នាគខ្មៅ សៅ ប៊ុននឿន ត្រូវវះកាត់បេះដូងទើបជួយសង្គ្រោះជីវិតបាន
- 2015-09-22 16:53:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាគខ្មៅ សៅ ប៊ុននឿន ត្រូវវះកាត់បេះដូងទើបជួយសង្គ្រោះជីវិតបាន
ចន្លោះមិនឃើញ
កីឡាករជើងចាស់រហស្សនាមនាគខ្មៅ សៅ ប៊ុននឿន កំពុងមានជំងឺបេះដូងយ៉ាងធ្ងន់ធ្ងរ និងតម្រូវឲ្យវះកាត់បន្ទាន់ ប៉ុន្តែរូបគេបានវិលត្រលប់មកពីប្រទេសវៀតណាមវិញទាំងអស់សង្ឃឹមព្រោះគ្មានប្រាក់គ្រាប់គ្រាន់សម្រាប់ការព្យាបាល។
កីឡាករ សៅ ប៊ុននឿន ពេលធ្វើទុក្ខខ្លាំងលើកទីមួយ និងបញ្ចូនទៅសម្រាកនៅវៀតណាម
សៅ ប៊ុននឿន បានធ្លាក់ខ្លួនឈឺអស់រយៈពេលជិតពីរខែហើយ ដោយសារមានឈាមកកក្នុងសរសៃបេះដូង និងហើបស្រទាប់បេះដូងពិបាកដកដង្ហើម។ កាលពីដើមខែសីហានេះ លោកបានចូលសម្រាកក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) និងបន្តទៅព្យាបាលដល់ប្រទេសវៀតណាមជិតមួយខែ ដោយចំណាយប្រាក់ខ្ទង់ជិតមួយម៉ឺនដុល្លារ ប៉ុន្តែហាក់ដូចមិនធូរស្រាលឡើយ។
កីឡាករជើងចាស់រូបនេះ បានត្រលប់ទៅប្រទេសវៀតណាមម្ដងទៀតកាលពីសប្ដាហ៍មុន ដើម្បីតាមដានស្ថានភាពជំងឺ។ ក្រោយពេលពិនិត្យរួច វេជ្ជបណ្ឌិតបានបញ្ជាក់ថា សៅ ប៊ុននឿន ត្រូវវះកាត់បេះដូងបន្ទាន់ទើបរួចផុតគ្រោះថ្នាក់។ ការព្យាបាលនោះអាចចំណាយអស់ពី ៤ ទៅ ៥ពាន់ដុល្លារ ដែលជាឧបសគ្គធំមួយ ធ្វើឲ្យលោកនិងប្រពន្ធត្រលប់មកកម្ពុជាទាំងអស់សង្ឃឹមកាលពីថ្ងៃសៅរ៍។
សៅ ប៊ុននឿន បានប្រាប់ Sabay ថា បើមិនបានវះកាត់បេះដូងទេ ឈាមអាចបុកឡើងដូចលើកមុនគ្រប់ពេល ហើយខ្លាចមិនអាចជួយសង្គ្រោះបាន។ សព្វថ្ងៃ លោកកំពុងស្នាក់នៅផ្ទះជួល ដោយទទួលទានថ្នាំមកពីវៀតណាម គ្រាន់ទប់ស្កាត់បណ្ដោះអាសន្នប៉ុណ្ណោះ។ ចំណែកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ស្ថានភាពលោកកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។
កីឡាករ សៅ ប៊ុននឿន និងកូនទាំងពីរ
អ្នកស្រី គ្រៀល ស៊ីយ៉ា ភរិយារបស់កីឡាករ សៅ ប៊ុននឿន បាននិយាយទាំងសោកសៅថា៖ "សង្ឃឹមបងមានតិចណាស់... អ្វីដែលនៅចំពោះមុខបងគឺប្រាក់ដ៏ច្រើនដែលបងគ្មានលទ្ធភាពរកបាន... លុយដែលពួកបងមានរួមទាំងខ្ចីគេវាច្រើនណាស់ហើយ មិនទាន់ទាំងសងគេផង មានសិទ្ធិណាខ្ចីគេទៀតនោះ"។
អ្នកស្រីបានបន្តទៀតថា រាល់ថ្ងៃត្រូវបង់ថ្លៃផ្ទះជួលផង ហើយចិញ្ចឹមកូនពីរនាក់ទៀត ដែលជាទុក្ខលំបាកមួយយ៉ាងធំ។ ចំណែកការចេញទៅវៀតណាមលើកទីពីរនេះ គ្មានប្រាក់សម្រាប់ការវះកាត់ ទើបសម្រេចចិត្តសុំគេត្រលប់មកផ្ទះវិញ ដើម្បីដកឃ្លារកពេលវេលាគិតបន្តទៀត ថាត្រូវធ្វើយ៉ាងណា៕
កីឡាករ សៅ ប៊ុននឿន (រូបឆ្វេង)
ចុចអាន៖ អតីតអ្នកប្រដាល់ សៅ ប៊ុននឿន ឈឺធ្ងន់ទទួលអំណោយពីព្រះសង្ឃវត្តសំពៅមាស
ចុចអាន៖ នួន សូរិយា រស់នៅអាមេរិកហើយ នៅតែព្យាយាមរកប្រាក់ជួយ សៅ ប៊ុននឿន
អត្ថបទ៖ គង់ វិសាល