណាស់  ឲ្យ​តែ​ជួប​គាត់​ពេល​ណា​គ្រប់​គ្នា​ដឹង​តែ​សើច​រហូត"។ ស្រី​ថ្លែង​ទាំង​សើច។

 

តាម​រយៈ​រឿង "សង្គ្រាម​បង​ប្អូន" ផលិត​ក្រោម​សហការ​គ្នា​រវាង​ផលិតកម្ម​ភូមិ​ពេជ្រ​ភាពយន្ត CTN និង​ទូរទស្សន៍ GMA របស់​ហ្វីលីពីន លោក Mikael Deaz មិន​មែន​ជា​តារា​ហ្វីលីពីន​តែ​ម្នាក់​ទេ​ដែល​មាន​វត្តមាន ក្នុង​នោះ ​តារា​រួម​សញ្ជាតិ​របស់​លោក​ម្នាក់​ទៀត គឺ ​កញ្ញាAndrea Torres ក៏​បាន​ចូល​រួម​សម្ដែង​ដែរ។

 

Mikael សម្ដែង​ជា​គូ​ជាមួយ មាស ថន​ស្រីណៃ ឯ​តារា​ស្រី Andrea Torres សម្ដែង​ជាមួយ​លោក ខាត់ វៃហុំាង។ តាម​រយៈ​សម្ដែង​ជា​គូ​ជាមួយ​គ្នា ស្រីណៃ ប្រាប់​ទៀត​ថា ត្បិត​នាង​ពោល​សរសើរ Mikael ប៉ុន្តែ​គ្រាន់​តែ​ក្នុង​ន័យ​ជា​មិត្ត​រួម​ការងារ​លើក​ដំបូង​ជាមួយ​គ្នា និង​រាប់​អាន​គ្នា​ប៉ុណ្ណោះ។ នាង​បន្ត​ថា ចំណុច​ល្អ​ផ្សេង​ទៀត​តារា​ហ្វីលីពីន ពួក​គេ​ពូកែ​ចាំ​ប៉ារូល ដែល​ជា​ការ​ផ្ដល់​លក្ខណៈ​ងាយ​ស្រួល​មួយ​ដល់​នាង និង​តារា​ខ្មែរ​យើង​ផ្សេង​ទៀត។

 

 

ទន្ទឹម​នឹង​ការ​ពោល​សរសើរ​ពី​តារា​ខ្មែរ​គ្រា​នេះ ភាគី​ខាង​តារា​ហ្វីលីពីន ក៏​បាន​ពោល​សរសើរ​ពី​តារា​ខ្មែរ​ដូច​គ្នា​ដែរ។ និយាយ​ជា​រួម ដោយ​មិន​សំដៅ​នរណា​ម្នាក់ ក្នុង​សន្និសីទ​កាល​ពី​ដើម​ខែ Mikael និង Andrea ថ្លែង​ដូច​គ្នា​ថា តារា​ខ្មែរ​ពិត​ជា​រួសរាយ រាក់​ទាក់ និង​គួរ​ឲ្យ​រាប់​អាន។ ដូច្នេះ​ហើយ ពួក​គេ​រីករាយ​ដែល​បាន​រួម​ជា​មួយ​សិល្បករ-សិល្បការិនី​ខ្មែរ​បង្កើត​ភាពយន្ត​ខាង​លើ​ឲ្យ​លេច​ជា​រូប​រាង​ឡើង។

 

វិល​មក​តារា​ស្រី​វ័យ ២៦​ឆ្នាំ មាស ថន​ស្រីណៃ វិញ ថ្លែង​បន្ត​ថា តាម​រយៈ​ការ​ចូល​រួម​សម្ដែង​ជាមួយ​តារា​អន្តរជាតិ​ដែល​ជា​ឱកាស​ដ៏​កម្រ​នេះ នាង​រំពឹង​ថា តិច ឬ​ច្រើន នឹង​ជួយ​នាង​ឲ្យ​កាន់​តែ​មាន​ប្រជាប្រិយភាព​ថែម​ទៀត។

 

 

មាស ថន​ស្រីណៃ បាន​ចូល​សិល្បៈ​ក្នុង​ឆ្នាំ ២០០៨ ក្រោយ​ប្រឡង​ជាប់​ក្នុង​កម្មវិធី Spy Super Model ដែល​បន្ទាប់​មក​នាង​ប្រឡូក​ច្រើន​ក្នុង​ការងារ​ដើរ​ម៉ូដ​ច្រើន​ជាង​ទាំង​ជាតិ និង​អន្តរជាតិ។ ជាក់​ស្ដែង​កញ្ញា ទើប​ជាប់​ជា​បវរ​កញ្ញា​ទេសចរណ៍​តំណាង​កម្ពុជា​ទៅ​ចូល​រួម​ប្រឡង​នៅ​ម៉ាឡេស៊ី​កាល​ពី​ចុង​ឆ្នាំ ២០១៤ តែ​មិន​ជាប់​ចំណាត់​ថ្នាក់។

 

ដោយ​ឡែក​ការងារ​សម្ដែង​ភាពយន្ត ស្រីណៃ ប្រាប់​ថា នាង​ទើប​តែ​បាន​សម្ដែង​ត្រឹម​២​រឿង​ប៉ុណ្ណោះ ទី​១​គឺ​រឿង "សង្គ្រាម​បង​ប្អូន" និង​រឿង "ខ្មោច​ទឹក​កក" សុទ្ធ​ជា​តួឯក ដែល​ទើប​បើក​សម្ពោធ​ថ្មី​ៗ៕

 

អត្ថបទ៖ CTN បើក​សន្និសីទ​ភាពយន្ត​តារា​ខ្មែរ​ប៉ះ​តារា​ហ្វីលីពីន​លើក​ដំបូង

 

 

 

 

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី