ប្រើប្រាស់​បណ្ដាញ​សង្គម​មិន​ត្រឹមត្រូវ​ ប្រឈម​ផ្លូវ​ច្បាប់?

  • 2017-08-03 06:48:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ​អ្នក​ដែល​សកម្ម​ក្នុង​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មាន​ចំនួន​ជិត​ ៥លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ តើ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដឹង​ទេ​ថា ​ត្រូវ​ជៀសវាង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​បែប​ណា​ដើម្បី​កុំ​ឲ្យ​ប្រ​ឈម​មុខ​នឹង​ផ្លូវ​ច្បាប់​?

នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​ផ្នែក​ព័ត៌មាន លោក មឿន ឈាន​ណារិទ្ធិ ណែ​នាំ​ថា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជៀស​វាង​ចែក​រំលែក​ឬ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​បែប​ជេរ​ប្រមាថ​ មួល​បង្កាច់ ញុះញង់ ឬ​ព័ត៌មាន​ចចាមអារ៉ាម​ផ្សេងៗ។ លោក​ថា​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ទាំងនេះ​អាច​ធ្វើ​ឲ្យ​អ្នក​ផ្សព្វ​ផ្សាយ​ ឬ​ចែក​រំលែក​បន្ត​ប្រ​ឈម​មុខ​នឹង​ផ្លូវ​ច្បាប់។​​

តាម​ក្រម​ព្រហ្មទណ្ឌ​ត្រង់​មាត្រា​ ៤២៥ ​ចែង​ថា​ ត្រូវ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ ទៅ​ពី​រ​ឆ្នាំ​ និង​ពិន័​យ​ជា​ប្រាក់​ពី​ ពីរ​ទៅ​បួន​លាន​រៀល ​អំពើ​ផ្ដល់ ឬ​បើក​កកាយ​ព័ត៌មាន​ក្លែង​ក្លាយ​ដើម្បី​ធ្វើឲ្យ​ជឿថា​នឹង​កើត​មាន​ឡើង​នូវ​ការ​បំផ្លិច​បំផ្លាញ​ ការ​ធ្វើ​ឲ្យ​ទ្រុឌ​ទ្រោម ឬ​ការ​ធ្វើ​ឲ្យ​ខូច​ខាត​ ប្រ​កប​ដោយ​គ្រោះ​ថ្នាក់​ចំពោះ​មនុស្ស។​

ដោយ​ឡែក​ចំពោះ​ព័ត៌មាន​ដែល​មាន​លក្ខណៈ​ញុះញង់​​បង្ក​ឲ្យ​មាន​បទឧក្រិដ្ឋ​ជា​អាទិ​វិញ ត្រង់​មាត្រា​៤៩៥ ចែងថា​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ប្រាំ​មួយ​ខែ ទៅ​ពីរ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​លាន​ទៅ​បួន​លាន​រៀល។

ចំពោះ​ការ​ជេរ​ប្រមាថ​ជា​សាធារណៈ​តាម​រយៈ​ពាក្យ​សម្តី លិខិត ឬ​តាម​មធ្យោបាយ​​ទូរគមនាគមន៍​ សោតទស្សន៍​សាធារណៈ វិញ​ត្រង់​មាត្រា​ ៣០៧ ចែង​ថា ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​ ១សែន ដល់​១០​លាន​រៀល។​​​​​

អ្នក​នាំ​ពាក្យ​ក្រ​សួង​យុត្តិ​ធម៌​ ឯឧត្តម គឹម សន្តិភាព បាន​ណែនាំ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​កាលពី​ដើម​សប្តាហ៍​នេះ​ថា​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មិន​ត្រូវ​ផ្សព្វ​ផ្សាយ​នូវ​ព័ត៌មាន​ណា​ដែល​ជា​ពាក្យ​ចចាមអារ៉ាម​ ​ឬ​គ្មាន​ប្រភព​ច្បាស់​លាស់​។ លោក​ថា​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ទាំងនេះ​អាច​បង្ក ឲ្យ​មាន​ការ​ភាន់​ច្រឡំ ឬ​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​ជា​យថា​ហេតុ។

ឯកឧត្ដម​សរសេរ​ថា៖ «​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​ចង់​មិន​ចង់​ត្រូវ​ជាប់​ជំពាក់​​ការ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​លើ​ការ​ផ្សព្វ​ផ្សាយ​របស់​ខ្លួន​...​សូម​ចូល​រួម​ទប់​ស្កាត់​នូវ​ព័ត៌មាន​នានា​ដែល​មាន​ចេតនា​ទុច្ចរិត​ក្នុង​សង្គម​»​។

កាល​ពី​សប្ដាហ៍​មុន​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ពីរ​នាក់​ត្រូវ​​បាន​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​​ដោយ​សារ​តែ​ពួកគាត់​ជាប់​សង្ស័យ​ថា​បាន​បង្ហោះ​ព័ត៌មាន​មិន​ពិត​ទាក់ទង​នឹង​ការ​ចាប់​ក្មេង​នៅ​តាម​បណ្ដា​ខេត្ត។ បុរស​ម្នាក់​នៅ​ក្នុង​ខេត្ត​កំពង់ធំ​ត្រូវ​ចៅក្រម​ស៊ើប​សួរ​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​បទ​​ «ក្លែង​ព័ត៌មាន​ន» តាម​ក្រម​ព្រហ្ម​ទណ្ឌ​មាត្រា​ ៤២៥​។

បើ​តាម​របាយ​ការណ៍​របស់​ការិយាល័យ​ប្រ​ជា​សាស្ត្រ​របស់​សហរដ្ឋ​អាមេរិក ​ចេញផ្សាយ​កាលពី​ខែ​មករា ឆ្នាំ២០១៧ កម្ពុជា​មាន​អ្នកប្រើ​ប្រើប្រាស់​អ៊ីនធឺណិត​ប្រមាណ​ជា ៧លាន​នាក់ និង​អ្នក​ដែល​សកម្ម​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មាន​ចំនួន​​ ៤,៩​លាន​នាក់ ក្នុង​ចំណោម​ប្រ​ជា​ជន​កម្ពុជា​ជិត ១៦​លាន​នាក់៕

អត្ថបទ៖ ទូច សុខា