3D Animation អ្នកចេះតិច ឱកាស​ការងារ​ខ្ពស់ ចង់​រៀន​ទាល់មាន​ឆន្ទៈ​ខ្ពស់

  • 2017-07-05 07:49:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ចំណោម​មុខវិជ្ជា​ជា​ច្រើន ដែល​សិស្ស​និស្សិត​កំពុង​សិក្សា នៅ​តាម​សាកលវិទ្យាល័យ​នានា 3D Animation ជា​ជំនាញ​ថ្មី​មួយ​ទៀត។ ជា​ជំនាញ​មាន​​សក្ដានុពល​ខ្ពស់​សម្រាប់​ទីផ្សារ​ការងារ មាន​សាលា​មិន​ច្រើន​ទេ​ដែល​មាន​ការ​បណ្ដុះបណ្ដាល​មុខវិជ្ជា 3D Animation ដល់​សិស្ស​និស្សិត​កម្ពុជា។

​លោក ហៀង ស៊ូហាន សាស្ត្រាចារ្យ​និង​ជា​អ្នក​គ្រប់គ្រង​នៅ​វិទ្យាស្ថាន ស៊ី ហ្គេក ជាវិទ្យាស្ថាន​ដែល​ផ្តោត​លើ​ការ​បណ្ដុះបណ្ដាល​មុខ​ជំនាញ 3D Animation ចាប់​តាំង​ពី​ឆ្នាំ ២០០៦ បាន​បកស្រាយ​លើ​ការ​សិក្សា​ជំនាញ 3D Animation ដល់​ប្រិយមិត្ត​ និង​​មិត្ត​អ្នក​សិក្សា​​ដើម្បី​សិក្សា​ស្វែង​យល់។

Sabay៖ តើ​​ជំនាញ 3D Animation គេ​សិក្សា​យ៉ាង​ដូចម្ដេច ហើយ​ការ​សិក្សា​មាន​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ?

សាស្ត្រាចារ្យ៖ ជំនាញ 3D Animation គេ​សិក្សា​ផ្តោត​សំខាន់​ទៅ​លើ​ការ​បង្កើត​ភាពយន្ត​គំនូរជីវចល 3D,​ Spot Commercial, 3D Film ជាដើម។ ជំនាញ​នេះ​គេ​សិក្សា​អំពី​ការ​គូស ដែល​មាន​ការ​គូស​ជា​រូប​តួអង្គ, គូស​ជា​សាច់​រឿង, ដាក់​ពណ៌​ដាក់​ពន្លឺ, បច្ចេកទេស​នៃ​ការ​ថត, បច្ចេកទេស​នៃ​ការ​បញ្ចូល 3D ទៅ​ក្នុង​វីដេអូ, បច្ចេកទេស​នៃ​ការ​ចង​ឆ្អឹង​ឲ្យ​តួអង្គ, តិចនិក​នៃ​ការ​ធ្វើ​ចលនា​ឲ្យ​តួអង្គ រួមមាន​មុខវិជ្ជា​ជា​ច្រើន​ទៀត​ដែល​ត្រូវ​សិក្សា។ ជំនាញ 3D Animation ការ​សិក្សា​អាច​មាន​រយៈពេល ១៨ ខែ, ២ឆ្នាំ និង ៤ឆ្នាំ។

Sabay៖ តើ​អ្វី​ជា​សក្ដានុពល​​ក្នុង​ការ​ជ្រើសរើស​ជំនាញ​នេះ​សិក្សា បើ​ប្រៀបធៀប​មុខ​ជំនាញ​ដទៃ​ទៀត?

សាស្ត្រាចារ្យ៖ ជំនាញ 3D Animation ជា​ជំនាញ​មួយ​ដែល​មាន​សក្ដានុពល​ណាស់​នា​ពេល​បច្ចុប្បន្ន បើ​ប្រៀបធៀប​មុខ​ជំនាញ​ដទៃ​ទៀត ដែល​មាន​សក្ដានុពល​ដូចគ្នា​ ពីព្រោះ​អ្នក​ដែល​មាន​ជំនាញ 3D Animation អាច​ធ្វើការ​បាន​ច្រើន​មុខ​ណាស់​ដូចជា៖ បង្កើត​គំនូរ​ជីវចល, បង្កើត​ជា​ភាពយន្ត, បង្កើត​ស្ពត​ពាណិជ្ជកម្ម រួម​ទាំង​វិស័យ​ជាច្រើន​ទៀត​ដែល​ទាក់ទង​សិល្បៈ ហើយ​កំពុង​តែ​រីកចម្រើន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេសខ្មែរ​យើង​សព្វថ្ងៃ។

Sabay៖ តើ​អាច​មាន​បញ្ហា​ប្រឈម​ណា​ខ្លះ​សម្រាប់​ការ​សិក្សា​ជំនាញ​​នេះ​ ​ដែល​អាច​នាំ​ឲ្យ​និស្សិត​បោះបង់​ចោល​ការ​សិក្សា​កណ្ដាល​ទី?

សាស្ត្រាចារ្យ៖ ប្រាកដ​ណាស់ ការ​សិក្សា​ជំនាញ​អ្វី​ក៏​ដោយ​ក៏​មាន​ឧបសគ្គ​ដែរ។ យ៉ាងណាមិញ ការសិក្សា​ជំនាញ 3D Animation នេះ​ក៏​មិន​ខុស​គ្នា​ដែរ។ វា​ត្រូវការ​ភាព​អត់ធ្មត់ ព្យាយាម​និង ការ​អនុវត្តន៍​ច្រើន។ ឧទាហរណ៍ ការ​សិក្សា​មុខវិជ្ជា​គូរ​រូប, ដំឡើង​រូប​តួអង្គ, ចង​ឆ្អឹង​និង​បង្កើត​ចលនា​ឲ្យ​តួអង្គ សិក្សា​​ត្រូវការ​ភាព​អត់ធ្មត់ និង​ការ​អនុវត្តន៍​ច្រើន​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ទទួល​បានជោគជ័យ។ បើ​និស្សិត​គ្មាន​ការ​ព្យាយាម អត់ធ្មត់​និង​មាន​ពេល​អនុវត្តន៍​​ច្រើន​ទេ និស្សិត​មិន​អាច​សិក្សា​បាន​ល្អ និង​អាច​បោះចោល​ការ​សិក្សា​កណ្ដាល​ទី​ជា​មិនខាន។

Sabay៖ តើការ​សិក្សា​ជំនាញ​នេះ​​ត្រូវ​មានការ​ត្រៀមខ្លួន និង​មាន​ចំណេះដឹង​មូលដ្ឋាន​អ្វី​ខ្លះ​?

សាស្ត្រាចារ្យ៖ ជា​ការ​ពិត​ណាស់​ សិស្សនិស្សិត​​ដែល​ចង់​រៀន​ជំនាញ​នេះ ទោះជា​គ្មាន​មូលដ្ឋាន​ក៏​អាច​សិក្សា​បាន​ដែរ ឲ្យ​តែ​មាន​ឆន្ទៈ​ស្រលាញ់​និង​ការ​ព្យាយាម។ តែ​ល្អ​បំផុត​សិស្ស​ដែល​ចង់​រៀន​ជំនាញ 3D Animation គួរ​មាន​មូលដ្ឋាន​ខ្លះៗ​ខាង​គូរ​រូប ដែល​វា​នឹង​ធ្វើ​ឲ្យ​ការ​សិក្សា​មាន​ដំណើរការ​ល្អ និង​រលូន​ទៅ​មុខ។

Sabay៖ ក្រៅ​ពី​ស៊ីហ្គេក មាន​គ្រឹះស្ថាន​សិក្សា​​ណា​ខ្លះ​ទៀត​ ដែល​កំពុង​បណ្ដុះបណ្ដាល​ជំនាញ 3D Animation?

សាស្ត្រាចារ្យ៖ ក្រៅ​ពី​វិទ្យាស្ថាន ស៊ី​ ហ្គេក នៅ​ក្នុង​ប្រទេស​យើង​សព្វថ្ងៃ​មាន​គ្រឹះស្ថាន​មួយ​ចំនួន ដែរ​ដែល​កំពុង​បណ្ដុះបណ្ដាល​ជំនាញ 3D Animation ដល់​សិស្ស​និស្សិត​ដូចជា Objectif 3D, Limkokwing តែ​គ្រឹះស្ថាន​ជនជាតិ​ខ្មែរ​បង្កើត មាន​តែ​វិទ្យាស្ថាន ស៊ី​ ហ្គេក​តែមួយ​គត់​ដែល​កំពុង​បណ្ដុះបណ្ដាល​ជំនាញ 3D Animation នេះ។

Sabay៖ តើ​សាស្រ្តាចារ្យ​អាច​ជួយ​បង្ហាញ​​​ពី​ដំណើរ​ការ​សិក្សា​ជំនាញ​ 3D Animation នៅ​ស៊ីហ្គេក?

នៅសាលាស៊ីហ្គេក ការ​សិក្សា​ឆ្នាំ​ដំបូង គេ​ផ្តោត​សំខាន់​លើ​ការ​គូរ​រូប, ដំឡើង​រូប​តួអង្គ, បំពាក់​ពណ៌ Texture ឲ្យ​តួអង្គ។ ចូល​ដល់​ឆ្នាំទី២ ចាប់ផ្ដើម​សិក្សា​ពី​ការ​ចង​ឆ្អឹង, សិក្សា​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ធ្វើ​ចលនា​រូបភាព និង​ម៉ូហ្សិន។ ឆ្នាំទី៣ និង​ទី​៤ សិក្សា​ពី​តិចនិក​នៃ​ការ​ធ្វើ​ចលនា​ដាយណាមិច, វីហ្សូល​អេហ្វិច, ម៉ូហ្សិន​ខាប់ឆើ និង​ធ្វើ​សារណា​បញ្ចប់​ការ​សិក្សា។

Sabay៖ តើ​ការ​រីក​ដុះដាល​នៃ​វិស័យ Animation បាន​រួម​ចំណែក​យ៉ាង​ណា​ខ្លះ​​សម្រាប់​សិក្សា​ជំនាញ 3D Animation?

សាស្ត្រាចារ្យ៖ ការ​រីក​ដុះដាល​នៃ​វិស័យ Animation បាន​រួម​ចំណែក​យ៉ាង​ខ្លាំង​ដល់​ការ​សិក្សា​ជំនាញ Animation។ និស្សិត​ដែល​សិក្សា​ជំនាញ​នេះ ​មាន​ឱកាស​ការងារ​ខ្ពស់។

Sabay៖ តើ​​លោក​មើល​ឃើញ​បច្ចេកវិទ្យា 3D Animation ចាប់ផ្ដើម​វិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​ពេល​ណា ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​អភិវឌ្ឍ​បែប​ណា​ដែរ​នា​ពេល​ បច្ចុប្បន្ន បើ​ប្រៀបធៀប​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក?

សាស្ត្រាចារ្យ៖ បើ​តាម​ដែល​ខ្ញុំ​ដឹង​ក្នុង​ប្រទេស​កម្ពុជា​យើង ការ​អភិវឌ្ឍ​វិស័យ​ Animation ចាប់ផ្ដើមក្នុង​​ឆ្នាំ ២០០០។ ​វា​​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ ដែល​ត្រូវ​បាន​​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ស្ទើរ​គ្រប់​វិស័យ ជាពិសេស​លើ​វិស័យ​សិល្បៈ​កម្សាន្ត, ស្ពត​ពាណិជ្ជកម្ម, វិស័យ​ភាពយន្ត, វិស័យ​គំនូរជីវចល។

ទោះជា​នៅ​ក្នុង​ប្រទេស​​យើង​​ វិស័យ 3D Animation កំពុង​​រីក​ដុះដាល​ប៉ុន្តែ​វា​ស្ថិត​នៅ​ដំំណាក់​កាល​សិក្សា​នៅឡើយ។ វា​ត្រូវការ​ពេលវេលា​យូរ​ទៀត ដើម្បី​ធនធានប្រទេស​យើង​មាន​​សមត្ថភាព និង​ប្រកួតប្រជែងជាមួយ​ប្រទេសជិត​ខាង​ក្នុង​តំបន់​និង​នៅលើពិភពលោក។

Sabay៖ ចុងក្រោយ លោក​មាន​ពាក្យ​ពេចន៍​អ្វី​ផ្ដាំ​ផ្ញើ​ដល់​មិត្ត​និស្សិត​ ដែល​កំពុង​សិក្សា​និង​ចង់​ចាប់​​ជំនាញ 3D Animation សិក្សា?

សាស្ត្រាចារ្យ៖ ជាចុងក្រោយ​ខ្ញុំ​មាន​ពាក្យ​ពេចន៍​ខ្លះៗ​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ 3D Animation សូម​សម្រេចចិត្ត​ឲ្យ​បាន​ច្បាស់​។ 3D Animation ជា​ជំនាញ​មួយ​ដែល​កំពុង​មាន​ទីផ្សារ​ការងារ​ខ្ពស់ ​អាច​រក​ចំណូល​បាន​ច្រើន​នា​ពេល​បច្ចុប្បន្ន​និង​អនាគត។

បញ្ជាក់៖ អត្ថបទ​ផ្សាយ​ឡើង​វិញ

ចុច​អាន

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី