ការពន្យារកំណើតតាមវិធីបុរាណ មានប្រសិទ្ធភាព ១០០% ដែរឬទេ?
- 2015-12-24 15:22:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពន្យារកំណើតតាមវិធីបុរាណ មានប្រសិទ្ធភាព ១០០% ដែរឬទេ?
ចន្លោះមិនឃើញ
មធ្យោបាយពន្យារកំណើត មានច្រើនប្រភេទតាមលក្ខខណ្ឌផ្សេងៗរបស់ស្ត្រី ប៉ុន្តែចំពោះការពន្យារកំណើត តាមបែបបុរាណដូចជាការមើលតាមប្រតិទិន និងចាក់ទឹកក្រៅពាង គឺគ្មានប្រសិទ្ធភាព ១០០% ទេ នេះបើផ្អែកតាមការថ្លែងរបស់លោកស្រី ជី សុជាតិ កាលពីថ្មីៗនេះ។
នាយិកាប្រតិបត្តិអង្គការខ្មែរ បម្រើសុខភាពប្រជាជន (PSK) រូបនេះមានប្រសាសន៍ថា ៖ "ការពន្យារកំណើតដូចមើលតាមប្រតិទិន តាមរដូវរបស់ស្ត្រីហ្នឹង មិនមានប្រសិទ្ធភាព ១០០% គឺអាចមានថ្លោះធ្លោយ [មានកូន]"។
លោកស្រីបន្តថា ស្ពតខ្លីៗរបស់ក្រសួងពាក់ព័ន្ធ ដែលចុះផ្សាយតាមវិទ្យុ តាមទូរទស្សន៍ បានជំរុញលើកទឹកចិត្តឱ្យស្ត្រីប្រើប្រាស់ មធ្យោបាយពន្យារកំណើតបែបទំនើបរួមមាន ថ្នាំលេប ថ្នាំចាក់ កងដាក់ក្នុងស្បូន កងដាក់ដើមដៃ និងស្រោមអនាម័យ។
បើតាមការឱ្យដឹងរបស់ លោកវេជ្ជបណ្ឌិត ដេវីវ ម៉ាក តំណាងអង្គការ UNFPA ប្រចាំនៅកម្ពុជា ថ្នាំគ្រាប់ពន្យារកំណើត មានអ្នកប្រើប្រាស់ច្រើនជាងគេ ដោយយោងតាមការអង្កេតវិទ្យាសាស្ត្រ ឆ្នាំ២០១៤ ចេញដោយក្រសួងផែនការ ហើយបន្ទាប់មកថ្នាំចាក់ កងដាក់ក្នុងស្បូន និងកងដាក់ដើមដៃ។ ទោះបីជាយ៉ាងណា លោកបញ្ជាក់ថា ការពន្យារកំណើតតាមបែបទំនើបនៅមានកម្រិតនៅឡើយ ក្នុងប្រទេសកម្ពុជា។
ក្នុងសន្និសីទកាសែតស្ដីពី «ទិវាពន្យារកំណើតពិភពលោក» នៅមជ្ឈមណ្ឌលប្រតិបត្តិការកម្ពុជា-កូរ៉េ កាលពីថ្ងៃ ២២ ធ្នូ លោកស្រី ជី សុជាតិ បាននិយាយថា ការពន្យារកំណើត ពិតជាមានសារសំខាន់ណាស់ ក្នុងការរៀបចំគ្រួសារឱ្យបានល្អ។ ចំពោះសេវាពន្យារកំណើត ស្ត្រីជាមាតាអាចទៅរក និងប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ តាមមណ្ឌលសុខភាពរដ្ឋ និងតាមឱសថស្ថាន។
“មធ្យោបាយពន្យារកំណើតមានច្រើនប្រភេទ ដូច្នេះស្ត្រីដែលចង់ពន្យារ ត្រូវទៅជួបជាមួយគ្រូពេទ្យ ដើម្បីទទួលបានព័ត៌មាន និង ដឹងថាមធ្យោបាយមួយណា សមនឹងគ្រួសារខ្លួន សមនឹងសុខភាពរបស់ខ្លួន។ បើនិយាយថា មួយណាល្អ យើងមិនអាចថាបានទេ ដូច្នេះមានតែទៅជួបជាមួយគ្រូពេទ្យជំនាញ"។ លោកស្រីបញ្ជាក់។
នៅថ្ងៃទី ២៥ ខែធ្នូ នឹងមានការប្រគំតន្ត្រី និងការសម្ដែង ស្ដីពី "ទិវាពន្យារកំណើតពិភពលោក ២០១៥" ចាប់ពីម៉ោង ៥ ល្ងាចនៅមជ្ឈមណ្ឌលទីក្រុងកោះពេជ្រ ដោយមានការចូលរួមពីតារាល្បីៗដូចជា កញ្ញា មាស សុខសោភា លោក ហេង ពិទូ លោក Jimmy Kiss និងតារាល្បីជាច្រើនទៀត។
ចំណែកថ្ងៃ ៣០ ខែធ្នូ មានសិក្ខាសាលា និងការធ្វើបទបង្ហាញពីទិវានេះ នៅមជ្ឈមណ្ឌលប្រតិបត្តិការកម្ពុជា-កូរ៉េ ចាប់ពីម៉ោង ៧ ព្រឹកដល់ ១២ ថ្ងៃត្រង់។ គោលបំណង «ចង់ចូលរួមដោះស្រាយកង្វះខាតនៃការយល់ដឹងអំពីការពន្យារកំណើត ព្រមទាំងដោះស្រាយសមភាពយេនឌ័រ ហើយសារសំខាន់ក្នុងកម្មវិធីនេះ គឺ «អនាគតអ្នក ជីវិតអ្នក ដឹងពីជម្រើសរបស់អ្នក»៕
នៅខ្មែរខេត្តណា នារីវ័យក្មេងមានផ្ទៃពោះច្រើនជាងគេ?
អត់ដឹងធ្វើប័ណ្ណបើកបរម៉ូតូកន្លែងណា អានអត្ថបទនេះទៅ!
អត្ថបទ៖ អ៊ុំ សុភក្តិ