ក្រុមហ៊ុន​ផលិត​យន្តហោះ​ធំៗ​ចំនួន ៥ ស្គាល់​បាន​ប៉ុន្មាន​ដែរ?

  • 2017-06-29 23:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​តែ​ ៥ ប៉ុណ្ណោះ​ក្នុង​ពិភពលោក​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​ដឹក​អ្នក​ដំណើរ​ធំ​ជាង​គេ​បង្អស់។ ក្នុង​នោះ​មាន​ក្រុមហ៊ុន Airbus, Boeing, Bombardier, Embraer និង​ Tupoloev។ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ត្រួស​ៗ​ពី​ក្រុមហ៊ុន​នីមួយៗ៖

Airbus

Airbus A380

Airbus ជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​ឈាន​មុខ​គេ​មួយ​ក្នុង​ពិភពលោក​ ដោយ​មាន​ទទួល​ផលិត​យន្តហោះ​ស្ទើរ​ពាក់​កណ្ដាល​ក្នុង​ចំណោម​ការ​កុម្ម៉ង់​ទិញ​យន្តហោះ​ពី​ក្រុមហ៊ុន​អាកាសចរ​ទាំងឡាយ​ក្នុង​ពិភពលោក។ Airbus មាន​ទីស្នាក់ការ​នៅ​តំបន់​ Toulouse ប្រទេស​បារាំង និង មាន​​ជំរំ​សំខាន់ៗ​ចំនួន ១៦ ក្នុង​ប្រទេស​ចំនួន ៤ រួម​មាន​បារាំង អាល្លឺម៉ង់ អេស្ប៉ាញ​ និង ចក្រភព​អង់គ្លេស។ មិន​តែ​ប៉ុណ្ណោះ Aibus ក៏​មាន​សាខា​នៅ​សហរដ្ឋអាមេរិក ជប៉ុន និង ឥណ្ឌា​ផង​ដែរ។

គិត​ត្រឹម​ឆ្នាំ ២០១៦ ក្រុមហ៊ុន​នេះ​មាន​បុគ្គលិក ៧២ ៨១៦ នាក់​បម្រើ​ការងារ។ នៅ​ថ្ងៃ​ទី ១៤ ខែ​តុលា ឆ្នាំ ២០១៦ Airbus ផលិត​បាន​យន្តហោះ​ទី ១ ម៉ឺន​គ្រឿង​របស់​ខ្លួន ដែល​ជា​យន្តហោះ​ A350 ផលិត​ឲ្យ​​ក្រុមហ៊ុន​អាកាសចរ​សិង្ហបុរី។ A380 ជា​យន្តហោះ​ខ្នាត​ធំ​ជាង​គេ​​របស់​ Airbus និង ជា​យន្តហោះ​ធំ​ជាង​គេ​ក្នុង​លោក អាច​​ផ្ទុក​មនុស្ស​បាន ៥២៥ ទៅ ៨៥៣ នាក់។

​​​​Boeing

Boeing 777

Boeing មិន​ត្រឹម​តែ​ល្បី​ឈ្មោះ​ខាង​ការ​ផលិត​យន្តហោះ​ដឹក​អ្នក​ដំណើរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​ផលិត​យន្តហោះ​យោធា​បាន​ទៀត​ផង។ Boeing មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង មាន​ទីស្នាក់ការ​នៅ​​ទីក្រុង Chicago។ គិត​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​នេះ Boeing មាន​បុគ្គលិក​ ១៤៧ ៦៨៣ នាក់​កំពុង​បម្រើ​ការ​ការងារ​ជា​ច្រើន​ផ្នែក។ ផលិតផល​សំខាន់​ដែល Boeing កំពុង​ផលិត​គឺ​​ត្រកូល 737, 747, 767 និង 777 រួម​ជា​មួយ​យន្តហោះ Boeing Business Jet ផង​ដែរ។

Bombardier

មាន​មនុស្ស​តិច​ណាស់​ដែល​ស្គាល់​ឈ្មោះ​ក្រុមហ៊ុន​ផលិត​យន្តហោះ​នេះ ប៉ុន្តែ Bombardier ជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​ធំ​លំដាប់​ទី​បី។ ទីស្នាក់ការ​របស់​ក្រុមហ៊ុន​នេះ​មាន​ទីតាំង​នៅ​ខេត្ត​ Québec ប្រទេស​កាណាដា ដែល​មាន​បុគ្គលិក​សរុប ៦៦ ០០០ នាក់ គិត​ត្រឹម​ឆ្នាំ ២០១៧។ ក្រៅ​ពី​​ប្រឡូក​ក្នុង​ជំនួញ​ផលិត​យន្តហោះ ក្រុមហ៊ុន​នេះ​ក៏​​មាន​ជំនួញ​ទាក់​ទង​នឹង​បច្ចេកវិទ្យា​ផ្លូវ​រថភ្លើង​ផង​ដែរ។

Embraer

​​​Embraer បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​ដ៏​សំខាន់​មួយ តាម​រយៈ​ការ​ផ្ដោត​ទៅ​លើ​ទីផ្សារ​ជាក់​លាក់​មួយ ដែល​មាន​ការ​រីកចម្រើន​លើ​ផ្នែក​ហោះ​ហើរ។ ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ São José dos Campos ប្រទេស​ប្រេស៊ីល​ ដោយ​គិត​ត្រឹម​ឆ្នាំ ២០១៤ មាន​បុគ្គលិក ១៩ ១១៦ នាក់។ គិត​ចាប់​ពី​ឆ្នាំ ១៩៩៦ មក ​​Embraer ផលិត​យន្តហោះ​ឲ្យ​ក្រុមហ៊ុន​អាកាសចរ​ជា​ច្រើន​សរុប​បាន​ប្រហែល ៣ ៣០០ គ្រឿង។

Tupolev

​Tupolev ជា​ក្រុម​ផលិត​យន្តហោះ​របស់​រុស្សី​ដែល​មាន​ទីស្នាក់ការ​នៅ​រដ្ឋធានី​មូស្គូ ប្រទេស​រុស្សី ដែល​មាន​ជំនាញ​​ផលិត​ទាំង​យន្តហោះ​ដឹក​អ្នក​ដំណើរ និង ​ផលិត​បាន​ទាំង​យន្តហោះ​យោធា។ ​កន្លង​មក​ក្រុមហ៊ុន​​​ផលិត​យន្តហោះ​គ្រប់​ប្រភេទ​បាន​ចំនួន ១៨ ០០០ គ្រឿង ទៅ​ឲ្យ​សហភាព​សូវៀត និង លោក​ខាង​​កើត។ គិត​ត្រឹម​ឆ្នាំ ២០១១ Topolev មាន​បុគ្គលិក​ចំនួន ៣ ៥២៤ នាក់៕​​​​​

ចុចអាន៖

ប្រភព៖ AviationKnowledge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី