កីឡាហែលទឹកកម្ពុជាបញ្ជូនថ្នាល៧រូប ទៅ Asean School Games
- 2017-07-13 03:07:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាហែលទឹកកម្ពុជាបញ្ជូនថ្នាល៧រូប ទៅ Asean School Games
ចន្លោះមិនឃើញ
សហព័ន្ធខ្មែរកីឡាហែលទឹកបញ្ជូនកីឡាករ កីឡាការិនី៧រូប ដើម្បីទៅចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Asean School Games នៅប្រទេសសិង្ហបុរីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៧ខាងស្អែកនេះ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹកបានឲ្យដឹងថា នេះជាលើកទី២ហើយដែលសហព័ន្ធបានបញ្ជូនអត្តពលិកទៅចូលរួមកម្មវិធី Asean School Games ហើយអត្តពលិកទាំង៧រូបនេះសុទ្ធតែក្មេងៗ អាយុច្រើនបំផុតគឺត្រឹម១៥ឆ្នាំ ខណៈអាយុតិចបំផុតគឺ១៣ឆ្នាំ។
អគ្គលេខាធិការរូបនេះបន្តទៀតថា ក្រសួងអប់រំផ្ដល់ឱកាសឲ្យយុវជនថ្នាលចេញទៅប្រកួតនេះ ជាការល្អមួយសម្រាប់ពួកគេស្វែងរកបទពិសោធថ្មីបន្ថែមទៀត តាមរយៈការប្រកួតជាលក្ខណៈអន្តរជាតិដូចនេះ។ ពួកគេអាចដឹងពីររៀបនៃការប្រកួតដែលមានច្រើនជាតិសាសន៍ អាចដឹងពីរបៀបនៃការប្រមូលអារម្មណ៍ ការតាំងចិត្តប្រកួត និងជាពិសេសគឺការរៀបចំខ្លួនដើម្បីចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ។ សម្រាប់ការប្រកួតនេះដែរ លោកសង្ឃឹមថាយុវជនថ្នាលទាំងនោះនឹងធ្វើបានល្អអាចនាំជ័យជម្នះជូនកម្ពុជាផងដែរ។
សូមបញ្ជាក់ថាក្រៅពីសហព័ន្ធកីឡាហែលទឹកក៏មានសហព័ន្ធ៤ផ្សេងទៀតដែរ ដែលបានបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួន សរុបទាំងអស់មាន៥២នាក់ ទៅចូលរួមក្នុងកម្មវិធី Asean School Games លើកទី៩ នៅប្រទេសសិង្ហបុរី ហើយនឹងចាប់ផ្ដើមប្រកួតនៅថ្ងៃស្អែកនេះ៕